ភ្នំពេញ៖ លោក កោ វណ្ឌី អនុ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអ្នក កាន់ផេកហ្វេកប៊ុកផ្លូវការរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងម្នាក់ ទៀតជាជំនួយការផ្ទាល់របស់លោក ហុង សុខហួរ ដើម្បីយកមកអនុវត្ដតាមនីតិ វិធីពាក់ព័ន្ធនឹងការចូលរួមសមគំនិត ក្នុងការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា- វៀតណាមដែលបង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្ដិសុខសង្គម ។
ប្រភពពីមន្ដ្រីតុលាការបានឱ្យដឹងថា លោក កោ វណ្ឌី អនុប្រធានសាលាដំបូង រាជធានីភ្នំពេញនិងជាចៅក្រមស៊ើបសួរកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ អ៊ុង ជុងលាង ជា អ្នកកាន់ផេកហ្វេកប៊ុកលោក សម រង្ស៊ី និងជនត្រូវចោទឈ្មោះ សត្យា សម្បត្ដិ ឬសម្បត្ដិ សត្យា ជាជំនួយការផ្ទាល់ របស់លោក ហុង សុខហួរ ដែលបច្ចុប្បន្ន លោក ហុង សុខហួរ កំពុងត្រូវបានឃុំខ្លួន ក្នុងពន្ធនាគារព្រៃស ។ ដីកាបង្គាប់ឱ្យ ចាប់ខ្លួននេះទើបត្រូវបានផ្សព្វផ្សាយនៅ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ ។
មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ ដដែលបានឱ្យដឹងទៀតថា ជនត្រូវចោទ ទាំង២នាក់នេះត្រូវបានសាលាដំបូងរាជធានីចោទប្រកាន់ពីបទសមគំនិតក្នុង អំពើក្លែងបន្លំឯកសារសាធារណៈ ប្រើ ប្រាស់ឯកសារ សាធារណៈក្លែង និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គមដែលមានចែងឱ្យផ្ដន្ទា ទោសតាមមាត្រា២៩ មាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥នៃក្រម ព្រហ្មទណ្ឌប្រព្រឹត្ដនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ។ ជនត្រូវចោទទាំង២នាក់ នេះបានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ ។
គួរបញ្ជាក់ថា លោក សម រង្ស៊ី ក៏ ជាប់ចោទក្នុងសំណុំរឿងនេះដែរហើយ ត្រូវបានតុលាការបង្គាប់ឱ្យចូលមក តុលាការនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះ ដើម្បីសាកសួរពីដំណើរសមគំនិតក្នុង អំពើក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀត ណាមឆ្នាំ១៩៧៩ដែលបង្កឱ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម ៕
ដោយ៖ ហេង សូរិយា