ព្រះមហាក្សត្រ​ ទត​ឃើញ​ថា​​ ស្ថានភាព​ជនពិការ​ក្នុង​ប្រទេស​មាន​ភាព​ល្អប្រសើរ​ ទាំង​ក្នុង​ស្ថាប័ន​រដ្ឋ​ និង​ ឯកជន

ចែករំលែក៖

ភ្នំពេញ​៖ព្រះករុណា​ ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ទត​ឃើញ​ថា​ ស្ថានភាព​ ជន​មាន​ពិការភាព​​ក្នុង​ប្រទេស​កម្ពុជា​ មាន​ភាព​ល្អប្រសើរ​គ្រប់​បែប​យ៉ាង​ ទាំង​ក្នុង​ស្ថាប័ន​រដ្ឋ​ និង​ ឯកជន​ ។

ព្រះមហាក្សត្រ​ មាន​ព្រះរាជ​បន្ទូល​ថា​ “ខ្ញុំ​ព្រះករុណា​ ខ្ញុំ​មាន​ហឫទ័យ​សប្បាយ​រីករាយ​ ដោយ​បាន​ឃើញ​នូវ​ការ​វិវត្តន៍​ថ្មី​ៗ​ តាម​រយៈ​សកម្មភាព​ជា​ច្រើន​ទាំង​ក្នុង​ស្ថាប័ន​រដ្ឋ​និង​ឯកជន​ ដូចជា​ ៖​ ការ​ផ្តល់​របប​គោលនយោបាយ​ សម្ភារៈ​បរិក្ខារ​ មធ្យោបាយ​គ្រប់​បែប​យ៉ាង​ ដើម្បី​ស្តារ​លទ្ធភាព​ពលកម្ម​ កាយ​សម្បទា​ និង​ បញ្ញា​សម្បទា​ សំដៅ​ឱ្យ​ជន​មាន​ពិការភាព​ទទួល​សេវា​សង្គម​គ្រប់​ផ្នែកនិង​អាច​ចូលរួម​សកម្មភាព​សង្គម​គ្រប់​វិស័យ​ រួម​ទាំង​វិស័យ​នយោបាយ​ផងដែរ​ ទៅ​តាម​សមត្ថភាព​ ស្រប​តាម​ការ​អភិវឌ្ឍន៍​នៃ​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន​ ។ ​

ព្រះរាជ​បន្ទូល​របស់​ព្រះមហាក្សត្រ​នា​ពេល​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃទី​៣​ ខែ​ធ្នូ​ តាម​រយៈ​ព្រះរាជ​សារ​ ចូលរួម​អបអរសាទរ​ ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២០​ និង​ ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៣៦​ ក្រោម​ប្រធានបទ​”លើក​កម្ពស់​ជន​មាន​ពិការភាព​ ធានា​ដល់​ការ​ធ្វើ​បរិយាប័ន្ន​និង​សមភាព​”​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​មាន​ពិការភាព​ និង​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា​ សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ និង​ អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ ដែល​ធ្វើ​សកម្មភាព​លើ​វិស័យ​ពិការភាព​ ។

ជាមួយ​គ្នា​នេះ​ ព្រះមហាក្សត្រ​បាន​ថ្លែង​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ដ៏​ឆ្នើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ជា​ប្រធាន​កិត្តិយស​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​មាន​ពិការភាព​ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែល​តែងតែ​ផ្តល់​សេចក្ដី​អាណិត​ស្រលាញ់​ សន្តោស​ប្រណី​ចំពោះ​ជន​មាន​ពិការភាព​ដែល​ជួប​ទុក្ខ​លំបាក​នា​ពេល​កន្លងមក​ ។

ដោយ​ឡែក​ សម្តេច​តេជោ​ផ្ទាល់​វិញ​ ក៏​បាន​អបអរសាទរ ទិវាជនទិវារជនពិការអន្តរជាតិ ៣ធ្នូ លើក ទី៣៦ ឆ្នាំ២០១៨ នេះ​ផងដែរ​ ។

សម្តេច​តេជោ​ មាន​ប្រសាសន៍​ថា​ ទិវា​ជនពិការ ថ្ងៃ៣ធ្នូ ត្រូវ​ប្រារព្ធ​ឡើង ដើម្បី​បង្កើន​ការយល់ដឹង​អំពី​បញ្ហា​ពិការភាព ដោយ​ផ្តោតលើ​ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជនពិការ​នូវ​លទ្ធភាព​ប្រើប្រាស់​បាន​នៅតាម​ទីសាធារណៈ និង​ឯកជន ក៏ដូចជា​ការ​បំផុស​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន និង​វិស័យ​ឯកជន​អនុវត្ត​ការជ្រើសរើស​ជនពិការ​ឲ្យ​ចូល​បម្រើ​ការងារ ការ​ហ្វឹកហ្វឺន​ផ្នែកផ្សេងៗជាច្រើន៕

...

ដោយ៖ ចេស្តា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print