ភ្នំពេញ៖ បុរស២នាក់ដែលស្លៀកពាក់ឯកសណ្ឋានកងទ័ព(សំលៀកបំពាក់ប៉ារ៉ា ដោយមានម្នាក់មានពាក់សក្តិ៥ខ្លែងក្លាយ) ត្រូវបានកម្លាំង អាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវ២២១ កែង១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បុរស២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ១-ឈ្មោះ កើ រនី ភេទប្រុស ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំគីឡូលេខ៩ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ស្លៀកពាក់សំលៀកបំពាក់ប៉ារ៉ាពាក់សក្តិ៥ខ្លែងក្លាយ) ទី២ឈ្មោះ- គង់ ប៊ុនធឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ស្លៀកពាក់សំលៀកបំពាក់អាវប៉ារ៉ា មិនមានស័ក្តិទេ)។
តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុជនទាំងពីរនាក់បានចេញពីគោលដៅស្នាក់នៅរៀងខ្លួនដោយបានមកជួបគ្នានៅមុខមន្ទីរពេទ្យ១៧៩ ក៏បានបបួលគ្នាដើរសុំលុយតាមផ្ទះប្រជាពលរដ្ឋតាំងពីមុខមន្ទីរពេទ្យ១៧៩រហូតមកដល់ផ្លូវ២២១កែង១២២ ទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅអង្គភាពតែម្តង។
បើតាមការបំភ្លឺ ឈ្មោះ កើ រនី ភេទប្រុស បានឲ្យដឹងថាពីមុនរូបគេជាយោធានៅវរៈសេនាតូច១៤៥ ឈរជើងនៅថ្មដា ក្រោយពេលមានគ្រោះថ្នាក់ចរាចរណ៍អង្គភាពបានចាត់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ១៧៩រហូតមកដល់បច្ចុប្បន្នមិនបានវិលចូលអង្គភាពវិញអស់រយៈពេល៥ទៅ៦
ឆ្នាំ។
បើតាមការបំភ្លឺ ឈ្មោះ គង់ ប៊ុនធឿន បានឲ្យដឹងថាពីមុនរូបគេជាយោធានៅបន្ទាយលង្វែក ក្រោយពេលមានគ្រោះថ្នាក់ចរាចរណ៍អង្គភាពបានចាត់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ១៧៩រហូតមកដល់បច្ចុប្បន្នមិនបានវិលចូលអង្គភាពវិញអស់រយៈពេលជាង១ឆ្នាំហើយ។
ក្រោយពីការសាកសួរបុរសទាំងពីរដែលស្លៀកពាក់យោធាដើរសុំគេនេះមិនមានឯកសារដែលបញ្ជាក់ថាខ្លួនយោធានោះឡើយ ៕
ដោយ៖ ស ដារ៉ា