ភ្នំពេញ ៖ នារីម្នាក់បានព្យាយាមប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សចាស់ ប៉ុន្តែត្រូវបាននគរបាល រារាំងទាន់ពេលឲ្យផុតពីសេចក្តីស្លាប់ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ក្រោយការរារាំងក៏បាននាំទៅប៉ុស្តិ៍នគរបាលដើម្បីពន្យល់អប់រំណែនាំជួយសម្រួលផ្លូវចិត្ត ។ បន្ទាប់ពីសួរនាំនារីរងគ្រោះបានរៀបរាប់និងបញ្ជាក់មូលហេតុថា គាត់មានអាយុ៣៥ឆ្នាំ តូចចិត្តនឹងប្តី ដែលធ្វើ បាបខ្លាំងពេក ទើបពរកូនអាយុ១ខួបជាងចេញពីផ្ទះនៅឯខេត្តព្រៃវែងជិះតាក់ស៊ីឡើងមកភ្នំពេញ ។
នាងបន្តថា លុះដល់ថ្ងៃកើតហេតុក៏ពរកូនឡើងលើស្ពានព្រះមុនីវង្សចាស់ដោយបានទុកកូននៅលើស្ពាន ហើយ គាត់ឡើងលើបង្កាន់ដៃស្ពានលោតទម្លាក់ខ្លួនចូលមកក្នុងទឹកដើម្បីសម្លាប់ខ្លួន តែមិនស្លាប់ដូចបំណងនោះទេ សំណាងណាស់ពេលនោះមានប្រជាពលរដ្ឋ និងប៉ូលិសជើងទឹក ឃើញទាន់ក៏ចេញអន្តរាគមន៍ជួយសង្គ្រោះ ស្ត្រីខាងលើផុតពីគ្រោះថ្នាក់តែម្តង ៕ ដោយ ៖ សារ៉េន