ភ្នំពេញ ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីអតីតតារាចម្រៀង និងជាឧកញ៉ាវ័យក្មេងឡេងណាវ៉ត្រាប្រកាសសង់ផ្ទះសំណាក់មានតំលៃសមរម្យបំផុតដោយផ្ទះសំណាក់របស់លោក តម្លៃ១០ទៅ២៥ដុល្លារក្នុង១យប់លើទឹកដីក្រុងព្រះសីហនុ។ ផ្ទះសំណាងនេះនិងមាននៅក្នុងបុរីឡេងណាវ៉ាត្រាក្នុងពេលឆាប់ៗនេះបើផ្អែកតាមការលើកឡើងលើfacebook ផេកផ្លូវការរបស់ឧកញ៉ាវ័យក្មេងប្រកាសនៅព្រឹកនេះ។
អ្នកធ្វើដំណើរកម្សាន្តនៅលើទឹកដីនៃខេត្តព្រះសីហនុ និងអស់ក្តីបារម្ភខណៈដែលកន្លងមកមានការព្រួយបារម្ភថាខ្វះទីស្នាក់អាស្រ័យនោះ ព្រោះតែអតីតអ្នកចម្រៀង លោក ឡេង ណាវ៉ាត្រា បានប្រកាស និងសន្យាសាងសង់ផ្ទះសំណាក់មួយដែលមានតម្លៃសមរម្យសម្រាប់អ្នកស្នាក់នៅទីនោះ។
ការប្រកាសនេះធ្វើឡើងភ្លាមៗបន្ទាប់ពីឧកញ៉ាវ័យក្មេងដែលកំពុងតែមានប្រជាប្រិយរូបនេះបានសម្ពោធគម្រោងវិនិយោគរបស់ខ្លួនលើផ្ទៃដី១៥០ហិតាដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងភូមិទូលទទឹង២ឃុំទូលទទឹងស្រុកព្រៃនប់ខេត្តព្រះសីហនុចម្ងាយប្រហែល២០គីឡូម៉ែត្រពីក្រុមកំពង់សោមកាលពីចុងសប្ដាហ៍កន្លងទៅជាមួយនឹងដៃគូជំនួញម្នាក់ទៀត។
ឧកញ៉ាឡេងណាវ៉ាត្រាបានសរសេរលើផេកលោកថា”ពេលដែលអញ្ជើញទៅលេងកំពង់សោមតើ ពុកម៉ែបងប្អូនចង់គេងនៅផ្ទះសំណាក់ក្នុងតម្លៃត្រឹម១០ទៅ២៥ដុល្លារក្នុងមួយយប់ដែរឬទេ? បុរីឡេងណាវ៉ាត្រាមានបំណងសង់ផ្ទះសំណាក់ក្នុងតម្លៃខាងលើនៅលើទឹកដីក្រុងព្រះសីហនុដើម្បីជួយសម្រួលឲ្យពុកម៉ែបងប្អូនដែលចង់គេងនៅផ្ទះសំណាក់ក្នុងតម្លៃនេះពេលអញ្ជើញទៅលេងសមុទ្រម្ដងៗនោះ។
រូបខ្ញុំរួមជាមួយដៃគូររបស់ខ្ញុំនឹងលើកយកគម្រោងនេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តដើម្បីរកទីតាំងណាមួយសមរម្យដើម្បីសាងសង់គម្រោងនេះឡើងឬក៏សង់នៅក្នុងបុរីរបស់ខ្ញុំដែលបាននឹងកំពុងដំណើរការលក់នេះតែម្ដង។បើពុកម៉ែបងប្អូនគាំទ្រនូវគម្រោងនេះសូមមេត្តា ជួយផ្ដល់នូវមតិយោបល់ផង ! សូមអរគុណ។”
គម្រោងសាងសង់ផ្ទះសំណាក់ធូរថ្លៃនេះបានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងស្របពេលទីក្រុងព្រះសីហនុកំពុងតែមានអ្នកវិនិយោគចិនជាច្រើនសម្រុកចូលមករកស៊ីជាច្រើននៅទីនោះហើយធ្វើឲ្យតម្លៃដីនិងផ្ទះសំណាក់នៅទីនោះឡើងតម្លៃថ្លៃនិងធ្វើឲ្យប្រជាជនដែលមានចំណូលតិចមិនហ៊ានទៅលេង។គ្រាន់តែ បង្ហោះភ្លាមធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនបានShare និងComment ទ្រាំទ្រជាខ្លាំង។
ប្រសិនបើគម្រោងខាងលើធ្វើឡើងដូចការលើកឡើងពិតមែននេះនិងធ្វើឲ្យប្រជាជនដែលមានបំណងទៅលេងក្រុងកំពង់សោមហើយចង់បានផ្ទះសំណាក់ធូរថ្លៃពិតជាងាយស្រួលខ្លាំងខណៈទីតាំងនោះបុរីរបស់លោកនៅមិនឆ្ងាយប៉ុន្មានពីក្រុងកំពង់សោមឡើយ។
មហាជនសង្ឃឹមថាចំនួនអ្នកទេសចរណ៍ជាតិនិងមានការកើនឡើងវិញប្រសិនបើមានផ្ទះសំណាក់មានតម្លៃ១០ ទៅ២០ដុល្លារក្នុង១យប់កាន់តែច្រើននោះ៕ ដោយ វឌ្ឍនា