ដើម្បីធានាដល់កិច្ចប្រជុំកំពូល G-20 ប្រព្រឹត្តទៅយ៉ាងរលូត រដ្ឋាភិបាលអាហ្សង់ទីន បានប្រកាសថា នៅថ្ងៃទី៣០ខែវិច្ឆិកា គឺជាថ្ងៃឈប់សម្រាក់បុណ្យហើយ ទីក្រុង នឹងត្រូវបិទតំបន់មួយចំនួន ។
នៅថ្ងៃទី២៨ខែវិច្ឆិកា ពលរដ្ឋអាហ្សង់ទីនរាប់សិបពាន់នាក់ បាននាំគ្នាដង្ហែរក្បួន នៅទីក្រុង Buenos Aires ពេលដែលទីក្រុងកំពុងត្រៀមលក្ខណៈដើម្បីស្វាគមន៍មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំង២០នៅលើពិភពលោក ។
ក្រុមបាតុករបានលើកស្លាកបដាប្រឆាំង និងដង្ហែរក្បួន ដើម្បីសន្តិភាព ក្រុមបាតុករ បានចោទប្រកាន់ បណ្តាមេដឹកនាំប្រទេស G-20 គ្រាន់តែមានបំណងចង់ប្រើប្រាស់តំបន់នេះតែប៉ុណ្ណោះ នឹងចង់ដណ្តើមយកធនធានធម្មជាតិដែលនៅសេសសល់ក្នុងតំបន់ ។
ព្រះរាជ្យទាយាទ អារ៉ាប៊ី សាអូឌិត Mohammed Bin salman បានទៅដល់ទីក្រុង Buenos aires កាលពីរសៀលថ្ងៃទី២៨ខែវិច្ឆិកា ។ សន្តិសុខត្រូវបានរឹតបន្តឹង នៅជុំវិញស្ថានទូត អារ៉ាប៊ី សាអូឌីត ដោយមានរបាំងការពារ ខ្លាចមានបាតុកម្មកើតឡើង។
ដើម្បីធានាដល់កិច្ចប្រជុំដោយជោគជ័យ អាហ្សង់ទីនបានប្រកាស ថានៅថ្ងៃទី៣០ខែវិច្ឆិកា គឺជាថ្ងៃសម្រាកដូច្នេះយើងនឹង បិទផ្លូវមួយចំនួននៅទីក្រុង ដែលចាប់ផ្តើម នៅយប់ថ្ងៃទី ២៩ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ខែធ្នូ ឆ្នាំ២០១៨។
អាហ្សង់ទីន ធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំ G-20 ក្នុងពេលដែលប្រទេសនេះកំពុងតែខិតខំឆ្លងកាត់នៅវិបត្តិសេដ្ឋកិច្ច ។ កន្លងមករដ្ឋាភិបាលអាហ្សង់ទីន បានអនុវត្តគោលនយោបាយ «ព្យួរក្រព្រះ» កាត់បន្ថយការចំណាយរបស់រដ្ឋ ។ នៅក្នុងកិច្ចប្រជុំ G-20 ឆ្នាំនេះនឹងផ្តោតសំខាន់ទៅលើកិច្ចពិភាក្សា ស្តីអំពីពាណិជ្ជកម្ម និងបម្រែបម្រួលអាកាសធាតុ ។
ប៉ុន្តែនៅក្នុងកិច្ចប្រជុំនេះ នឹងគ្រប់ដណ្តប់ដោយ រឿងរ៉ាវជាច្រើន ពិសេសគឺការចាប់នាវាចម្បាំងអ៊ុយក្រែន ពីសំណាក់រុស្ស៊ី ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកអាចនឹងលុបចោលជំនួបជាមួយប្រធានាធិបតី រុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នាឱកាសចូលរួមកិច្ចប្រជុំ G20 នៅឯប្រទេសអាហ្សង់ទីន នៅចុងខែវិច្ឆិកានេះ ក្រោយមានការ ប៉ះទង្គិចគ្នារវាងរុស្ស៊ី និងអ៊ុយក្រែននៅតំបន់សមុទ្រនៃឧបទ្វីបគ្រីមៀ។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់សារព័ត៌មាន Washington Post នៅថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយការ បញ្ជាក់បន្ថែមថាលោកនឹងធ្វើការសម្រេចចិត្តមួយ ក្រោយពិនិត្យរបាយការណ៍ទាំងស្រុង ជុំវិញឆ្មាំសមុទ្ររុស្ស៊ីបើកការបាញ់ ប្រហារ និងរឹបអូសទូកអ៊ុយក្រែនចំនួន៣គ្រឿងនៅឯដែនសមុទ្រនៃឧបទ្វីបគ្រីមៀកាលពីថ្ងៃអាទិត្យ។ លោក ត្រាំ បានលើកឡើង ដូច្នេះថា៖ «ខ្ញុំប្រហែលជានឹងមិនមានជំនួបជាមួយប្រធានាធិបតីពូទីនឡើយ…ខ្ញុំមិនចូលចិត្តការឈ្លានពានរបៀបនេះនោះទេ ហើយខ្ញុំមិនចូលចិត្តការឈ្លានពានទាល់តែសោះ»។
គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងជួបពិភាក្សាគ្នានាឱកាសចូលរួមកិច្ច ប្រជុំ G20 ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន នៅចុងខែវិច្ឆិកានេះ៕ ម្លិះ
![](http://nkdnews.com/wp-content/uploads/2018/11/7D989CE7-EA63-420F-A978-6FD1BFD5506A.jpeg)