ឆក់ទូរស័ព្ទបានសម្រេចបើកម៉ូតូគេចខ្លួន នគរបាលឃាត់ខ្លួនបាន ធ្វើមុខស្ញេញ

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យ​ម្នាក់ធ្វើសកម្មភាពឆក់ទូរ​សព្ទ​ដៃ​ពីបុរសម្នាក់​បានសម្រេច ​ព្យាយាម​ជិះ​រត់​គេច​ខ្លួន​ តែ​ត្រូវ​ជនរងគ្រោះ​ និងប្រជាពលរដ្ឋ​ជិះដេញ​តាម​ឃាត់ខ្លួនបានប្រគល់​ឲ្យ​សមត្ថកិច្ច។

ហេតុការណ៍នេះបង្កឲ្យមានការ​ភ្ញាក់ផ្អើល​ឡើងនៅម៉ោង​៩​យប់​ ថ្ងៃទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅតាមបណ្តោយផ្លូវ​២០០៤ខាងមុខ​ស្ថានីយ​ប្រេង​ឥន្ធន:​ តូតាល់​ ​ស្ថិត​ក្នុង​សង្កាត់​អូរបែក​ក្អម​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ​ដែលឃាត់ខ្លួន​មាន​ឈ្មោះ​ ហួន​ សិទ្ធិ​ ​ អាយុ​១៨ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ ស្នាក់នៅ​សង្កាត់​បឹងសាឡាង​ ខណ្ឌ​ទួល​គោក​។

ប្រភពពត៌មាន​ពី​នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅ​មុន​ពេល​កើត​ហេតុ​ជន​សង្ស័យ​បើក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ ហុងដាស្កុបពី ពណ៌ខៀវ​លាយ​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GS-2257 តាមបណ្តោយផ្លូវលេខ​២០០៤​ ក្នុងទិស​ដៅ​ពីលិចទៅកើត។

ជនសង្ស័យ​​បាន​ធ្វើសកម្ម​ភាព​ឆក់ទូរ​សព្ទ​ដៃ​មួយគ្រឿងម៉ាក​អាយហ្វូន​ ពីបុរសម្នាក់​មិនស្គាល់​អត្តសញ្ញាណ​ដែល​ជិះម៉ូតូ​និយាយ​ទូរសព្ទ​​ បានសម្រេច​។ ភ្លាមៗនោះ​ជនសង្ស័យ​​បាន​ព្យាយាម​បើក​រត់​គេច​ខ្លួន​ តែត្រូវជនរងគ្រោះ​ជិះម៉ូតូ​ដេញតាមពីក្រោយ​និងស្រែកឆោឡោរហូត​ មកដល់ចំណុចកើត​ហេតុ​ដោយ​ជន​សង្ស័យ​​ភ័យ​ស្លន់ស្លោ​ពេក​ក៏​ជិះ​ម៉ូតូ​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ ត្រូវ​បុរស​ជាជនរងគ្រោះ ​និងប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះចាប់បាន​និងស្វាគមន៍​ម្នាក់មួយ​ដៃ​មួយជើង​​ ហើយជនរងគ្រោះ​បាន​យកទូរ​សព្ទ​ដៃ​របស់​ខ្លួន​ពី​ជនសង្ស័យ​ត្រឡប់​ទៅ​វិញ​ រួច​ជិះ​ម៉ូតូ​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់ទៅ​។

នៅចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ដៃ​ពី​ជន​រងគ្រោះ​​ពិត​ប្រាកដ​មែន​ ហើយកន្លងមក​រូប​គេ​ក៏ធ្លាប់ធ្វើសកម្មភាព​ឆក់​ទូរសព្ទ​ដៃ​ពីប្រ​ជាពលរដ្ឋ​ដែល​ធ្វើដំណើរ នៅខាងមុខ​វិទ្យាល័យ​សន្ធរម៉ុក​ម្តង​ដែលរ តែមិន​បាន​សម្រេច​។

បន្ទាប់ពី​​កើត​ហេតុ​ ជនសង្ស័យ​​រួមទាំង​វត្ថុ​តាំង​ត្រូវ​បាន​សមត្ថកិច្ច​​នាំយក​ទៅសួរនាំនៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អូរបែក​ក្អម​​ និង​បញ្ជូន​បន្ត​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ ​​រង់ចាំ​ចាត់ការបន្តតាម​នីតិវិធី​​ ៕ ​ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print