ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា រៀបចំសន្និបាតគណៈកម្មាធិការកណ្តាល រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ។ សន្និបាតនេះ ធ្វើឡើងចាប់ផ្តើមនៅម៉ោង៨ព្រឹកថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា កិច្ចប្រជុំនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង១ពាន់នាក់។
លោកបានបន្តថា សន្និបាតធ្វើឡើងជាទៀងទាត់ ដើម្បីបូកសរុបលទ្ធផលការងារនយោបាយកន្លងមក ព្រមទាំងកំណត់ទិសដៅនយោបាយ សម្រាប់ពេលខាងមុខ ក្នុងនោះក៏នឹងមានការពិភាក្សាត្រួតពិនិត្យ ការងារបច្ចុប្បន្នរបស់គណបក្ស តើមានអ្វីខ្លះដែលសម្រេចបានជោគជ័យ អ្វីខ្លះដែលនៅសេសសល់ អ្វីខ្លះជាបញ្ហាប្រឈម និងអ្វីដែលត្រូវកែលម្អ ដើម្បីធ្វើយ៉ាងណាដឹកនាំកម្ពុជា ឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕ ចេស្តា