ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត លេចមុខជំនួញដីវាល់លានដុល្លាររួមគ្នាជម្រះមន្ទិលកាច់កុងគ្នា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ពិតជាភ្ញាក់ផ្អើលសម្រាប់មហាជនគ្រាដែលតារាល្បីលំដាប់ជួរមុខនៅកម្ពុជាគឺលោក ព្រាប សុវត្ថិ និងលោក ខេរៈ សិរីមនុ្តបានប្រកាសបើកមុខ លើជំនួញដីធ្លីចាយទុនវាល់លានដុល្លាររួមគ្នាជាលើកដំបូងលើទឹកដីនៃខេត្តកំពង់ស្ពឺ។ ការប្រកាសចាប់ដៃគូត្រីភាគីជាមួយនឹងសេដ្ឋី ឡេងណាវ៉ាត្រានេះដែរ ក៏នឹងអាចជម្រះបានមន្ទិលដែលកន្លងមកលើកឡើងថា ពួកគេហាក់មិនចុះសម្រុងគ្នាក្នុងអាជីពសិល្បៈ។

កាលពីព្រឹកថ្ងៃទី៨ ធ្នូ កំពូលតារាចម្រៀង២ដួងប្រចាំហង្សមាស គឺលោក ព្រាប សុវត្ថិ និងលោកខេមរ: សិរីមន្ត បានប្រកាសពីជំហរចាប់ដៃគ្នាយ៉ាងមុខមាំ ក្នុងការបង្កើតមុខជំនួញ ពុះលក់ដីឡូតិ៍ និងសាងសង់បុរីរួមគ្នា ខណ:ដែលអ្នកទាំងពីរ ក៏បានប្រកាសថា ជំហរបើកជំនួញរួមគ្នានេះ ក៏ជាសញ្ញានៃការបញ្ចប់មន្ទិលកាច់កុងគ្នាទាំងក្នុងការងារសិល្ប: ការងារឯកជន និងមុខជំនួញផង។ នេះជាជំហរដែលមិនធ្លាប់ប្រកាសឡើង ហើយក៏ធ្វើឲ្យម្នាក់ៗ មានការចាប់អារម្មណ៍ផងដែរ ជាពិសេសគឺក្រុមអ្នកសារព័ត៌មាន និងស្រទាប់មហាជនទូទៅ។លោក ព្រាប សុវត្ថិ និយាយថា រវាងលោក និងលោក ខេមរ: សិរីមន្ត គឺជាបងប្អូនល្អ នឹងគ្នាតាំងពីមុនហក់ចូលហង្សមាសមកម្ល៉េះ ប៉ុន្តែបណ្ដាលមកពីពេលកន្លងមក មិនធ្លាប់ធ្វើអ្វីជាគម្រោងរួមគ្នា ក្រៅពីការប៉ះគ្នាលើឆាកម្ដងៗ ទើបធ្វើឲ្យមានការយល់ច្រលំថាលោក និងលោកខេមរ: សិរីមន្ត កុងគ្នា។

លោកថា ពិតជាមានអារម្មណ៍សប្បាយចិត្ត ដែលលោក និងលោក ខេមរ: សិរីមន្ត បានចាប់ដៃគ្នាក្នុងគម្រោង បើកជំនួញទ្រង់ទ្រាយធំរួមគ្នា ខណ:ដែលមុខជំនួញនេះ គឺបានកិច្ចសហការ និងដុតដៃដុតជើងពីអ្នកជំនាញ គឺលោក ឡេង ណាវ៉ាត់ត្រា យ៉ាងយកចិត្តទុកដាក់ ទើបពួកលោក អាចក្លាយជាដៃគូជំនួញរួមគ្នាពេលនេះ។លោកថាគម្រោងមួយនេះ គឺជាគម្រោងធំមួយដែលលោក លោកខេមរ: សិរីមន្ត និងលោកឡេង ណាវ៉ាត់ត្រា ប្រកាសដំណើរការរួមគ្នាតែម្ដង ដោយលោករំពឹងថា គម្រោងដីធ្លីលើកនេះ នឹងកក្រើក ហើយទទួលបានលទ្ធផលខ្លាំងជាងមុន ដោយសារតែគម្រោងមួយនេះ ក្រៅពីពុះជាឡូតិ៍ដាក់លក់ ក៏មានគម្រោងសង់ជាផ្ទះវីឡា សម្រាប់លក់ ហើយស្ថិតនៅតំបន់ប្រជុំជន និងមានសក្កានុពល នៅតាមបណ្ដោយផ្លូវជាតិលេខ៣។ លោកសន្យាមិនបែកហ៊ុនគ្នាពីលោកខេមរ: សិរីមន្តនោះទេ បើទោះជាកាល:ទេស: ក្នុងពេលខាងមុខ មុខជំនួញមួយនេះ ជួយឲ្យលោកទទួលបានដើមទុនកប់ក្ដោង ដែលអាចឈរជើងបានតែឯង ឬពីរនាក់លោកឡេង ណាវ៉ាត់ត្រា ដោយមិនលំបាក។

លោក ខេមរ: សិរីមន្ត ក៏ថ្លែងបញ្ជាក់ដែរថា ក្រោយមានឱកាសចាប់ដៃជាមួយលោក ព្រាប សុវត្ថិ ក្នុងគម្រោងបើកលក់ដីធ្លី និងសង់បុរីនៅម្ដុំផ្សារព្រៃទទឹង ចូលតាមក្លោងទ្វារវត្តអន្លង់គគីរនោះ គ្រាន់តែជាគម្រោងចាប់ផ្ដើមប៉ុណ្ណោះ ដោយលោកប្រកាសថា នឹងបន្តគម្រោងលើកក្រោយៗបន្តបន្ទាប់ទៀត ដោយមិនអាចមានរឿងបែកហ៊ុនគ្នា ឬបញ្ចប់គម្រោងរកស៊ីចូលគ្នានោះទេ ជាពិសេសនៅក្នុងកាល:ទេស: ដែលលោក ក៏ត្រូវដៃគូសហការ និងត្រូវការបង្កើនដើមទុនពីដៃគូ ឲ្យបានច្រើន សម្រាប់ប្រកួតប្រជែងគម្រោងដីធ្លី ដែលទើបហក់ប្រឡូក។

លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានចាត់ទុកថា នេះជាគម្រោងបើកជំនួញដីធ្លីគម្រោងយក្ស ដែលមានកំពូលតារាចម្រៀងទាំងពីរ ធ្វើជាដៃគូភាគហ៊ុនដែលលោកប្រកាសថា មិនត្រឹមតែទទួលបានដើមទុនកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឲ្យមុខជំនួញទាំងមូល ទទួលបានការចាប់អារម្មណ៍ក្នុងការប្រកួតប្រជែង។ ក្នុងនោះជំនឿចិត្ តចំពោះអតិថិជនក៏នឹងខ្ពស់ផងដែរ ដោយសារតែតារាចម្រៀងទាំងពីរ គឺជាតារាល្បី ដែលអតិថិជនចង់ទិញដីឡូតិ៍ ឬទិញជាផ្ទះ មិនភ័យរឿងគម្រោងដីនេះ ជាគម្រោងដីមិនស្របច្បាប់ ឬសំណង់ផ្ទះ ក្នុងការសាងសង់ជាបុរីជាសំណង់ខ្យល់។លោកថាគម្រោងជំនួញមួយនេះ ចំណាយដើមទុនប្រមាណជាង​២០លានដុល្លារ ហើយពួកលោកទាំង៣ សុទ្ធតែមានភាគហ៊ុនជាចំណែក ដោយលោក ព្រាប សុវត្ថិ និងលោក​ខេមរ: សិរីមន្ត មិនមែនគ្រាន់តែមកធ្វើជាតំណាងដូចការយល់ច្រលំទេ។ លោកថា គម្រោងនេះ គ្រាន់តែផ្ទៃដីសម្រាប់ពុះឡូតិ៍ និងសង់ជាបុរី គឺមានរហូតដល់ប្រមាណ៥០ហិកតា ខណ:ដែលទីតាំងទាំងមូល ក៏ស្ថិតនៅតាមបណ្ដាយផ្លូវជាតិលេខ៣ ម្ដុំផ្សារព្រៃទទឹង ចូលតាមច្រកវត្តអន្លង់គគី ដែលមានចំណាយតែប្រមាណ១២គីឡូពីរង្វង់ចោមចៅ ងាយស្រួលឲ្យអតិថិជនស្វែងរកផលចំណេញពីការទិញលក់ ឬទិញសម្រាប់រស់នៅ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print