មន្រ្តីនគរបាលម្នាក់ផឹកចំស្រាបង្កបញ្ហា ពេលស្រវឹងផ្ទុះអាវុធចំនួន១គ្រាប់ បង្កឲ្យភ័យខ្លាចដល់ពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីនគរបាលម្នាក់បានផ្ទុះអាវុធចំនួន១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចជិតវត្តទួលអស់លោកតាមបណ្ដោយផ្លូវ 99 ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

មន្រ្តីនគរបាលដែលដកកាំភ្លើងខ្លីបាញ់មួយគ្រាប់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារមន្ត្រីនគរបាលរដ្ឋបាលសង្កាត់ឫស្សីកែវមិនអនុញ្ញាតឲ្យសួរនាំ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ និងបានឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មានមន្ត្រីប៉ូលិសម្នាក់ជិះម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ក្រហម ពាក់ស្លាកលេខនគរបាល 1.1213 ដោយមានស្ថានភាពស្រវឹងជោកជាំ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ99 ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមន្រ្តីនគរបាលរូបនោះ ឈប់ម៉ូតូបានដកកាំភ្លើងខ្លីពីចង្កេះបាញ់ឡើងលើចំនួន១គ្រាប់ ដោយមិនដឹងមូលហេតុ និងបង្កឱ្យមានការភ្ញាក់ផ្អើលនឹងផិតភ័យដល់ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ ហើយពលរដ្ឋក៏បានរាយការណ៍សមត្ថកិច្ចសង្កាត់ឫស្សីកែវឲ្យចុះមកកន្លែងកើតហេតុ ហើយសមត្ថកិច្ចក៏បានដកយកអាវុធខ្លី១ដើម និងចាប់ជនបង្កដែលបាញ់បោះសេរីនោះបានយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវដើម្បីសួរនាំនិងធ្វើកំណត់ហេតុ ក្នុងរយៈពេលជាង១ម៉ោង ទើបសមត្ថកិច្ចដឹកជនបង្កដែលបាញ់បោះសេរីចំនួនមួយគ្រាប់នោះទៅអធិការដ្ឋាន ខណ្ឌឫស្សីកែវ ដោយចុះតាមទ្វារក្រោយដោយមានការលាក់លៀមបិទបាំងពីអ្នកសារព័ត៌មានមិនឲ្យថតឬក៏យកឈ្មោះអត្តសញ្ញាណប័ណ្ណ ឬក៏អង្គភាពមន្ត្រីប៉ូលិសនៅទីណានោះទេ ។

បច្ចុប្បន្នជនបង្កដែលបាញ់បោះសេរីនោះ និងវត្ថុតាំងបានបញ្ជូនទៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print