មេគយ នឹម ផល្លី គឃ្លើនមែនហ៊ានប្រើឈ្មោះលោកបណ្ឌិតគុណ ញឹម ជំរិតគាបសង្កត់ឈ្មួញឲ្យបង់ប្រាក់

ចែករំលែក៖

ភ្នំពេញ៖ មិនមែនជារឿងធម្មតានោះទេ ក្នុងនាមជាមន្ត្រីរដ្ឋបាលមុខងារសាធារណៈ លោកនឹម ផល្លី ប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌចំការមន បាននិងកំពុងប្រព្រឹត្ត​ នូវតួនាទីភារកិច្ចរបស់ខ្លួន ខុសពីនីតិវិធីគយ និងគឃ្លើនយ៉ាងធ្ងន់ធ្ងរ ហ៊ានយកឈ្មោះ លោកបណ្ឌិតគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទៅជំរិតគាបសង្កត់ បង្ខំឲ្យឈ្មួញបង់ប្រាក់ តាមទំនើងចិត្តរបស់ខ្លួនទាមទារ ហើយការប្រព្រឹត្តអំពើពុករលួយមកលើឈ្មួញ ជះឥទ្ធិពលដ៏អាក្រក់នេះ គឺលោកនឹម ផល្លី មានចេតនា យកឈ្មោះបណ្ឌិតគុណ ញឹម មកគ្របដណ្តប់ឈ្មួញ ពង្រីកឥទ្ធិពល​ខ្លួនឯង និងបង្កើតក្រុមមន្ត្រីគយ​៤ទៅ៥នាក់ ឲ្យចាប់ឡានដឹកទំនិញ ដោះលែងថ្នូរនឹងការបង់ប្រាក់ ប្រចាំថ្ងៃ ប្រចាំខែ យ៉ាងល្បីពេញខណ្ឌចំការមនោះទៅហើយ ។

ក្រុមឈ្មួញបានបញ្ជាក់ថា បើពួកគាត់ដឹកទំនិញជាប្រភេទឡានតូច១តោនកន្លះទៅ៥តោន លោកនឹម ផល្លី និងមន្ត្រីរបស់គាត់ ពិតជាគ្មាន​ការយោគយល់ ខ្វះវិជ្ជាជីវៈជាមន្ត្រីគយ អនុវត្តខុសនីតិវិធី ដឹងតែចាប់បង្ខំឲ្យបង់ប្រាក់ក្នុងមួយឡាន ពី៣០ដុល្លារទៅ៥០ដុល្លារ ។ ដោយឡែកសម្រាប់រថយន្តប្រភេទយីឌុបវិញ លោកនឹម ផល្លី និងបក្ខពួកពុំបានគិតថា ការដឹកជញ្ជូននេះ មានពន្ធ ឬគេចពន្ធនោះឡើយ ដឹងតែតម្រូវឲ្យបង់ក្នុងមួយឡាន ១០០ដុល្លារទៅ១៥០ដុល្លារ ឬ២០០ដុល្លារ ឲ្យតែឈ្មួញទាំងនោះដឹកជញ្ជូនទំនិញឆ្លងកាត់ទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្រៅពីអំពើពុករលួយបែបនេះ លោកនឹម ផល្លី ប្រធានការិយាល័យគយ និងរដ្ឋាករណ៍ខណ្ឌចំការមន បង្កើតនូវល្បិចដ៏អាក្រក់បំផុត ឲ្យមន្ត្រីរបស់ខ្លួនចុះទៅយកលុយតាមទីតាំងឃ្លាំងស្តុកទំនិញ ក្នុងមួយខែមួយកន្លែង ទៅតាមទីតាំងឃ្លាំងតូច ឬធំ មាន២០០ដុល្លារ, ១ពាន់ដុល្លារ ឬ២ពាន់ដុល្លារក្នុងមួយខែៗសម្រាប់ឃ្លាំងនីមួយៗ ។

ដោយសារតែការអនុវត្តតួនាទីភារកិច្ច ពោរពេញទៅដោយអំពើពុករលួយ ហើយប៉ះពាល់ធ្ងន់ធ្ងរពេកទៅលើអាជីវករ ក្រុមហ៊ុន លោកនឹម ផល្លី ប្រមាណជា២ខែមុននេះ ត្រូវបានលោកបណ្ឌិតគុណ​ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគរ និងរដ្ឋាករកម្ពុជា ហៅមកស្តីបន្ទោសស្ទើរតែដកតំណែង និងទុកពេលឲ្យកែខ្លួន ផ្ទុយទៅវិញ មិនត្រឹមតែមិនបានកែខ្លួន ឬស្តាប់ការណែនាំរបស់បណ្ឌិតគុណ ញឹមនោះទេ លោកនឹម ​ផល្លី កាន់តែបង្កើតនូវរឿងរ៉ាវដ៏អាក្រក់ អំពើពុករលួយជំរិតគាបសង្កត់បង្ខំឲ្យឈ្មួញ ដឹកជញ្ជូនទំនិញឆ្លងកាត់ ខណ្ឌចំការមនឲ្យបង់ប្រាក់ រកលុយ​ពីទីតាំងឃ្លាំងដាក់ទំនិញ ដោយលោកនឹម ផល្លឺ និងបក្ខពួក លើកហេតុផលទៅកាន់ក្រុមឈ្មួញទាំងនោះថា នេះជាគោលការណ៍របស់«ឯកឧត្តមប្រតិភូ» ដើម្បីឲ្យប្រមូលព័ន្ធឲ្យគ្រប់តាមគោលការណ៍ ប៉ុន្តែក្រុមឈ្មួញបាននិយាយថា ទាំងការឈឺចាប់ថា ពួកគាត់មិនល្ងង់ដល់ថ្នាក់ ការយកលុយបែបនេះ ជាការប្រមូលព័ន្ធជូនរដ្ឋនោះទេ ព្រោះគ្មាន​គោលការណ៍ គ្មានវិក័យបត្រត្រឹមត្រូវ គឺតម្រូវឲ្យបង់តាមការទាមទារ ជាប្រយោជន៍ដាក់ហោប៉ៅរបស់ពួកគេតែប៉ុណ្ណោះ ។​

ពាក់ព័ន្ធនឹងករណី​ក្រុមឈ្មួញលើកឡើងខាងលើនេះ លោកនឹម ផល្លី ប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌចំការមន បានបដិសេធន៍ ថាលោកមិនបានប្រព្រឹត្តដូចការរិះគន់នោះទេ តាមទូរស័ព្ទជាមួយអង្គភាពនគរវត្តនារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោកនឹម ផល្លី បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំមិនបាន​ប្រព្រឹត្តបែបនេះ យក​លុយពីឈ្មួញ ឬឲ្យមន្ត្រីចុះធ្វើការផ្តេសផ្តាស់ខុសពីគោលការណ៍នោះទេ ។

ដោយឡែកក្នុងករណីដែល​ត្រូវបានគេលើកឡើងថា ក្នុងរយៈពេល២ខែមុន លោកត្រូវបាន​លោកបណ្ឌិតប្រតិភូហៅស្តីបន្ទោសនោះ តាមទូរស័ព្ទជាមួយអង្គភាពនគរវត្ត លោកមិនបានធ្វើការបកស្រាយ គ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ខ្ញុំមិនបានធ្វើអ្វីខុសទេ សូមមេត្តាយោគយល់ ហើយ​កុំឲ្យប្រតិភូគាត់យល់ច្រឡំ ។ ដោយឡែកលោកបណ្ឌិតគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនបានធ្វើអត្ថាធិប្បាយក្នុងរឿងនេះទេ តាមទូរស័ព្ទនៅថ្ងៃ ខែ ឆ្នាំដដែលនេះ លោកគ្រាន់តែប្រាប់ថា សុំទោសផង ដោយសារតែខ្ញុំមានធុរៈការងារប្រជុំ មេត្តាយោគយល់ រួចក៏បិទទូរស័ព្ទ ៕ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print