ខេត្តកណ្តាល ៖ លោក ប៉ោ សេង អ្នកវិនិយោគផ្សារស្អាង ដែលល្បីឈ្មោះ ក្នុងការគាបសង្កត់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋ លក់ដូរបន្តិចបន្តួចតាមកញ្ច្រែង គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងតម្រូវឲ្យបង់ភាស៊ី បង្កើតជាភាពចម្រូងចម្រាស់មិនចេះចប់មិនចេះហើយ ជាមួយអាជីវករ និងប្រជាពលរដ្ឋស្រុកស្អាង ។ ពិសេសលោកប៉ោ សេង យកភាស៊ីលើសសៀវភៅបន្ទុក គ្មានការអភិវឌ្ឍ សាងសង់ រៀបចំបណ្តាញលូ ចាក់បេតុង ឬធ្វើផ្សារស្អាងថ្មីនោះទេ ដែលទាំងរដូវវស្សា និងរដូវប្រាំង ផ្សារស្អាងក្លាយទៅជា ទីតាំងភក់កខ្វក់ សំរាមស្អុយពាស់វាលពាស់កាល ទីបំផុត ទាំងអាជ្ញាធរស្រុក ទាំងខាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ទាំងអស់អាជ្ញាធរខេត្តផងដែរ មិនបានអើពើចំពោះការវិនិយោគផ្សាររបស់លោកប៉ោ សេង នោះឡើយ ។
ថ្មីៗនេះ លោកប៉ោ សេង ថែមទាំងបានដេញថ្លៃភាស៊ីផ្សារកោះធំ សុទ្ធតែកើតឡើងដោយអំពើឃុបឃិតគ្នារវាងបុគ្គលប៉ោ សេង នឹងក្រុមគណៈកម្មការដែលមានគ្រប់ស្ថាប័ន មិនតែប៉ុណ្ណោះ ការដេញថ្លៃភាស៊ី គ្រប់ប្រភេទទូទាំងខេត្តកណ្តាល សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០១៨នេះ លោកប៉ោ សេង ពិតជាមានឥទ្ធិពល និងអំណាចខ្លាំងក្លាមែន គាត់ដេញថ្លៃភាស៊ីផ្សារកៀនស្វាយ បានមួយទៀត ក្នុងតម្លៃត្រឹមតែ១០.៥០០.០០០រៀល ប៉ុណ្ណោះ ហើយការដេញថ្លៃនេះគ្មានគូប្រកួតប្រជែង មានតែបុគ្គលប៉ោ សេង ម្នាក់ប៉ុណ្ណោះ ដូច្នេះគាត់មានឱកាសទម្លាក់តម្លៃ ក្នុងមួយឆ្នាំ ភាស៊ីត្រឹមតែ១០.៥០០.០០០រៀល ជាតម្លៃទាបបំផុត ។ ក្នុងនោះមន្ត្រីសាលាស្រុកបានលើកឡើងថា បើមានក្រុមហ៊ុនផ្សេងទៀតចូលរួមប្រកួតប្រជែង ដេញថ្លៃជាលក្ខណៈស្របច្បាប់ តម្លាភាព និងយុត្តិធម៌ គណៈកម្មាធិការមិនពាក់ព័ន្ធនឹងអំពើពុករលួយ ការដេញថ្លៃភាស៊ីផ្សារកៀនស្វាយនេះ យ៉ាងតិចក៏រដ្ឋត្រូវបានចំណូលក្នុងមួយឆ្នាំជាង៣០លានរៀលនោះដែរ ។
ផ្ទុយទៅវិញ ការដេញថ្លៃភាស៊ីផ្សារកៀនស្វាយដែលមានតែបុគ្គលោ ប៉ោ សេង ម្នាក់ឯងនេះ ត្រូវបានគេលើកហេតុផលថា ក្រុមហ៊ុនដទៃផ្សេងទៀតគ្មានសិទ្ធិចូលដេញថ្លៃ ដោយសារតែគ្មានទីតាំងរណ្តៅសម្រាប់ចាក់សំរាម ប៉ុន្តែ រាល់ការផុតអាណត្តិវិនិយោគរបស់អាជីវករលើផ្សារនីមួយៗ ពួកគេ ដែលមានសិទ្ធិចូលដេញថ្លៃ គឺមានភារកិច្ចទទួលខុសត្រូវ រកទិញដីសម្រាប់ជាទីតាំងធ្វើរណ្តៅចាក់សំរាម ពេលដែលដេញថ្លៃបាន ប៉ុន្តែការដេញថ្លៃកើតឡើងដោយអំពើពុករលួយនោះ ទើបធ្វើឲ្យលោក ប៉ោ សេង ដេញថ្លៃតែម្នាក់ឯង បញ្ចុះតម្លៃតាមចិត្តខ្លួនឯង ក្រោមក្រសែភ្នែកគណៈកម្មាធិការ សុទ្ធតែត្រូវបានគេសង្ស័យទទួលបាននូវទឹកតែណាមួយ ។
លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល អង្គភាពនគរដ្រេហ្គនមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ជុំវិញការដេញថ្លៃដែលមានបេក្ខជនតែម្នាក់នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។
ដោយឡែកអាជ្ញាធរខេត្តកណ្តាល ជាញឹកញាប់ក៏ត្រូវបានអាជីវកររិះគន់ផងដែរថា ហាក់ដូចជាពុំបានទទួលខុសត្រូវ គ្រប់គ្រងនិពិនិត្យឲ្យបានដិតដល់ ទៅលើក្រុមអាជីវករវិនិយោគផ្សារនោះឡើយ ជាពិសេស បុគ្គល ប៉ោ សេង វិនិយោគផ្សារស្រុកស្អាង គាត់បានគាបសង្កត់ទៅលើប្រជាពលរដ្ឋលក់ដូរបន្តិចបន្តួច ជាបន្លែ ត្រី កញ្ច្រែង ចង្អេ យកភាស៊ីថ្លៃកប់ពពក និងប្រឈមនឹងការប្រមាថ សម្លុត ស្តីបន្ទោស ទៅលើប្រជាពលរដ្ឋទាំងនោះ មានទាំងការស្រែកទ្រហ៊ោយំឲ្យរកយុត្តិធម៌ ពេលក្រុមអ្នកប្រមូលភាស៊ី ទាត់កញ្ច្រែង ជះរបស់របរពួកគាត់ចោល ដោយការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋនោះ ក៏គ្មានអ្នករកយុត្តិធម៌និងអន្តរាគមន៍ឡើយ ។
ឥឡូវដោយសារឥទ្ធិពលលុយ និងបញ្ហាបក្ខពួកនិយម ការដេញថ្លៃភាស៊ីគ្រប់ប្រភេទទូទាំងខេត្តកណ្តាល សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០១៨នេះ លោកប៉ោ សេង ដេញបានច្រើនជាងគេ តម្លៃថោកខុសពីប្រក្រតី ប្រឈមទៅនឹងការរិះគន់យ៉ាងខ្លាំងពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីសាលាខេត្ត ដោយចាត់ទុកថា លោកប៉ោ សេង បានរៀបចំ ជាក្រុមហ៊ុនតូចៗ ស្ថិតនៅក្នុងកណ្តាប់ដៃរបស់ខ្លួន បង្កើតឲ្យបានចូលរួមដេញថ្លៃ គ្រាន់តែបំពេញកិច្ច រួចហើយចាំទទួលទឹកតែតែប៉ុណ្ណោះ ៕ ស្អាងជ័យ