ភ្នំពេញ៖ ស្ពានចំនួន២ គឺស្ពានបឹងតាម៉ាត ឆ្លងកាត់ប្រឡាយភូមិមល និងស្ពានឆ្លងកាត់ប្រឡាយហា ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌ ដង្កោដែល បច្ចុប្បន្ន មានសភាពតូចចង្អៀត ទ្រុឌ ទ្រោម និងពុំអាចធ្វើចរាចររថយន្ត ធន់ធំបាននោះ ទើបសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានចាប់ ផ្តើមបើកការដ្ឋានស្ថាបនាជាផ្លូវការឡើងវិញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណៈការ ក្រុង បានបញ្ជាក់ថា៖ ស្ពានឆ្លងប្រឡាយហាបច្ចុប្បន្ន ជាស្ពានដែកតូច មានទទឹងត្រឹមតែ៥ម៉ែត្រ ដែលត្រូវស្ថាបនាឡើងវិញ ដោយធ្វើការ ពង្រីក ទទឹង១៣ម៉ែត្រកន្លះបណ្តោយប្រវែង២៤ម៉ែត្រ និងស្ពានឆ្លងកាត់ប្រឡាយ ហាបច្ចុប្បន្នមានទទឹង៨ម៉ែត្រ ក៏ត្រូវពង្រីកទទឹងចំនួន១៣ម៉ែត្រកន្លះ បណ្តោយ ប្រវែង១៥ម៉ែត្រ ។ ស្ពានទាំង២នេះមានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយ ចរាចរពីផ្លូវលេខ៣៧១មកតំបន់ចំការដូង ក៏ដូចជាចរាចរឆ្ពោះទៅទីក្រុងតាមខ្មៅ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ សាលារាជធានីភ្នំពេញ បានគិត គូក្នុងការដោះស្រាយបញ្ហាចរាចរ និងសម្រួលដល់ការធ្វើ ដំណើរទៅមករបស់ប្រជាពលរដ្ឋទូទៅ ដោយការស្ថាបនាផ្លូវសំខាន់ៗជាច្រើន ខ្សែ និងស្ពានឆ្ងងកាត់តំបន់ ក៏ដូចជាស្ពានអាកាសផងដែរ ។ លោកបន្ដថា៖ សមិទ្ធិផលទាំងនេះ គឺវាមិនមែនកើតឡើងពីការស្រមោល ស្រមៃដែលធ្វើ អោយតែ បាននោះទេ ប៉ុន្តែវាគឺជាសមិទ្ធិផលនិងសកម្មភាពមួយដ៏ ច្បាស់លាស់ និងអនុវត្តដ៏ម៉ត់ចត់ទៅតាមផែនការមេរបស់សាលារាជធានីភ្នំពេញលើទំហំផ្ទៃដីសរុប៨៧៦គីឡូម៉ែត្រការ៉េដែលអនុម័តដោយទីស្តីការគណះរដ្ឋមន្ត្រីនាពេលខាងមុខ។ ឆ្លៀតក្នុងឪកាសនោះ លោកក៏បានឆ្លើយបំភ្លឺទៅនឹងពាក្យរិះគន់ខ្លះៗ របស់មជ្ឈដ្ឋានទូទៅ ដែលផ្តោតសំខាន់ទៅលើការស្ថាបនាផ្លូវថ្នល់របស់ក្រុមហ៊ុន ពុំមានគុណភាព ទើបធ្វើអោយផ្លូវក្នុងរាជធានីភ្នំពេញឆាប់ខូច ប៉ុន្តែ លោកចាត់ទុកថា ការរិះគន់នេះត្រឹមត្រូវតែមួយផ្នែកតូចតែប៉ុណ្ណោះ អ្វីដែលសំខាន់នោះ គឺការដឹកជញ្ជូនរបស់រថយន្តធន់ធំលើសចំណុះ ឧទាហរណ៍ ផ្លូវដែលអាចទ្រទ្រង់ ចំណុះតែ២៥តោន បែរជារថយន្តដឹករហូត៥០តោន និងមានឡានខ្លះទៀតដឹក រហូតដល់១០៤តោនឯណោះ ។ ដូចនេះផ្លូវទាំងនោះ ពិតជាមិនអាចទ្រាំទ្រជា មួយនឹងស្ថានភាពនេះបានទេ។
ជាមួយនឹងការបើកការដ្ឋាននេះដែរ លោកក៏បានអំពាវនាវដល់ប្រជា ពលរដ្ឋទាំងអស់បញ្ឈប់ការរំលោភបំពានបឹងប្រឡាយដែលជាសម្បត្តិសាធារណះ ជាពិសេសប្រឡាយដែលអមបណ្តោយផ្លូវ៣៧១នេះ ដែលបច្ចុប្បន្នត្រូវបានក្រុមខិលខូចមួយចំនួនរំលោភស្ទើរទាំងស្រុងទៅហើយ ។ ប៉ុន្តែនៅចំពោះ ទិសដៅនាពេលខាងមុខ លោកបានណែនាំអោយមន្ត្រីជំនាញពាក់ព័ន្ធ ប្រមូលផ្តុំគ្នាដើម្បីសិក្សាអោយបានច្បាស់លាស់ពីការរំលោភបំពាននិងកំណត់ ទុកទំហំប្រឡាយអោយបានច្បាស់លាស់ ងាយស្រួលស្ថាបនាផ្លូវអមសងខាង ប្រឡាយនេះដើម្បីបង្កលក្ខណះងាយស្រួលដល់គ្រឿងចក្រចុះស្តាប្រឡាយអោយបានទៀងទាត់បញ្ជៀសការកកស្ទះប្រព័ន្ធបង្ហូរទឹកស្អុយនិងដើម្បីសណ្តាប់ រៀបរយ សោភ័ណភាពរាជធានីភ្នំពេញផងដែរ ៕
ដោយ៖ សំរិត