ផ្តើមល្បីលើការម្តែង ម៉ក់ ឈុនលី ចង់ចាប់អាជីពពិធីករបន្ថែម

ចែករំលែក៖

ភ្នំពេញ៖ តួឯកប្រុសក្មេងក្នុង រឿង “ផ្កាថ្ម” គឺក្មេងប្រុស ម៉ក់ ឈុនលី ចាប់ផ្តើមមានទីផ្សារខ្លាំងលើកការងារសម្តែង ក្រោយពីផលិតករធំៗបានទទួលស្គាល់ពីសមត្ថភាព ទេពកោសល្យក្នុងការសម្តែង និងរូបរាងស្រស់សង្ហានោះ។ ក្រោយពីពង្រីការងារក្នុងអាជីពសម្តែងថ្មីៗបន្តបន្ទាប់តារាប្រុសរូបនេះមានគម្រោងទទួលការងារជាពីធីករថ្មីមួយបន្ថែមទៀតដើម្បីក្រសោបយកឱកាសលេចមុខមាត់កាន់តែខ្លាំងនៅថ្ងៃអនាគត។
ស្ថិតក្នុងវ័យ១៥ ឆ្នាំ ម៉ក់ ឈុនលី ក្តាប់បានឱកាសការសម្តែងថ្មីៗបន្តបន្ទាប់។ ខណៈពេលនេះសិស្សថ្នាក់ទី១០នៃសាលាប៊ែលធីអន្តរជាតិរូបនេះបញ្ជាក់ថា បច្ចុប្បន្នខ្លួនកំពុងថតភាពយន្តពីក្នុងពេលតែមួយ ប៉ុន្តែតារារូបនេះស្នើសុំមិនទាន់បញ្ចេញចំណងជើងខ្សែភាពយន្តខាងលើ និងមានការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម និងសម្តែងក្នុងបទចម្រៀងមួយចំនួនផងដែរ។ ក្រៅពីនេះគេក៏កំពុងទទួលបានឱកាសថ្មីៗបន្តបន្ទាប់ទៀតពីអ្នកដឹកនាំសម្តែង។ តារាវ័យក្មេងរូបនេះចាត់ទុកថាជាឱកាស និងការលេចមុខមាត់មិននឹកស្មានដល់ បើទោះបីជាខ្លួនទើបនឹងប្រឡូកសិល្បៈក្នុងរយៈពេលខ្លី។ កុមារារូបនេះបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩ខាងមុខខ្លួនចង់បន្ថែមការងារថ្មីក្រៅពីការសម្តែង គឺការងារជាពិធីករដែលខ្លួនឯងស្រលាញ់ចូលចិត្តជាយូរមកហើយ។ ការស្រលាញ់ជំរុញឲ្យខ្លួនឯងធ្វើការសិក្សាតាមរៀបច្បង បូករួមទាំងការហ្វឹកហាត់បន្ថែម ដែលអាចឲ្យខ្លួនឯងមានទំនុកចិត្តច្រើនថាអាចទៅរួច។
ឈុនលី បន្តថាកន្លងមកខ្លួនធ្លាប់ធ្វើការងារជាពិធីករខ្លះៗដែរ ហើយក៏ចង់ពង្រឹងឲ្យកាន់តែប្រសើរសម្រាប់ឆ្នាំក្រោយ ហើយអ្វីដែលទាមទារដើម្បីឲ្យការងារថ្មីនេះទទួលបានលទ្ធផលគឺការខិតខំប្រឹងប្រែងស្វែងយល់ និងពិនិត្យការងារ ប្រធានបទឲ្យបានច្បាស់មុនពេលឡើងនិយាយជាសាធារណៈ ខណៈខ្លួនធ្លាប់ធ្វើជាពិធីករលក់ផលិតផលមួយចំនួនតាមបណ្តាញសង្គមផងដែរ។ ដើមឆ្នាំថ្មីតារារូបនេះក៏ទទួលបានការងារជាពិធីករមួយកម្មវិធីហើយដែរ ហើយខ្លួនស្វាគមន៍សម្រាប់ការផ្តល់ឱកាសបន្តបន្ទាប់ទៀតសម្រាប់អ្នកផលិតកម្មវិធីផងដែរ៕ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print