ភ្នំពេញ ៖ លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគាររាជធានីភ្នំពេញ(PJ) ត្រូវបានផ្ទេរភារកិច្ច (ដក) មកជាអនុប្រធាននាយកដ្ឋានបណ្តុៈបណ្តាលវិជ្ជាជីវៈ និងមុខរបរ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។ ការសម្រេចផ្លាស់ប្តូរមេគុករាជធានីភ្នំពេញ ធ្វើឡើងនៅពេលដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញប្រកាសផ្ទេរភារកិច្ចមន្ត្រីពន្ធនាគារ២រូប ១-ឲ្យកាន់មុខតំណែងជាអនុប្រធាននាយកដ្ឋាន និង២-ជាប្រធានពន្ធនាគារ ។
ដូចការទស្សន៍ទាយ និងការគ្រោងទុកគឺលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈីម ធីតា ពីប្រធានពន្ធនាគារខេត្តស្ទឹងត្រែង មកជាប្រធានពន្ធនាគាររាជធានីភ្នំពេញ(PJ)។ រីឯប្រធានពន្ធនាគារខេត្តស្ទឹងត្រែងត្រូវបានដាក់ជំនួសដោយលោកវរអគ្គានុរក្សថ្នាក់លេខ១ ឈុន ដារ៉ា។
តាមការអង្កេត ចំពោះការផ្ទេរមុខតំណែងនេះដែរ គឺបានធ្វើឡើងបន្ទាប់ពីលោក ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ បានធ្វើលិខិតមួយច្បាប់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៨ ដើម្បីស្នើសុំទៅកាន់សម្តេចក្រឡាហោម ស ខេង ពិនិត្យ និង សម្រេចផ្ទេរភារកិច្ចលោកពេជ្រ យ៉ុន ពីប្រធានពន្ធនាគាររាជធានីភ្នំពេញ ឲ្យទៅបម្រើការការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ វិញ ដោយសំអាងថា លោកពេជ្រ យ៉ុន ប្រធានពន្ធនាគាររាជធានីភ្នំពេញ មិនបានយកចិត្តទុកដាក់បំពេញតួនាទី និង ភារកិច្ចរបស់ខ្លួនឲ្យសមស្របជាប្រធានអង្គភាពនៅឡើយ។
ជាងនេះទៅទៀត ការគ្រប់គ្រងអ្នកទោសក្នុងពន្ធនាគារ មិនបានត្រឹមត្រូវតាមនីតិវិធី និងមិនយកចិត្តទុកដាក់ចូលរួមកិច្ចប្រជុំនានាតាមការអញ្ជើញរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និង បែកបាក់សាមគ្គីភាពផ្ទៃក្នុង ពិសេសនោះគឺលោក ពេជ្រ យ៉ុន មិនបានយកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យសមស្របជាប្រធានអង្គភាពនិងគ្រប់គ្រងអ្នកទោសក្នុងពន្ធនាគារមិនបានត្រឹមត្រូវតាមនីតិវិធីច្បាប់នោះឡើយ ៕ ជាយក្រុង