ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣នាក់ដែល ពាក់ព័ន្ធ ក្នុងករណីធ្វើអាជីវកម្ម សិប្បកម្ម ឡ ធ្យូង ដុតអុសខ្នាតយក្ស នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះបានហើយដែលបន្ទាប់ពីកម្លាំងចំរុះចុះបង្ក្រាបរួចមកនោះ។
កម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្សយ័ពាក់ពន្ធ័និងអាជីវកម្មឡដុតធ្យូងនោះបានធ្វើឡើងនៅថ្ងៃសុក្រ ១៥ រោច ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ដោយសហការជាមួយមន្ត្រីជំនាញនិងមានការសម្របសម្រួល ពីលោក ជា សុភក្ត័ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះហើយ បញ្ជូនខ្លួនមកសាកសួរ នៅអាវុធហត្ថខេត្ត ។
យោងតាមការសាកសួរ របស់កម្លាំងកងរាជអាវុធហត្ដខេត្តក្រចេះ និងចម្លើយជនសង្ស័យទាំង ០៣នាក់ នៅថ្ងៃដដែលនោះ បានឆ្លើយដាក់បន្ទុកទៅលើចៅក្រមម្នាក់នៅខេត្តក្រចេះ ថាជាអ្នកនៅពីក្រោយខ្នងដែល ពាក់ព័ន្ធ ក្ក្នុងការធ្វើសិប្បកម្ម ឡធ្យូង ឥតច្បាប់ នេះ។
ដែលកាប់កូនដើមឈើ យកមកដុតបំលែងធ្វើជាធ្យូង ហើយបន្តលក់ទៅប្រទេសវៀតណាមដោយ ឆ្លងកាត់ ភូមិជើងក្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
ជនសង្ស័យទាំង០៣នាក់ ខាងលើ មានជនជាតិវៀតណាម ម្នាក់ ជាម្ចាស់សិប្បកម្ម ឡធ្យូងហើយខ្មែរ០២នាក់ ជាអ្នកបើកបរ និងម្នាក់ទៀត ម្ចាស់ភាគហ៊ុន ក្នុងសិប្បកម្ម ឡធ្យូងនេះ ។
យោងតាមប្រភពពីភូមិឃុំ ខាងលើបានលួចបង្ហើបថា កន្លងមកគេឃើញមាមន្ត្រីជំនាញ និងមន្ត្រីបរិស្ថានឧស្សាហ៍ចេញចូល និងឆ្លងកាត់ នៅសិប្បកម្ម ឡ ធ្យូងនោះណាស់ ហើយក៏មិនមែនអាជ្ញាធរមិនដឹងនោះដែរ។
ព្រោះសិប្បកម្មមួយនេះមានទ្រង់ទ្រាយធំខ្លាំងណាស់តែងតែដឹកដើមឈើ កូនឈើ ស្រស់ៗយកមកដុត ដោយឆ្លងកាត់ ស្នាក់ការនិងមន្ត្រីជំនាញបរិស្ថាននៅទីនោះផងដែរ ។
បើក្នុងរឿងនេះមិនទាក់ទងនឹងមន្ត្រីនោះទេ ក៏វាមិនអាចបើកធ្វើអាជីវកម្ម ដោយឥតច្បាប់រាប់ឆ្នាំបែបនេះបានទេ។
គួរតែប្រពន្ធ័ច្បាប់ មេត្តាបើកការស៊ើបអង្កេតក្នុងរឿងនេះផង ដើម្បីយុត្តិធម៌ទាំងអស់គ្នាផង។ ម៉្យាងជារឿងមួយដែលប៉ះពាល់ធ្ងន់ធ្ងរ ដល់ធនធានធម្មជាតិ ដែលជាសម្បត្តិរបស់រដ្ឋកូនឈើស្រស់ៗ ដើមឈើថ្មី ត្រូវកាប់យកមកដុតធ្វើធ្យូងនោះ ៕ ដោយ ជីវន្ត័