រកឃើញម្ចាស់ជ័យលាភីនៃការប្រកួតថតរូប កម្មវិធី “ឆ្នាំនៃបេតិកភ័ណ្ឌវប្បធម៌អឺរ៉ុប”

ចែករំលែក៖

ភ្នំពេញ៖ទំបីផុតរូបថតមួយសន្លឹក ដែលបង្ហាញអំពីអ្នកលក់តាមដងផ្លូវម្នាក់ កំពុងធ្វើនំក្រឡាន ជានំប្រពៃណីរបស់ខ្មែរ ធ្វើពីអង្ករដំណើប ហើយដុតនៅក្នុងបំពង់ឫស្សី ត្រូវបានជ្រើសរើសជារូបភាពឈ្នះគេ ក្នុងការប្រកួតថតរូប ដើម្បីអបអរ “ឆ្នាំនៃបេតិកភ័ណ្ឌវប្បធម៌អឺរ៉ុប” ដែលត្រូវបានរៀបចំដោយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ។
អ្នកថតរូបដែលជាម្ចាស់ជ័យលាភីក្នុងការប្រកួតនេះ គឺលោក លាង វីល្លី បានទទួលរង្វាន់ធំ ដែលជាឧបករណ៍សម្រាប់ថតរូប មានតម្លៃស្មើ ៧០០ ដុល្លារ ពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកឧត្តម George Edgar នៅក្នុងពិធីប្រគល់រង្វាន់ដែលប្រព្រឹត្តទៅនៅឯសហភាពអឺរ៉ុប កាពីថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨ ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានមានប្រសាសន៏ នៅក្នុងពិធីប្រគល់រង្វាន់នោះថា៖ “គណៈកម្មការបានកោតសរសើរចំពោះគុណភាព និងអារម្មណ៍ដែលមាននៅក្នុងរូបថតមួយសន្លឹកនេះ ក៏ដូចជាសេចក្តីពណ៌នាប្រកបដោយភាពច្នៃប្រឌិតអំពីនំក្រឡាន ដែលជាផ្នែកមួយសំខាន់នៃបេតិកភ័ណ្ឌវប្បធម៌របស់កម្ពុជា ហើយជាអាហារដែលគេនិយមចូលចិត្តខ្លាំង”។ លោកថារូបថតជាង ៥០០ សន្លឹក ត្រូវបានផ្ញើមកដើម្បីចូលរួមក្នុងការប្រកួតនេះ ដែលត្រូវបានរៀបចំឡើងដើម្បីជាការអបអរឆ្នាំ ២០១៨ ដែលជា “ឆ្នាំនៃបេតិកភ័ណ្ឌវប្បធម៌អឺរ៉ុប” ក៏ដូចជាអបអរកម្មវិធីស្រដៀងគ្នានេះរាប់រយកម្មវិធីផ្សេងទៀត ដែលត្រូវបានរៀបចំឡើងក្នុងទ្វីបអឺរ៉ុប និងនៅជុំវិញពិភពលោក។លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍បន្ថែមទៀតថា៖ “យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញប្រតិកម្មតបរបស់ប្រជាជនចំពោះកម្មវិធីប្រកួតនេះ ហើយពិតជារីករាយបន្ទាប់ពីបានឃើញនូវទិដ្ឋភាពផ្សេងៗនៃបេតិកភ័ណ្ឌវប្បធម៌ទាំងអស់នោះ តាមរយៈរូបថតដែលជាទឹកដៃរបស់ប្រជាជនរបស់ប្រទេសដែលសម្បូរទៅដោយបេតិកភ័ណ្ឌវប្បធម៌មួយនេះ។ ភាគច្រើននៃរូបថតដែលយើងទទួលបានគឺបង្ហាញពីបេតិកភ័ណ្ឌផ្នែកស្ថាបត្យកម្មដ៏អស្ចារ្យរបស់កម្ពុជា ជាមួយនឹងរូបថតជាច្រើនស្ដីពីប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទ ក៏ដូចជាទីវត្តអារាមនានាទូទាំងប្រទេស។ រូបថតស្ដីពីម្ហូបអាហារ ជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជាសិល្បៈសម្ដែងផ្សេងៗក៏មានច្រើនផងដែរ”។
សមាសភាពនៃគណៈកម្មការវាយតម្លៃរួមមាន វិចិត្រករដ៏ល្បីល្បាញរបស់កម្ពុជាគឺលោក ឈឹម សុធី និងកញ្ញា ចាន់ ឌីណា រួមជាមួយអ្នកដឹកនាំរឿង អ្នកស្រី សុទ្ធោ គូលីកា ហើយនិងអ្នកថតរូបអាជីព គឺលោក ម៉ក់ រេមីសា លោក John McDermott លោក Roberto Traina និងលោក Laurent Dambies។
លោក Roberto Traina បានថ្លែងថា៖ “គណៈកម្មការពិតជាមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះគុណភាពរបស់រូបថត ដែលបានបញ្ជូនមក ហើយយើងពិតជាពិបាកក្នុងការសម្រេចចិត្តក្នុងការជ្រើសរើសអ្នកដែលជាប់ការជម្រុះចុងក្រោយ និងអ្នកដែលត្រូវឈ្នះក្នុងកម្មវិធីនេះណាស់”។
រង្វាន់សម្រាប់អ្នកជាប់លេខ ២ ដែលជាឧបករណ៍ថតរូបមានតម្លៃ ៦០០ ដុល្លារ ត្រូវបានប្រគល់ជូនលោក កែវ ដាណេ សម្រាប់រូបថតបង្ហាញពីចម្លាក់ព្រះកេសមួយដែលរុំព័ទ្ធដោយស្លៃ ហើយរង្វាន់ទី ៣ ដែលជាឧបករណ៍ថតរូបមានតម្លៃ ៥០០ ដុល្លារ ត្រូវបានផ្តល់ជូនលោក រើន រួម សម្រាប់រូបថត ដែលបង្ហាញមនុស្សអុជធូបនៅវត្តអារាម។ចំណែកឯអ្នកថតរូប ១០ នាក់ផ្សេងទៀត ដែលរូបថតរបស់ខ្លួនត្រូវបានគណៈកម្មការជ្រើសរើសសម្រាប់ជុំជម្រុះនោះ ក៏បានទទួលរង្វាន់ និងវិញ្ញាបនប័ត្រសម្រាប់រូបថតដែលមានការកោតសរសើរខ្លាំងក្នុងពិធីប្រគល់រង្វាន់នោះផងដែរ។
គោលការណ៍ណែនាំសម្រាប់ការប្រកួតនេះ តម្រូវឲ្យអ្នកថតរូប ផ្ដិតយករូបភាព ដែលពណ៌នាអំពីបេតិកភ័ណ្ឌវប្បធម៌ ក្នុងគ្រប់ទម្រង់ទាំងអស់ រាប់ចាប់ពីសិល្បៈ ស្ថាប្យកម្ម តន្ត្រី សិប្បកម្ម ម្ហូបអាហារ និងប្រពៃណីបុណ្យឈប់សម្រាកជាដើម។រូបថតរបស់ជ័យលាភីទាំងអស់ និងអ្នកថតរូបដែលទទួលបានការកោតសរសើរខ្ពស់នឹងត្រូវយកទៅដាក់តាំងបង្ហាញជុំវិញប្រទេស ក្នុងរយៈពេលប៉ុន្នានសប្តាហ៍ខាងមុខនេៈ នៅតាមទីកន្លែងនានា ដូចជា សកលវិទ្យាល័យភូមិន្ទភ្នំពេញ សកលវិទ្យាល័យបាត់ដំបង សកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងខេត្តព្រៃវែង និងបណ្ឌិតសភាអាស៊ី-អូស្ត្រាលី ក្នុងខេត្តកណ្ដាល ៕ វឌ្ឍនា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print