Update : បន្ទាប់ពីជំនួញឈើគ្រញូង លោកស្នងការរង ហ្ស៊ីន ស្រ៊ីលាភ បែកធ្លាយបន្ថែមថាទិញឈ្មោះជួប ភារុណ ចូល​ក្រប​ខ័ណ្ឌនគរបាលជាតិ (មានវីដេអូ)

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ករណីមន្ត្រីនគរបាល ឋានៈនាយរងប៉ុស្តិ៍ស្អំ ឈ្មោះ យ៉ា សុផល នៃវរសេនាតូចការពារព្រំដែនគោក លេខ៦១៥ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានមានវត្តមានមករារាំងមន្ត្រីរាជការសាធារណៈកំពុងបំពេញ តួនាទីបង្ក្រាបបទល្មើសដឹកជញ្ជូនឈើគ្រញូង ក្នុងបទល្មើសជាក់ស្តែង និងឈានដល់ប្រើហិង្សាលើសមត្ថកិច្ច បណ្តាលឲ្យរងរបួស បានក្លាយទៅជាប្រធានបទយ៉ាងសំខាន់ ដែលថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ អាជ្ញា ធរខេត្ត ។ ក្នុងនោះសូម្បីតែលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានធ្វើកិច្ចការនេះ ដោយយកចិត្តទុកដាក់បំផុត តាមរយៈការកោះហៅមន្ត្រីនគរបាលពាក់ព័ន្ធមកធ្វើកំណត់ហេតុ ស្តាប់ចម្លើយរកឲ្យ ឃើញនូវតម្រុយពិរុទ្ធភាព ក្នុងការដាក់វិន័យរដ្ឋបាលក្នុងជួរកម្លាំងប្រដាប់អាវុធ ។

គួររំឭកថា កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ មានកម្លាំងចម្រុះនគរបាលខេត្ត ជំនាញរដ្ឋបាលព្រៃឈើ បង្ក្រាបការដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ចំនួន២រថយន្តតូច នូវលើកំណាត់ផ្លូវជាតិ លេខ៧ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏កើតឡើងនូវហិង្សាពីសមត្ថកិច្ចក្នុងសម្លៀកបំពាក់ជាជនស៊ីវិល  បានចេញមុខមករារាំងសមត្ថកិច្ច ប្រមាថ សម្លុត តាមរយៈបញ្ជាពីលោកស្នងការរង ហ្ស៊ីន ស្រ៊ីលាភ ដែលមានវត្ត មាននៅទីនោះ ខណៈរថយន្តដឹកឈើទាំង២គ្រឿង ត្រូវបានគេទម្លាយថា ជារថយន្តដឹកឈើរបស់លោកស្នងការ រងរូបនេះ ទើបកូនចៅរបស់ខ្លួននាយរងប៉ុស្តិ៍ស្អំឈ្មោះ យ៉ា សុផល មិនអនុញ្ញាតឲ្យសមត្ថកិច្ចចម្រុះបង្ក្រាប ថែម ទាំងគំរាម បើអ្នកណាហ៊ានចាប់រថយន្តនេះ ពួកអ្នកឯងមិនអាចរកស៊ីបទល្មើសក្នុងទឹកដីស្រុកមេមត់ខេត្តត្បូងឃ្មុំ នេះបានឡើយ ចាំតែមើលទៅ…។

ក្នុងសកម្មភាពលោក យ៉ា សុផល មករារាំងមន្ត្រីរាជការសាធារណៈបង្ក្រាបបទល្មើសជាក់ស្តែង ក៏ឈានដល់ប្រើ ហិង្សាទៅលើសមត្ថកិច្ច ។ ជំហ៊ានដំបូងត្រូវបានគេបង្ហើបថា លោក យ៉ា សុផល បានវាយមួយដៃចំកញ្ចប់មាត់ មន្ត្រីរដ្ឋបាលព្រៃឈើ ប៉ុន្តែនៅព្រលប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរ បាលខេត្តបានបកស្រាយថា នាយរងប៉ុស្តិ៍ស្អំឈ្មោះ យ៉ា សុផល​ មិនបានវ៉ៃទៅលើមន្ត្រីរដ្ឋបាលព្រៃឈើនោះទេគឺ ស្ថិតក្នុងស្ថានភាពអាការស្រវឹង ប្រកែកគ្នា ហើយយកដៃទៅរារាំង កុំឲ្យគេថតរូបក៏ប៉ះចំលើមន្ត្រីសមត្ថកិច្ចដែល លោកប្រើឲ្យទៅធ្វើកិច្ចការនៅទីនោះ ។ លោកស្នងការបន្តថា ពេលនោះក៏មានវត្តមានលោកស្នងការរងមួយរូប ឈ្មោះ ជួប ភារុណ ហៅលាភ (លោក ហ្ស៊ីន ស្រ៊ីលាភ ទិញឈ្មោះប៉ូលិសពីឈ្មោះ ជួប ភារុណ ចូលក្របខ័ណ្ឌ) នៅលើរថយន្ត (កន្លែងកើតហេតុ) ។ ប៉ុន្តែគាត់មិនបានមកចូលរួមរារាំងសមត្ថកិច្ចនោះទេ ។

ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ខាងលើ យ៉ាងតិចមានមន្ត្រីនគរបាល៣រូប ដែលត្រូវកោះហៅមកសាកសួរជា បឋម គឺលោក យ៉ា សុផល នាយរងោប៉ុស្តិ៍ស្អំ និងមន្ត្រីនគរបាលឈ្មោះ ទាវ និងឈ្មោះ ទៀង សុទ្ធតែជានាយរង ប៉ុស្តិ៍ស្អំ ត្រូវហៅមកសាកសួរ ដើម្បីពិន័យរដ្ឋបាលក្នុងលក្ខខណ្ឌណាមួយ បើសិនរកឃើញកំហុស ។

លោក ហ្ស៊ីន ស្រ៊ីលាភ ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ បន្ទាប់ពីមានជាប់ពាក់ព័ន្ធនឹងជំនួញឈើគ្រញូងក្នុងខេត្ត ត្បូងឃ្មុំ លោកក៏ត្រូវបែកធ្លាយថា ចូលក្របខ័ណ្ឌនគរបាលជាតិគឺទិញឈ្មោះនគរបាលពីឈ្មោះ ជួប ភារុណ តាំង ពីស័ក្តិតូច រហូតដល់តួនាទីជាស្នងការរង ប៉ុន្តែគ្មានផែនទទួលការងារ ។

លោកស្នងការរង ហ្ស៊ីន ស្រ៊ីលាភ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ជាមួយអង្គភាពនគរវត្តដ្រេហ្គនលោកបាន បញ្ជាក់ថា ចំពោះករណីកើតហេតុនោះ ខ្ញុំមិនដឹងទេ ដោយសារជាប់មានភារកិច្ចនៅឯខេត្តកោះកុង ។ លុះព្រឹក ឡើងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ខ្ញុំក៏បន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែងជាមួយនឹងការហត់នឿយសឹងតែរកពេល សម្រាកទទួលទានអាហារមិនបានផង ។ ដូច្នេះរឿងអីដែលគេថា ខ្ញុំមានវត្តមាននៅកន្លែងកើតហេតុ និងបញ្ជាឲ្យ នគរបាលវ៉ៃមេព្រៃនោះ គ្មានគ្មានទេ ។ លោកស្នងការរងបន្តថា ខ្ញុំនិយាយការណ៍ មិនភូតភរ គឺរាល់ថ្ងៃនេះ ខ្ញុំរវល់   ខ្លាំងណាស់ រឿងដើរសាងសង់សាលាជូនថ្នាក់លើ ដូច្នេះខ្ញុំមានពេលឯណាមករកស៊ីបទល្មើសឈើ?

គួរបញ្ជាក់ផងដែរថា មុនពេលកើតហេតុ ករណីលោកស្នងការរង ហ្ស៊ីន ស្រ៊ីលាភ បញ្ជាឲ្យមន្ត្រីនគរបាលរបស់ខ្លួន រារាំងសមត្ថកិច្ចបង្ក្រាបបទល្មើសដឹកជញ្ជូនឈើ ដែលជាឈើរបស់ខ្លួន និងប្រើហិង្សាលើសមត្ថកិច្ចក៏មានករណី មួយផ្សេងទៀតគឺលោកស្នងការរងមួយទៀតត្រូវបានចាប់រថយន្តយីឌុបដឹកដំឡូងមីបង្កប់ឈើប្រណីត រួចហើយ ក៏ សម្របសម្រួលដោះលែង ប៉ុន្តែករណីនេះ ដឹងដល់លោកផ្កាយ២ បែន រ័ត្ន ក៏បញ្ជាឲ្យចាប់មកវិញ ព្រមទាំង ប្រមូលចាប់យកវត្ថុតាង ធ្វើសំណុំរឿងតាមនីតិវិធី ក៏ដូចជាឲ្យលោកស្នងការរងដែលដោះលែងរថយន្តដឹកបទ ល្មើសបញ្ជាក់ឲ្យបានត្រឹមត្រូវ មូលហេតុអ្វីបានដោះលែង នរណាខ្លះពាក់ព័ន្ធ? មានឋានៈតួនាទីជាស្អី រថយន្តនេះ ចេញដំណើរពីណាទៅណា? ហេតុអីក៏ឲ្យដឹកឈើចេញទៅទឹកដីវៀតណាម? ហើយហេតុអី្វក៏ឲ្យរថយន្តយីឌុបមួយ នេះបានធ្វើសកម្មភាពដោះដូរស្លាកលេខ១ថ្ងៃ៣ដង? ចុងក្រោយបែរជាគ្មានស្លាកលេខ? ដូច្នេះលោកស្នងការ ថែមទាំងបញ្ជាឲ្យកសាងសំណុំរឿងមួយទៀតពាក់ព័ន្ធនឹងរថយន្តនេះគ ពាក់ស្លាកលេខក្លែងក្នុងបទព្រហ្មទណ្ឌ ដោយគ្មានការលើកលែង ។

ស្នងស្នងការបានលើកឡើងថា  ករណីខ្លះខ្ញុំមិនបានដឹង ដោយសាររយៈពេល៣ថ្ងៃ ខ្ញុំមានភារកិច្ចឡើងមក ភ្នំពេញចូលរួមសន្និបាតប៉ុន្តែរឿងដែលកើត លោកត្រូវតែទទួលខុសត្រូវនឹងចាត់វិធានការណ៍ ៕ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print