នគរបាល​ចរាចរ​ណ៍ផ្លូវទឹក​ខេត្ត​ព្រះសីហនុ បើក​ប្រតិបត្តិ​ការ​ពេញ​មួយ​យប់​ ដើម្បី​រុករក​ជនជាតិ​ចិន​ម្នាក់​ ជិះ​ម៉ូតូ​ទឹក​បាត់​ខ្លួន​លើ​ផ្ទៃសមុទ្រ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖ លោក​ឧត្តម​សេនីយ៍ត្រី​ណុប​ បញ្ញា​ស្នងការ​រង​ទទួល​ការងារ​ទេសចរណ៍​និង​ចរាចរណ៍​ផ្លូវ​ទឹក​ បាន​​ឲ្យ​ដឹង​ថា៖ នៅវេលាម៉ោង១៧ៈ០០នាទី​ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ជនជាតិចិន​មាន​គ្នា​ ៦នាក់​ បាន​ជួល​ម៉ូតូទឹក​ ៣គ្រឿង​ របស់ម្ចាស់ឈ្មោះ អ៊ុន សៀប ដែលមានទីតាំងនៅមុខតូប៩៩១​ នាំគ្នាជិះលេងកម្សាន្តផ្លាស់ប្តូរគ្នា​ ម្តង​ម្នាក់​ៗ​ បានរយះពេល១៥នាទី​ ក៍នាំគ្នាជិះម៉ូតូទាំង៣គ្រឿង​ ទៅលេងជុំវិញកោះត្រេះ​ ប៉ុន្តែ​មាន​បុរស​ម្នាក់​មិន​ទាន់​ត្រឡប់​មកវិញ​ទេ​ នៅ​បន្ត​ជិះ​១ជុំទៀត​ រហូតដល់ម៉ោង១៧​:៣០​នាទី​ មិនឃើញ​ត្រឡប់​មកវិញ​ ទើបមានការឆោឡោ។

លោក​ឧត្តម​សេនីយ៍​ត្រី​ ណុប​ បញ្ញា បានបញ្ជាក់ថា៖ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ លោក​ឧត្តម​សេនីយ៍​ទោ​ជួន​ ណា រិន្ទ ស្នងការនគរបាលខេត្ត​ បាន​បញ្ជា​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​លើ​ផ្ទៃសមុទ្រ​ សហការ​គ្នា​ចេញ​ល្បាត​រក​ជន​រង​គ្រោះ​ជា​បន្ទាន់​។

លោក​ណុប​ បញ្ញា​ ស្នងការ​រង​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក​និង​ទេសចរណ៍​ ប្រើប្រាស់​អូរ​ប័រចំនួន​២ គ្រឿង​ ចេញ​ល្បាត​លើ​ផ្ទៃសមុទ្រ​ និង​ម៉ូតូ​ទឹក​ចំនួន៩គ្រឿង(របស់ម្ចាស់ម៉ូតូទឹក)និងអូប័រចំនួន១គ្រឿង​ ព្រម​ទាំង​បានទំនាក់ទំនងផ្តល់ពត៏មានទៅ​អង្គភាពព្រំដែនទឹក​ និងអង្គភាពសន្តិសុខលំហសមុទ្រដើម្បីជួយស្វែងរក។

ប៉ុន្តែ​យប់​ងងឹត​ មិន​អាច​រក​ឃើញ​ភ្លាម​ៗ​ឡើយ​ លុះ​ភ្លឺ​ឡើង​ ទើប​រក​ឃើញ​ជន​រង​គ្រោះ​និង​ម៉ូតូ​ទឹក​ ដែល​រសាត់​អណ្តែត​ នៅ​ខាង​ត្បូង​ឆ្នេរ​សមុទ្រ​អូរ​ឈើទាល​ប្រមាណ​ជិត​១៧គីឡូម៉ែត្រ​ ពី​ច្រាំង​សមុទ្រ​។

ជនរងគ្រោះមានឈ្មោះ RAO GUANG ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED 9714953 ចុះថ្ងៃទី៧ ខែ៨ ឆ្នាំ២០១៨ ។

លោក​ណុប​ បញ្ញា​ បានបញ្ជាក់ថា​៖ មូល​ហេតុ​ដែល​មិន​អាច​បើក​ម៉ូតូ​ត្រឡប់​មកវិញ​បាន​ ដោយ​សារ​ម៉ូតូ​អស់​សាំង​។ ពេល​នាំ​មក​ដល់​ដី​គោក​ ជន​រង​គ្រោះ​ មាន​សុខភាព​ហត់នឿយ​បន្តិច​ ប៉ុន្តែ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​ទេ​៕ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print