ភ្នំពេញ៖លោកគឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសហប្រធានក្រុមការងារពិនិត្យសិក្សាលើសំណើ និងសំណូមពររបស់អង្គការវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យសិក្សាលើសំណើ និងសំណូមពររបស់សហជីពមួយចំនួនដែលបានដាក់ពាក្យស្នើសុំ កាលរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ ។
សូមបញ្ជាក់ថា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ក្រសួងយុត្តិធម៌ ចេញប្រកាសរួមមួយ ស្តីពី”ការបង្កើតក្រុមការងារពិនិត្យសិក្សាលើសំណើ និង សំណូមពររបស់អង្គការវិជ្ជាជីវៈ ។
ប្រកាសរួមដែលមានហត្ថលេខាលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពី៣ ខែធ្នូ កំណត់ថា ក្រុមការងារនេះមានតួនាទីនិងភារកិច្ច ៖
ទទួលយកសំណើនិងសំណូមពររបស់អង្គការវិជ្ជាជីវៈពាក់ព័ន្ធនឹងនីតិវិធី និង ដំណើរការនៃបណ្តឹងនៅក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។
ពិនិត្យនិងសម្របសម្រួលជាមួយម្ចាស់សំណើនិងភាគីពាក់ព័ន្ធ ដើម្បីផ្តល់ប្រឹក្សាផ្នែកច្បាប់និងដំណោះស្រាយ ។
ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងការងារនិងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យនិងសម្រេចលើសំណើ និង សំណូមពរ ។
បំពេញការងារផ្សេងទៀតតាមការប្រគល់របស់រដ្ឋមន្ត្រីក្រសួងការងារនិងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
សេចក្ដីប្រកាសរួមនេះ កើតឡើងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ពេលជួបសំណេះសំណាលជាមួយកម្មករ ឱ្យក្រសួងការងារនិងក្រសួងយុត្តិធម៌ រួមគ្នាពិនិត្យ បញ្ហាបណ្តឹងពាក់ព័ន្ធអង្គការវិជ្ជាជីវៈ ជាពិសេសគឺថ្នាក់ដឹកនាំសហជីពទាំងអស់ដែលកំពុងមានករណីបណ្តឹងនៅតុលាការ សំដៅឈានដល់ការពន្លឿននិងបញ្ចប់សំណុំរឿងឱ្យបានឆាប់រហ័សស្របតាមបទប្បញ្ញត្តិជាធរមាន៕ចេស្តា