ដោយសារតែសង្គ្រាម អសន្តិសុខ បង្ខំឲ្យអាមេរិក ត្រូវបិទស្ថានទូតនឹងដកមន្ត្រីការទូត ទាំងអស់ចេញពិស៊ូម៉ាលីដើម្បីសុវត្ថិភាព ។ នៅពេលនេះ ស្ថានភាពនៅក្នុងប្រទេសនេះល្អប្រសើរជាងមុន អាមេរិក ក៏បានចាប់ផ្តើម បើកស្ថានទូតជាថ្មី ជារឿងដែលពលរដ្ឋស៊ូម៉ាលី អបអរសាទរយ៉ាងខ្លាំង ។
រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងបើកស្ថានទូត ជាថ្មីនៅក្នុងប្រទេសស៊ូម៉ាលី ក្រោយរយៈពេល ជិត៣ទសវត្សរ៍ ដែលបានបិទទ្វារស្ថានទូត នៅទីក្រុង Mogadishu កាលពីខែមករា ឆ្នាំ១៩៩១ ។
ការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំង ពីការប្រែប្រួលនៅក្នុងប្រទេសស៊ូម៉ាលី រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ការសម្រេចរបស់អាមេរិក គឺជា ជំហានថ្មីមួយពីការចូលរួមរបស់អាមេរិក នៅក្នុងទីក្រុង Mogadishu ចាប់តាំង ពីអាមេរិក ទទួលស្គាល់រដ្ឋាភិបាលស្របច្បាប់ស៊ូម៉ាលីកាលពីឆ្នាំ២០១៣ ។ លោកស្រី Nauert បានបញ្ជាក់ថា សកម្មភាពរបស់អាមេរិក គឺដើម្បី បញ្ជាក់ពីការសន្យារបស់អាមេរិកនៅក្នុងការ រក្សាសន្តិសុខ ស្ថេរភាព និងប្រជាធិបតេយ្យ អភិវឌ្ឍន៍សេដ្ឋកិច្ច នៅក្នុងទឹកដី ស៊ូម៉ាលី ។
ប៉ុន្មានឆ្នាំកន្លងមក មន្ត្រីការបរទេសអាមេរិកប្រចំនៅស៊ូម៉ាលី ស្ថិតនៅក្នុងស្ថានទូតអាមេរិក ក្នុងទីក្រុង Nairobi ប្រទេស កេនយ៉ា ។ នៅពេលនេះដែរ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅស៊ូម៉ាលីលោក Donald Yamamoto ទើបតែឡើងកាន់តំណែង។ អាមេរិក បានបិទស្ថានទូតនៅស៊ូ ម៉ាលី ហើយមន្ត្រីការបរទេសអាមេរិក បានវិលត្រឡប់ទៅកាន់ប្រទេសវិញក្រោយមានសង្គ្រាម ស៊ីវិល នៅក្នុងប្រទេសអាហ្វ្រិកមួយនេះកាលពីឆ្នាំ ១៩៩១ ។ជាមួយគ្នានោះគឺជាអំពើហឹង្សា និងការដួលរលំរបស់រដ្ឋាភិបាលស៊ូម៉ាលី ។
ស៊ូម៉ាលី គឺជាទឹកដី នាំមកនៅភាពសោកសៅដល់កម្លាំងទាហានអាមេរិក ។ នៅឆ្នាំ ១៩៩៣ ឧទ្ធម្ភាគច័ក្រ អាមេរិក ពីរគ្រឿងរងការបាញ់ទម្លាក់ នៅក្នុងយុទ្ធនាការ ក្នុងទីក្រុង Mogadishu សម្លាប់ទាហានអាមេរិក ១៨នាក់ ៕ ម៉ែវ សាធី