ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋជាអាជីវករផ្សារថ្មី ស្ថិតក្នុងស្រុកអន្លង់វែង៥០នាក់បានប្រមូលផ្តុំគ្នានៅខាងមុខផ្សារភ្ជាប់ជាមួយបដាដែលមានខ្លឹមសារថា សូមឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជួយរកយុត្តិធម៌ ពាក់ពន្ធ័រឿងទំនាស់ដីធ្លីជូនពួកគាត់ផង ។
សកម្មភាពនៃការតវ៉ារបស់អាជីវករធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ។ នៅគ្រាតវ៉ាសុំអន្តរាគមន៍នោះ គេឃើញមានក្រុមអាជីវករផ្សារថ្មី ស្រុកអន្លង់វែង៥០នាក់ ក្នុងនោះស្រី៣៧នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខផ្សារ តវ៉ានិងកាន់បដាមានខ្លឹមសារសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ ពាក់ពន្ធ័រឿងទំនាស់ដីធ្លីដែលពួកគាត់បានទិញពី លោក សេង ស៊ន់ ប្រធានផ្សារថ្មីអន្លង់វែង កាលពីអំឡុងខែមេសា ឆ្នាំ២០០៨ ហើយរហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានដីការបស់សាលាដំបូងខេត្ត បង្គាប់ឲ្យមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តឧត្តរមានជ័យ ឲ្យផ្ទេរសិទ្ធកាន់កាប់ដីទាំងនោះឲ្យទៅឈ្មោះ អោម រុន វិញ។
ក្រោយមកអាជ្ញាធរ ស្រុក ឃុំ បានចុះទៅធ្វើការសម្របសម្រួល និងណែនាំឲ្យពួកគាត់រំសាយសិន ដើម្បីទុកពេលឲ្យអាជ្ញាធរដោះស្រាយ ហើយពួកគាត់បានយល់ព្រមរំសាយទៅវិញ នៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃ ខែ ឆ្នាំដដែល ៕ ប៉ែន នួន