ខេត្តកោះកុងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅវេលាម៉ោងប្រមាណ១ និង២០នាទីរសៀលថ្ងៃ អាទិត្យ ២ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែ ធ្នូឆ្នាំ២០១៨ ដោយរថយន្តក្រុងទេសចរណ៍មួយគ្រឿង ដឹកបុគ្គលិកក្រុមហ៊ុនទ្រូម៉ានីបំណងទៅកម្សាន្តនៅរមណីយដ្ឋានតាតៃ មិនប្រយ័ត្ន ហើយដល់ផ្លូវចំណោតខ្ពស់ជ្រុលរនាំងផ្លូវបានក្រឡាប់ធ្លាក់ចុះក្រោម នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុកកោះកុងបានឲ្យដឹងថា រថយន្តក្រុងទេសចរណ៍ទ្រូម៉ានី នោះ ពាក់ស្លាកលេខ ភ្នំពេញ 3C-6354 ហើយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ក្នុងនោះមានអ្នករួមដំណើរចំនួន ៤៤នាក់ បានរងរបួសធ្ងន់២នាក់ និងរបួសស្រាល៣នាក់ សរុបទាំងអស់ ៥នាក់ ។
តាមការបញ្ជាក់របស់សមត្ថកិច្ចឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យរថយន្តនោះធ្លាក់ផ្លូវ គឺមកពីរថយន្តបើកបរក្នុងស្ថានភាពល្បឿនលឿន ហើយចុះចំណោទតទៀតធ្វើឲ្យដាច់ខ្សែហ្វ្រាំង បុកទៅនឹងរនាំង ការពារផ្លូវ បណ្តាលឲ្យបាក់មួយកងង់និងក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវតែម្តង ។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម សហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ខេត្ត ចុះជួយសង្គ្រោះអ្នករងបួស ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងបានឲ្យក្រុមហ៊ុនជាម្ចាស់រថយន្តស្ទូចយករថយន្តទៅជួសជុលផងដែរ៕