នគរបាលខេត្តឧត្ដរមានជ័យឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគំរាមសម្លាប់ និងឆបោកប្រាក់២លានដុល្លារ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ កម្លាំងនគរបាលខេត្តឧត្ដរមានជ័យ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលពាក់ព័ន្ធករណីគំរាមសម្លាប់ និងឆបោកប្រាក់ប្រមាណ​២លានដុល្លារ កាលពីអំឡុងឆ្នាំ២០១៥។

វរសេនីយ៍ឯក ស៊ឹម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ បឹងតាម៉ុក ស្ថិតនៅភូមិអភិឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងទទួលផែនព្រហ្មទណ្ឌ។

បើតាមលោកអធិការ, ជនសង្ស័យទាំង៣នាក់នោះ រួមមាន ទី១៖ឈ្មោះ សួស សិរីរ័ត្ន ហៅ​ពៅ ​អាយុ៥០ឆ្នាំ រស់នៅភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ, ទី២៖ឈ្មោះ កែវ ម៉ៅ ហៅម៉ៅ អាយុ៥០​ឆ្នាំ រស់នៅភូមិវត្តកណ្តាល ឃុំរង្សី ស្រុកសង្កែ ខេត្តបាត់ដំបង និងទី៣៖ឈ្មោះ ជុំ ស្រស់ ហៅស្រស់ អាយុ៥២​ឆ្នាំ រស់នៅភូមិឡចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ុន ពីឌិច ភេទប្រុស អាយុ៥៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ២០ E១ ផ្លូវលេខ២១៥ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

​បច្ចុប្បន្នជនសង្ស័យខាងលើ​ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង និងកម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌ បាន​បញ្ជូនខ្លួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print