មេដឹកនាំ គីម ជុងអ៊ុន ពិតជាមានបំណងដោះដូរការលុបបំបាត់បរមាណូ ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍

ចែករំលែក៖

អ្វីដែលមេដឹកនាំកូរ៉េខាងជើងបានធ្វើឲ្យពេលនេះ គឺជាការបង្ហាញនៅចេតនាពិតប្រាកដក្នុងការ បោះបង់អាវុធបរមាណូ ដើម្បីទទួលបានសន្តិភាពពេញលេញ នឹងជួយបង្កើនជីវភាពរស់នៅរបស់ពលរដ្ឋ ។ នៅពេលនេះ មេដឹក នាំ គីមជុងអ៊ុន បានយលព្រមឲ្យ ក្រុមសង្កេតការណ៍អន្តរជាតិ ចូលទៅត្រួតពិនិត្យទីតាំង បរមាណូ​ Yongbyon ។

ប្រភពព័ត៌មានពីមន្ត្រីកូរ៉េខាងជើង ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា «តាមអ្វីដែលខ្ញុំបានដឹង នៅក្នុងជំនួប កាលពីខែកញ្ញាកន្លងមក រវាង មេដឹកនាំ គីម ជុងអ៊ុន និង ប្រធានាធិបតី ម៉ូនជេអ៊ីន មេដឹកនាំគីម ជុងអ៊ុន បានលើកឡើងថា ប្រសិនបើអាមេរិក បានសុឆន្ទះពិតប្រាកដនោះ កូរ៉េខាងជើង មិនត្រឹមតែបិទ ទីតាំងបរមាណូប៉ុណ្ណោះទេ ថែមទាំង អនុញ្ញាត្តិឲ្យក្រុមសង្កេតការណ៍អន្តរជាតិ ចូលទៅកាន់ ទីតាំងបរមាណូដើម្បីត្រួតពិនិត្យបញ្ចាក់ការពិត»។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេ អ៊ីន បានបញ្ចូនសារទាំងនោះ ទៅកាន់សមភាគីអាមេរិក ដូណាលត្រាំ ក្នុងជំនួប នៅទីក្រុងញ៉ូវយ៉ក អាមេរិក ។ នេះជាជំហានវិជ្ជមានមួយនៅក្នុងការឆ្ពោះទៅរកការរំសាយអាវុធបរមាណូទាំងស្រុង ដើម្បីដោះដូនឹងសន្តិភាព ពេញលេញដល់កូរ៉េខាងជើង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ។

ទំនាក់ទំនងរវាង អាមេរិក និងកូរ៉េខាងជើង មានសញ្ញាល្អប្រសើរ ក្រោយពេលដែល​មានជំនួបកំពូល រវាង លោក ដូណាលត្រាំ និងគីមជុងអ៊ុន កាលពីថ្ងៃទី​១២ខែមិថុនា​ ក្នុងប្រទេសសឹង្ហបុរី ។ មេដឹកនាំទាំងពីរបានចេញសេចក្តីប្រកាសរួម ក្នុងនោះ ទីក្រុងព្យុងយ៉ាងបានសន្យាថា​នឹង រំសាយអាវុធបរមាណូ ដើម្បីដោះដូរ ពីការធានាដល់សន្តិសុខពីរដ្ឋាភីបាលទីក្រុងវ៉ាស៊ីនតោន ។

ចំណុចសំខាន់បំផុត គឺ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាស ពីគោលបំណងបោះបង់អាវុធបរមាណូ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មានសុទិដ្ឋិនិយម មកលើកកូរ៉េខាងជើង ដោយលុបទណ្ឌកម្មទាំងឡាយ ។

ពេលថ្មីៗនេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចាប់ផ្តើមនូវយុទ្ធនាការ បង្កើនរូបភាព និងចក្ខុវិស័យអន្តរជាតិ ។ សារព័ត៌មានកូរ៉េខាងជើង ក៏បាន លើកឡើង ពីការសាងសង់រមណីយដ្ឋានទេសចរណ៍ដ៏សំខាន់ នៅ Wosan ជាទីក្រុងឆ្នេរសមុទ្រ នៅកូរ៉េខាងជើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ។ ទាំងនោះ ត្រូវបានគេចាត់ទុកថា ជាការរៀបចំ ស្វាគមន៍ភ្ញៀវទេសចរណ៍ ក្រោយកូរ៉េខាងជើង រួចផុតពីទណ្ឌកម្ម និងទទួលបានឯករាជ្យពិតប្រាកដ ។ ពេលនោះ អ្នកទេសចរណ៍ជុំវិញពិភពលោក នឹងសម្រុកចូលទៅកាន់ប្រទេសដ៏អាថ៌កំបាំងមួយនេះ ។

តាមសារព័ត៌មាន CNA ដំណើរវិវឌ្ឍន៍ឆ្ពោះទៅមុខរបស់កូរ៉េខាងជើង នឹងនាំមកនៅស្ថេរភាពដល់កូរ៉េខាងជើង បើប្រៀបធៀបនឹងការដឹកនាំជំនាន់មុនៗ របស់ជីតា និងឪពុក ។ ប្រទេសកូរ៉េខាងជើង នៅក្រីក្រ ហើយដើម្បីរក្សាលំនឹង កូរ៉េខាងជើង ចាំបាច់ត្រូវតែ បង្កើនជីវភាពរស់នៅរបស់ពលរដ្ឋ កាន់តែប្រសើរឡើង ។

ដើម្បីជួយដល់ជីវភាពរបស់ពលរដ្ឋ មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន នឹងត្រូវ បញ្ចុះបញ្ចូលពិភពលោក និងបង្ហាញពីភាពស្មោះត្រង់ នៅក្នុងការលះបង់អាវុធបរមាណូ ៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print