ប្រទេសចិន៖ ការផ្ទុះរោងចក្រផលិតគ្រឿងយន្ត នៅខេត្ត Jinlin សាជាថ្មីម្តងទៀត ធ្វើឲ្យគេគិតដល់ពីសុវត្ថិភាព ការងានៅតាមបណ្តាក្រុមហ៊ុនធំៗ ទូទាំងប្រទេសចិន ចាប់តាំងពី មានហេតុការណ៍ផ្ទុះនៅកំពង់ផែ Tianjin បំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើន ។
គិតមកដល់ពេលនេះ មានមនុស្ស ២នាក់ស្លាប់ និង ២៤នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះរោងចក្រ ផលិតរថយន្ត នៅក្នុងប្រទេសចិន ។ កម្លាំងជំនាញកំពុងបើកការស្រាវជ្រាវពីមូលហេតុហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង។
សារព័ត៌មាន Sputnik បានផ្សាយថា ហេតុការណ៍ ផ្ទុះខាងលើកើតឡើងនៅវេលាម៉ោង២៣និង៤០នាទី ថ្ងៃទី២៣ខែវិច្ឆិកា(ម៉ោងក្នុងតំបន់) ស្ថិតនៅក្នុងស្រុក Dongfang ខេត្តJilin ប្រទេសចិន ។ នៅពេលមានហេតុការផ្ទុះកើតឡើង មានមនុស្សជាច្រើននៅក្នុងរោងចក្រ។ ក្រុមពន្លិតអគ្គីភ័យជាង ២២០នាក់បានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីគ្រប់គ្រងស្ថានភាព ហើយក្រុមគ្រូពេទ្យ ជាង៨០នាក់ ក៏បានទៅកាន់កន្លែងកើតហេតុដើម្បីសង្គ្រោះបន្ទាន់អ្នករងរបួស ។
នៅក្នុងសេចក្តីប្រកាស មន្ត្រីរដ្ឋាភិបាលនៅក្នុងតំបន់ បានឲ្យដឹងថា គិតមកទល់ពេលនេះ មានមនុស្ស ២នាក់ស្លាប់ និង ២៤នាក់រងរបួស បានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីពេទ្យ ក្រោយការផ្ទុះបង្ករឲ្យមានគ្រោះអគ្គីភ័យជាទ្រង់ទ្រាយធំនៅក្នុងរោងច័ក្រ។
សារព័ត៌មាន China Daily បានផ្សាយថា ហេតុការផ្ទុះខាងលើ កើតឡើងនៅក្នុងរោងចក្រផលិតរថយន្ត Jiangcheng ។ ផ្ទះដល់ទៅ៤១ខ្នងនៅក្បែរនៅរងការខូចខាត ដោយសារតែកម្លាំងផ្ទុះខ្លាំងពេក ។
បច្ចុប្បន្នស្ថានភាពត្រូវបានគ្រប់គ្រង ហើយមន្ត្រីជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ។ ប៉ុន្តែលទ្ធផលនៃការស្រាវជ្រាវជាបឋម គឺមិនមែនជាការវាយប្រហារភេរវកម្មនោះឡើយ គឺជាគ្រោះថ្នាក់តែប៉ុណ្ណោះ។
តាមតួលេខផ្លូវការ ចិនមានពលរដ្ឋ ជិត ១,៤ពាន់លាននាក់ ប៉ុន្តែមានកម្លាំងពន្លត់អគ្គិភ័យ ស្ថិតនៅក្របខណ្ឌរដ្ឋ មានតែ ១៥០.០០០នាក់ប៉ុណ្ណោះ និង ១១៥.៨០០នាក់ធ្វើការតាមបែប កុងត្រា ។ ចំនួនក្រុមពន្លិតអគ្គិភ័យគឺនៅមានតិចជាង អាមេរិក ដែលមានពលរដ្ឋតែជាង៣០០លាននាក់ប៉ុណ្ណោះ ។ អាមេរិក មានក្រុមពន្លិតអគ្គីភ័យមានរហូតដល់ទៅជាង៣សែននាក់ ដែលមានប្រាក់ខែដល់ទៅ៤៨.៧៥០ ដុល្លារ ក្នុងមួយខែ៕
ដោយ៖ មែវ សាធី