នៅក្នុងការវាយប្រហារ តាមដែនអាកាសទៅលើក្រុមភេរវកម្ម នៅក្នុងប្រទេសស៊ីរី មន្ត្រីស៊ីរីបានបញ្ជាក់ថា៖ មានពលរដ្ឋស្លូតត្រង់៤០នាក់ស្លាប់ នៅក្នុងការវាយប្រហារ ។ ប៉ុន្តែក្រសួងការពារជាតិអាមេរិក បានចេញមកបញ្ជាក់ថា គ្មានពលរដ្ឋស្លាប់ឡើយ ។
សារព័ត៌មាន Sputnik នៅថ្ងៃ ២១ខែវិច្ឆិកាបានផ្សាយថា៖ ប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងប្រទេសស៊ីរីដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានប្រព្រឹត្តទៅចំនួន ១៩លើក ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១៦ និងទី១៧ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ និងបានផ្តាច់ជីវិតជនស៊ីវិលសរុបជាង ៤០នាក់។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក Rob Manning បានបញ្ជាក់ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្តាហ៍នេះថា «ប្រតិបត្តិការយោធានៃក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងចំនួន ១៩លើក នៅក្នុងតំបន់ Hajin នៃខេត្ត Deir ez-Zor ទឹកដីស៊ីរី ចាប់តាំងពីវេលាម៉ោង ១១៖០០យប់ថ្ងៃទី១៦ ខែវិច្ឆិកា រហូតដល់ម៉ោង ៤៖៣០នាទីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨…»។
គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុម ISIS នៅក្នុងទឹកស៊ីរីលើកនេះ ក្រសួងការពារជាតិអាមេរិកបានអះអាងថា មិនបានបណ្តាលឲ្យជនស៊ីវិលណាម្នាក់បាត់បង់ជីវិត ឬរងរបួសនោះឡើយ ប៉ុន្តែសារព័ត៌មានរដ្ឋស៊ីរី Sana បានចេញផ្សាយកាលពីចុងសប្តាហ៍មុននេះថា ជនស្លូតត្រង់ជាង ៤០នាក់ ត្រូវបានសម្លាប់ដោយសារតែការទម្លាប់គ្រាប់បែក ពីសំណាក់ក្រុមចំរុះដឹកនាំដោយអាមេរិក៕
ដោយ៖ មែវ សាធី