អាណិតណាស់ លោកតាវ័យ៦១ឆ្នាំ ដើរឆ្លងថ្នល់ ត្រូវអ្នកបើកបររថយន្តបុកនិងកិនស្លាប់

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​ ៖​ លោកតាវ័យ៦១ឆ្នាំម្នាក់ជួបគ្រោះថ្នាក់​ចរាចរណ៍​ដ៏​​រន្ធត់​មួយ បណ្ដាលឲ្យស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះបង្ក​ឡើង​ដោយអ្នកបើករបររថយន្ត​ម៉ាក​ហ៊ី​ណូ​ បុក គ្រាដែលលោកតា​កំពុងដើរលើចិញ្ចើមផ្លូវថ្នល់ ។

  ហេតុការណ៍​នេះបាន​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​២៥​នាទី ល្ងាចថ្ងៃច័ន្ទ ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥​ ត្រង់​ចំណុច​ទល់​មុខ​ម​ជ្ឍ​ម​មណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្តពោធិ៍សាត់​ ស្ថិត​នៅ​ភូមិ​វត្ត​លួង​ សង្កាត់​លលកស​ ក្រុង​-ខេត្ត ពោធិ៍សាត់​ ។​

​ ​លោក អនុសេនីយ៍ឯក ឈឿន ឃឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលលលកសបាន​ឲ្យ​ដឹង​ថា​ លោកតារងគ្រោះ ឈ្មោះ​ អុក​ គឹ​ម​ហ៊​ន​ ភេទ​ ប្រុស​ អាយុ​៦១​ឆ្នាំ​  រស់នៅ​ភូមិ​-​សង្កាត់កើតហេតុ​ខាងលើ​។  លោកថា នៅមុនកើតហេតុ លោកតាដើរឆ្លងផ្លូវថ្នល់ ពីត្បូងទៅជើង រួចដើរទៅទិសខាងលិចសំដៅតូបលក់ដូរ ស្រាប់តែមានរថយន្ត ១គ្រឿងបុកពីក្រោយទាំងកម្រោល ថែមទាំងកិនស្លាប់យ៉ាងរន្ធត់តែម្ដង អ្នកបើកបររថយន្តបង្ក ឃើញដូច្នេះបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

 ​លោក អនុសេនីយ៍ឯក ឈឿន ឃឿនឲ្យដឹងថា  រថយន្តបង្កហេតុម៉ាក ហុីណូ ពណ៏ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3D 0571 បានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។ ចំណែកជនរងគ្រោះ(ស្លាប់)បានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារសាច់ញាតិទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print