ខេត្តកណ្តាល៖ ក្រុមគ្រួសារបានសម្រេចចិត្តចាប់ខ្លួនសមាជិករបស់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកពញាឮកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីបានដឹងថាសមាជិកគ្រួសាររបស់ខ្លួនធ្វើសកម្មភាពឆបោកយកម៉ូតូមិត្តភ័ក្រមួយគ្រឿងទៅដាក់បញ្ចាំនៅរាធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះចាន់ វុទ្ធីហៅចំរិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅក្នុងភូមិកំពង់អុសឃុំកំពង់អុស ស្រុកពញាឮខេត្តកណ្ដាលត្រូវបានក្រុមគ្រួសារចាប់ខ្លួនបាននៅក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវរាជធានីភ្នំពេញ កាលពីវេលាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ។ ចំណែកឯជនរងគ្រោះឈ្មោះមាន សិទ្ធ ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅក្នុងភូមិកំពង់អុសឃុំកំពង់អុស ស្រុកពញាឮជាមិត្តភ័ក្រជនសង្ស័យនិងជាម្ចាស់ម៉ូតូម៉ាកYAMAHA SZ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1CO-3222 មានលេខតួ1PG 001 200-លេខម៉ាស៊ីនME11PG 066E2001178 ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថានៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យបានធ្វើសកម្មភាពខ្ចីម៉ូតូជនរងគ្រោះដែលត្រូវជាមិត្តភ័ក្រនឹងគ្នាជិះ ដោយប្រាប់ថាទៅបត់ជើងធំនៅផ្ទះរបស់ឈ្មោះសៅយុំ ។ ពេលនោះជនរងគ្រោះក៏បានយល់ព្រមប្រគល់ម៉ូតូឲ្យហើយជនសង្ស័យក៏បានបញ្ឆេះម៉ូតូជិះចេញពីផ្ទះរបស់ឈ្មោះហ៊ុចចំរើននៅភូមិកំពង់អុសឃុំកំពង់អុសបាត់ទៅ។ បន្ទាប់ពីជិះម៉ូតូទៅបាត់ជាច្រើនម៉ោងមិនឃើញជនសង្ស័យជិះត្រឡប់ទៅវិញហើយទាក់ទងមិនបានទៀតនោះ ជនរងគ្រោះជាម្ចាស់ម៉ូតូបានសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលនិងបានទៅប្រាប់ក្រុមគ្រួសារជនសង្ស័យឲ្យជួយតាមរក ។
លុះមកដល់ថ្ងៃទី៣ ខែឆ្នាំដដែលវេលាប្រមាណ១០ព្រឹកក្រុមគ្រួសារបានតាមរកជនសង្ស័យឃើញនៅម្តុំខណ្ឌឬស្សីកែវ រាជធានីភ្នំពេញក៏ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ូលិសតែម្តង ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆបោកយកម៉ូតូមិត្តភ័ក្រទៅដាក់បញ្ចាំប្រាកដមែន ៕
ដោយ៖ ស្អាងជ័យ