រថយន្ដកុងតឺន័របត់ឆ្លងផ្លូវត្រូវរថយន្ដឡិចស៊ីសបុកបណ្ដាលឲ្យរថយន្ដទាំង២គ្រឿងឆេះយ៉ាងសន្ធោសន្ធៅនៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាលៈ រថយន្ដកុងតឺន័រមួយគ្រឿងបើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន បណ្ដាលឲ្យរថយន្ដឡិចស៊ីសមួយគ្រឿងទៀតបើកដោយល្បឿនលឿនបុកពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដទាំង២គ្រឿងឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យអ្នកបើកបររថយន្ដទាំង២គ្រឿងទទួលរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២០និង២០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា រថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ (រថយន្ដកុងតឺន័រសណ្ដោងរ៉ឺម៉ក) ធុនធំ ពណ៌ក្រហម របស់ក្រុមហ៊ុនSP បើកបរដោយឈ្មោះ ម៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ។ ចំណែកភាគីរថយន្ដមួយគ្រឿងទៀតម៉ាកឡិចស៊ី RX៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-6350 បើកបរដោយឈ្មោះ ស៊ឹម វុទ្ធី ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះទ្រមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាចខេត្តកំពត ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ (រថយន្ដបង្ក) បានឈប់ក្បែរចិញ្ចើមផ្លូវ លុះមកដល់វេលាម៉ោងកើតហេតុរថយន្ដខាងលើនេះបានបើកបត់ឆ្លងផ្លូវដោយធ្វេសប្រហែស ពុំប្រយ័ត្ននោះទេ ខណៈក៏ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាកឡិចស៊ីស RX300បើកដោយល្បឿនលឿន ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់ បានបុករថយន្ដហ៊ីយ៉ាន់ដាយ ពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដទាំង២គ្រឿងឆេះយ៉ាងសន្ធោសន្ធៅ លើកណ្ដាលទ្រូងផ្លូវ តែសំណាងល្អពុំមានភាគីណាមួយរងរបួសធ្ងន់និងស្លាប់បាត់បង់ជីវិតនោះទេ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចចរាចរណ៍ស្រុកអង្គស្នួល បានយករថយន្ដពន្លត់អគ្គីភ័យមក​ជួយ​អន្ដរាគមន៍ពន្លត់ និងធ្វើការវាស់វែង រួចកសាងឯកសារដកហូតយករថយន្ដទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print