សារព័ត៌មាន Monde របស់បារំាង បានផ្សាយថា៖ កម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្ស ៨នាក់ ពាក់ព័ន្ធ និង បាតុកម្មប្រឆាំងតម្លៃប្រេងឡើងថ្លៃបង្ករឲ្យមានអំពើហឹង្សា នៅទីក្រុងប៉ារីស ។ ប្រភពព័ត៌មានបានឲ្យដឹងថា៖ អ្នកដែលបានចាប់ខ្លួន គឺដោយមូលហេតុ បង្ករហឹង្សាជាមួយ កម្លាំងប៉ូលិស ។
នៅក្នុងអំពើហឹង្សានោះ បណ្តាលឲ្យប៉ូលិស ៣នាក់រងរបួស ពេលកំពុងតែបំពេញការងា រារាំង ក្រុមបាតុករ ដែលគប់ដុំថ្ម ទៅលើប៉ូលិស នឹងដុតបំផ្លាញសម្ភារៈ បង្ករឲ្យមានភាពចលាចល។
បាតុកម្មកើតឡើងក្រោយពេល តម្លៃប្រេងសាំងឡើងថ្លៃនៅទូទាំងប្រទេស ។
នៅកណ្តាលទីក្រុងប៉ារីស កម្លាំងសន្តិសុខ បានបង្ខំចិត្ត ប្រើប្រាស់ឧស្ម័នបង្ហូទឹកភ្នែក បំបែកហ្វូងបាតុករដែលបានដង្ហែរក្បួនសម្តៅ ទៅ តំបន់ហាមឃាត់ Place De la Concorde ។
តាមមន្ត្រីប៉ូលិសបានរំាងបានឲ្យដឹងថា៖ មានបាតុករប្រមាណជាង ២៣ពាន់នាក់ចូលរួមនៅក្នុងមហាបាតុកម្ម ទូទាំងប្រទេស ក្នុងនោះមាន ៨ពាននាក់នៅក្នុងទីក្រុងប៉ារីស និង៥ពាន់នាក់នៅមហាវិធី Champs Elysees ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ បាតុករប្រឆាំង ខាងលើកើតឡើងក្រោយពេលរដ្ឋាភិបាលបារាំង បានប្រកាសថា ចាប់តាំងពីថ្ងៃទី ១ខែមករាឆ្នាំ ២០១៩ តម្លៃប្រេងសំាង នឹងឡើងថ្លៃបន្ថែម ២,៩ សេនអឺរ៉ូ ,ចំណែក ប្រេង ម៉ាស៊ុត Diesel ឡើងថ្លៃបន្ថែម៦,៥សេនអឺរ៉ូ(eurocent)ក្នុងមួយលិត្រ ។ នៅក្នុងឆ្នាំ ២០១៨នេះ តម្លៃប្រេងសាំងក៏បានកើតឡើង រហូតដល់ទៅ ១៥ភាគរយ ចំណែក ប្រេងម៉ាស៊ុត ឡើងដល់ ២៣ភាគរយៈ៕
ដោយ៖ មែវ សាធី