សារព័ត៌មានAFP បានផ្សាយថា ប្រធានាធិតីអ៊ុយក្រែន លោក Petro Poroshenko បានស្នើរដល់ ប្រទេសជាសមាជិកណាតូ ក្នុងនោះមាន អាល្លឺម៉ង់ បញ្ចូន នាវាចម្បាំង ទៅកាន់ដែនសមុទ្រ Azov ដើម្បីជួយដល់ទីក្រុង គីវក្នុងពេលដែលមាន បញ្ហា ប្រឈមមុខជាមួយរុស្ស៊ី ។
ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយសារព័ត៌មានBild របស់អាល្លឺម៉ង់ ប្រធានាធិបតី អ៊ុយក្រែន បញ្ចាក់ថា«អាល្លឺម៉ងគឺជាសម្ព័ន្ធមិត្ត ដ៏ជិតស្និតបំផុត របស់យើង ហើយយើងសង្ឃឹមថា បណ្តាប្រទេសជាសមាជិកណាតូ នឹងចូលរួមបញ្ចូន នាវា ចម្បាំងទៅកាន់ដែនសមុទ្រ Azov ដើម្បីជួយការពារសន្តិសុខ ដល់ ប្រទេសអ៊ុយក្រែន។
ជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ី លោក ពូទីនបានបញ្ចាក់ថា ពិតជារឿងត្រឹមត្រូវ ដែលរុស្ស៊ីបានចាប់នាវាចម្បាំងអ៊ុយក្រែន កាលពីចុងសប្តាហ៍កន្លងមក។ នៅពេលនោះអ៊ុយក្រែន បាចចោទប្រកាន់រុស្ស៊ីថាមានបំណងគ្រប់គ្រងដែនសមុទ្រ Azov ទាំងមូល។ អ្វីដែលត្រូវធ្វើនាពេលនេះ គឺលោកខាងលិចសាមគ្គី ប្រឆាំងសត្រូវ។ លើសពីនេះទៅទៀត ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានអះអាងដែរថា អ៊ុយក្រែនមិនអាចទទួលយកបានឡើយ ចំពោះទង្វើឈ្លានពានរបស់រុស្ស៊ីនៅក្នុងតំបន់គ្រីមៀ តំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន និងនៅតំបន់សមុទ្រ Azov រីឯអាល្លឺម៉ង់វិញគួរតែសួរខ្លួនឯងថា តើលោក ពូទីន នឹងធ្វើអ្វីបន្តទៀត បើសិនជាយើងមិនបញ្ឈប់លោកទេនោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានបើកការបាញ់ប្រហារ និងរឹបអូសនាវារបស់ខ្លួនចំនួនបីគ្រឿង ព្រមទាំងចាប់ខ្លួននាវិកជាច្រើននាក់ នៅក្នុងការប៉ះទង្គិចគ្នានៅឯច្រកសមុទ្រ Kerch ស្ថិតនៅចន្លោះសមុទ្រខ្មៅ និងសមុទ្រ Azov នៃតំបន់ឧបទ្វីបគ្រីមៀ។ មិនតែប៉ុណ្ណោះ ប្រឈមមុខនឹងរុស្ស៉ី អ៊ុយក្រែនបានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ អាជ្ញាសឹករយៈពេល ៣០ថ្ងៃនៅក្នុងតំបន់។ ចំណែកឯអង្គការណាតូវិញ បានបង្ហាញការគំាទ្រដល់រដ្ឋាភិបាលទីក្រុងកៀវ ដោយអំពាវនាវឱ្យទីក្រុងម៉ូស្គូ ដោះលែងនាវិក ២៤នាក់ និងនាវាបីគ្រឿងរបស់អ៊ុយក្រែនមកវិញ។
ប៉ុន្តែព្រមពេលជាមួយគ្នា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចោទលោក Poroshenko កំពុងប្រើប្រាស់សកម្មភាពបង្ករឿងនៅសមុទ្រ Azov និងច្បាប់អាជ្ញាសឹក ក្នុងចេតនាបង្កើនប្រជាប្រិយភាពរបស់ខ្លួន នៅមុខការបោះឆ្នោតក្នុងប្រទេសអ៊ុយក្រែននៅឆ្នាំ២០១៩ តែប៉ុណ្ណោះ៕ សាធី