បើកម៉ូតូមិនប្រកាន់ស្ដាំជ្រុលទៅបុកជាមួយរថយន្ដច្រាស់ទិសគ្នាបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ ម៉ូតូមួយគ្រឿងបើកមិនប្រកាន់ស្ដាំ បានបុកជាមួយរថយន្ដមួយគ្រឿងបើកក្នុងទិសដៅច្រាស់គ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូស្លាប់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង២២និង០៥នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល  ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ គង់ មិនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CM-2063 រីជនរងគ្រោះម្នាក់ទៀតជាអ្នករួមដំណើរឈ្មោះ ស្នា ភេទប្រុស អាយុ២៧ឆ្នាំ (របួសធ្ងន់) ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ  ។ ចំណែករថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនគ្រោះខាងលើបើកបរម៉ូតូដោយឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីត្បូងទៅជើង រីឯរថយន្ដបើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន ។ លុះបើកមកដល់ចំណុចកើតហេតុម៉ូតូជនរងគ្រោះខាងលើបានរេចង្កូតមកឆ្វេង បុកជាមួយរថយន្ដម៉ាកហ៊ីយ៉ាន់ដាយពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរទទួលរងរបួសធ្ងន់ ដោយឡែកអ្នកបើកបររថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញចរាចរណ៍បានចុះអន្ដរាគមន៍ និងហៅរថយន្ដ សាមុយដឹកជនរងគ្រោះរងរបួសធ្ងន់បញ្ជូទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូបើកដោយមិនប្រកាន់ស្ដាំ ចំណែកឯរថយន្តបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print