យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ២គ្រឿង ត្រូវបានរុស្ស៊ីបញ្ចូនទៅកាពារវេណេហ្ស៊ូអេឡា

ចែករំលែក៖

ខណៈដែលរុស្ស៊ី និងអាមេរិកកំពុងតានតឹង  ទីក្រុងមូស្គូស្រាប់តែបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ២ គ្រឿង​បានទៅដល់ប្រទេសវេណេហ្ស៊ុយអេឡាហើយកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ។

ក្រសួងការពារជាតិរុស្ស៊ីបានអួតថា យន្តហោះទម្លាក់គ្រាប់បរមាណូប្រភេទ Tu-160 ទាំងពីរគ្រឿងនោះ បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Maiquetiaមិនឆ្ងាយប៉ុន្មានពីទីក្រុង Caracas បន្ទាប់ពីហោះហើរអស់រយៈពេល១០.០០០គីឡូម៉ែត្ររួចមក ។ គេមិនបានបញ្ជាក់ឡើយថា យន្តហោះបានដឹកអាវុធអ្វីខ្លះ ឬក៍៏រយៈពេលយូរប៉ុន្មាន ស្ថិតនៅក្នុងទឹកដីវេណេហ្ស៊ុយអេឡា។

ក្នុងដំណើរហោះហើររបស់ Tu-160 ពីរុស្ស៊ីទៅកាន់វេណេហ្ស៊ុយអេឡានោះដែរ មានអមដំណើរដោយយន្តហោះចម្បាំងប្រភេទ F-18 Norwegian ព្រមទាំង យន្តហោះធុនដឹកទំនិញប្រភេទ An-124 Ruslanហើយនិង យន្តហោះដឹកអ្នកដំណើរ Il-62ផងដែរ ។ Tu-160 របស់រុស្ស៊ីនេះ មានសមត្ថភាពបាញ់មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងរយៈចម្ងាយ៥៥០០គីឡូម៉ែត្រ ដែលយន្តហោះប្រភេទធុននេះ ត្រូវបានរុស្ស៊ីបញ្ជូនទៅកាន់សមរភូមិជួយដល់រដ្ឋាភិបាលស៊ីរីផងដែរ ។

ការបញ្ជូនយន្តហោះទម្លាក់គ្រាប់នេះ កើតមានក្រោយប្រធានាធិបតីវេណេហ្ស៊ុយអេឡាធ្វើដំណើរទៅកាន់រុស្ស៊ី កាលពីសប្តាហ៍មុន ដើម្បីធ្វើឲ្យប្រសើរឡើងខាងវិស័យសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសនេះ បើទោះបីថា វេណេហ្ស៊ុយអេឡាត្រូវចំណាយលុយវាល់លានដុល្លារទៅឲ្យរុស្ស៊ីយ៉ាងណាក៏ដោយ ។ រុស្ស៊ីជាសម្ពន្ធមិត្តនយោ បាយយ៉ាងសំខាន់មិនអាចខ្វះបានរបស់វេណេហ្ស៊ុយអេឡា ។ រដ្ឋឯកោមួយនេះ បាននិងកំពុងទទួលរងទណ្ឌកម្មអាមេរិក និងពីសហគមន៍អឺរ៉ុបជាបន្តបន្ទាប់ ដោយចោទថា ជាមេដឹកនាំផ្តាច់ការ ស្រឡាញ់អំណាច រំលោភបំពានលទ្ធិប្រជាធិបតេយ្យ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី កាលពីសប្តាហ៍មុន អំឡុងពេលជួបជាមួយសមភាគីវេណេហ្ស៊ុយអេឡា បានថ្លែងថា រុស្ស៊ីបន្តបញ្ជូនយន្តហោះយោធា និងនាវាចម្បាំងទៅកាន់វេណេហ្ស៊ុយអេឡា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងទ្វេភាគី និងសហប្រតិបត្តិការយោធា ។

កាលឆ្នាំ២០០៨ផងដែរ ខណៈរុស្ស៊ី និងអាមេរិកប្រឈមមុខតានតឹងដាក់គ្នារឿងសង្គ្រាមនៅGeorgia ក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 និងនាវាចម្បាំងបំពាក់មីស៊ីល ទៅកាន់វេណេហ្ស៊ុយអេឡា ហើយក្នុងឆ្នាំ២០១៣ យន្តហោះប្រភេទនេះ បានទៅហោះហើរទៅកាន់វេណេហ្ស៊ុយអេឡាផងដែរ ។
ទំនាក់ទំនងរវាងរុស្ស៊ី នឹងអាមេរិក នាពេលបច្ចុប្បន្ននេះ ពិតជាផុយស្រួច ដោយសារបញ្ហានៅអ៊ុយក្រែន និងសង្គ្រាមនៅស៊ីរី ក៏ដូចបញ្ហាចោទប្រកាន់រុស្ស៊ីជ្រៀតជ្រែកចូលកាន់ការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ជាដើម ។ រុស្ស៊ីបាននិងកំពុងប្រឈមជាមួយអាមេរិក និងសម្ពន្ធមិត្តអង្គការអូតង់ ដែលដាក់ពង្រាយសព្វាវុធ នៅកៀកកើយព្រំដែនរបស់ខ្លួន ។

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ Rob Manning ថ្លែងថា ខណៈដែលគេគ្រប់គ្នាបាននិងកំពុងប្រឹងប្រែងដល់បញ្ហាមនុស្សធម៌ជួយដល់ជនរងគ្រោះវេណេហ្ស៊ុយអេឡានោះ រុស្ស៊ីបែរជាបញ្ជូនយន្តហៅទម្លាក់គ្រាប់ទៅកាន់ប្រទេសនេះ ក្រៅពីអំពើមនុស្សធម៌ទៅវិញ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print