កម្ពុជាប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ និងរក្សាសន្យាប្រយុទ្ធនឹងជំងឺអេដស៍

ចែករំលែក៖

ភ្នំពេញ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)បានប្រារព្ធទិវាពិភពលោកប្រុទ្ធនឹងជំងឺអេដស៍ និងអបអរសាទរសមិទ្ធផលជាសាកលរបស់ខ្លួនដែលបានថែទាំគាំទ្រអ្នករស់នៅជាមួយមេរោគអេដស៍១លាននាក់ និងទាមទារជាសកល”រក្សាសន្យាប្រយុទ្ធនឹងជំងឺអេដស៍”។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី០១ខែធ្នូឆ្នាំ២០១៨នៅមជ្ឈមណ្ឌល សន្និបាត និងពិរព័រណ៍កោះពេជ្រ ក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

ឆ្នាំនេះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីក្រើនរំលឹកដល់ថ្នាក់ដឹកនាំពិភពលោក និងមហាជនទូទៅថា មេរោគអេដស៍មិនទាន់ទៅឆ្ងាយពីមនុស្សនៅឡើយទេ ខណៈដែលនៅមានមនុស្សប្រមាណជាង៩៤ម៉ឺននាក់បានស្លាប់ និងជាង១,៨សែននាក់ បានឆ្លងមេរោគអេដស៍នេះកាលពីឆ្នាំមុន។

លោកទេសរដ្ឋមន្រ្តីអៀង មូលី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍នៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍កាលពីចុងសប្តាហ៍ទៅថា ទោះបីកម្ពុជាមានជោគជ័យច្រើនលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ក៏ពិតមែន ប៉ុន្តែនៅមានបញ្ហាជាច្រើនទៀត ដែលត្រូវបន្តដោះស្រាយ អោយបានទាន់ពេលវេលា ជាពិសេសការងារទប់ស្កាត់ការចម្លងថ្មីនៃមេរោគនេះ។នៅក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការចូលរួមពីបណ្តាអង្គការនានាដែលធ្វើការងារពាក់ព័ន្ធមេរោគអេដស៍ និងជំងឺអេដស៍ ដោយក្នុងនោះតំណាងនៃសង្គមស៊ីវលទាំងនោះបានបញ្ជាក់ថា បច្ចុប្បន្ននេះការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងជំងឺត្រូវបានកាត់បន្ថយច្រើន ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការAHF បានបញ្ជាក់ថា បច្ចុប្បន្នមានមនុស្សប្រមាណជា៦៧០០០នាក់ នៅក្នុងប្រទេសកម្ពុជា កំពុងរស់នៅជាមួយមេរោគអេដស៍។លោកបន្តថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានមើលថែអ្នកជំងឺអេដស៍ប្រមាណ១លាននាក់ហើយនៅក្នុងបេសកកម្មរបស់ខ្លួន។

យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិបានបង្ហាញថាមនុស្សជាង៣៦លាននាក់កំពុងរស់ជាមួយមេរោគអេដស៍និងជំងឺអេដស៍នៅជុំវិញពិភពលោក។ហើយបច្ចុប្បន្ននេះ មានអ្នកជំងឺរាប់លាននាក់កំពុងទទួលបានការសង្គ្រោះជីវិត ដោយឱសថប្រឆាំងមេរោគអេដស៍ ដោយប្រការនេះ គឺទាមទារអោយថ្នាក់ដឹកនាំពិភពលោក និងមនុស្សទូទាំងសាកលលោកត្រូវតែបន្តការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ទាំងអស់គ្នា ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print