ភ្នំពេញ៖ ស្ត្រីម្នាក់វ័យ៦២ឆ្នាំ ដែលជាអាជីវករលក់ខោអាវក្នុងផ្សារដេប៉ូ បានសម្រេចចង.កសម្លាប់ខ្លួនឯង នៅផ្សារដេប៉ូជាន់ទី១ នៅក្នុងតូបលក់ខោអាវរបស់ខ្លួន ដោយសង្ស័យថាស្ត្រីរងគ្រោះខាងលើមានវិបត្តិគ្រួសារ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេណផ្សារដេប៉ូជាន់ទី១ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពស្ត្រីរងគ្រោះមានឈ្មោះ ស្វាយ សុផល អាយុ៦៣ឆ្នាំ មុខរបរ ជាអាជីវករនៅផ្សារដេប៉ូ ស្នាក់នៅផ្ទះលេខ១៥៦E1 ផ្លូវលេខ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ តែងតែមកបើកតូបលក់ដូររបស់ខ្លួនជារៀងរាល់ព្រឹកដូចសព្វដង លុះដល់វេលាម៉ោងកើតហេតុស្រាប់តែកូនស្រីរបស់គាត់ បានឡើងមករកស្រ្តីរងគ្រោះ តែរកមិនឃើញ រួចក៏បានទៅសួរនាំអ្នកនៅជិតនៅតែមិនឃើញទៀត ។ បន្ទាប់មកកូនស្រីរបស់គាត់ក៏បានដើរចូលទៅក្នុងតូបលក់ដូររបស់ខ្លួនវិញ ស្រាប់តែប្រទះឃើញម្តាយចង.កសម្លាប់ខ្លួនឯងបាត់ទៅហើយ ដោយយកក្រមាចងមួយចង្រឹងដែក ។
ដោយឡែកប្រភពពីអាជីវករលក់ដូរនៅជិតកន្លែងកើតហេតុ បានឲ្យដឹងដែរថា កាលពីម្សិលមិញស្រ្តីរងគ្រោះខាងលើ បានរអ៊ូរទាំថា រូបគាត់ពិបាកចិត្តណាស់ ដោយសារតែមានវិបត្តិក្នុងគ្រួសារ ។ លុះដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែបានប្រទះឃើញស្ត្រីរងគ្រោះខាងលើ ចង.កសម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយកើតហេតុសន្តិសុខនៅផ្សារដេប៉ូ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកដល់កន្លែងទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យកោសល្យវិច័យទៅលើស្ត្រីរងគ្រោះ រួចសមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីរងគ្រោះបានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន ។
បច្ចុប្បន្នសពស្រ្តីរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា
...