ភ្នំពេញ៖ ករណី លោក ហេង ណារិទ្ធ ក្រាញ់ននៀល មិនព្រមចូលនិវត្តន៍ មិនត្រឹមមន្ត្រីមិនពេញចិត្តប៉ុណ្ណោះទេ គាត់ក៏បន្តបែកធ្លាយនូវរឿងអាស្រូវ ការពារក្រុមហ៊ុនកូន ហើយកៀបក្រុមហ៊ុនអ្នកដទៃ ឈានដល់ត្រូវបាន លាតត្រដាងជាសាធារណៈពីក្រុមហ៊ុនឯកជនមួយៗទំហឹង បើកកកាយដោយគ្មានលាក់លៀមពីទង្វើ លោក ហេង ណារិទ្ធ ជាមួយនិងសារឈឺចាប់បំផុត ហើយមន្ត្រីរំពឹងថា៖ ករណីនេះអាចជាកម្មវត្ថុ ដែលត្រូវលោកអគ្គបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ កម្ពុជា នឹងមានវិធានការតាមនីតិវិធី ស្របតាមលក្ខ័ន្តិកៈបុគ្គលិកមន្ត្រីិរាជការ។
មន្ត្រីជាច្រើនបានលើកឡើងថា៖ លោក ហេង ណារិទ្ធ អនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋាន ពន្ធដារកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនត្រឹមតែប្រឈមមុខនឹងការ រិះគន់ មិនពេញចិត្ត ចំពោះបុគ្គលិក មន្ត្រីរាជការ ថ្នាក់ដឹកនាំមួយចំនួនប៉ុណ្ណោះទេ ក្នុងករណីគាត់ឆ្ងាញ់តំណែង រហូតដល់ក្រាញ់ននៀលមិនព្រមចូលនិវត្តន៍រយៈពេលជាងមួយឆ្នាំ ទាំងគ្មានភាពអៀនខ្មាស់មកនេះ គឺសន្សល់ទុកនូវគំរូមិនល្អក្នងស្ថាប័នជំនាញ ពោរពេញដោយបញ្ញាវ័ន្ត និងការខិតខំពីលោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ កម្ពុជា ប្រឹងកំណែទម្រង់រដ្ឋបាល។
មន្ត្រីបានបញ្ជាក់យ៉ាងលម្អិតថា លោកហេង ណារិទ្ធ អនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ ត្រូវបានចូលនិវត្តន៍ តាំងពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ មកម្ល៉េះ ប៉ុន្តែ មិនដឹងជាគាត់ត្រូវពឹងអាស្រ័យ ចំណយថវិកា អន្តរាគមន៍ដោយវិធីណាទេ ស្រាប់តែ នៅមានវត្តមានក្នុងតំណែងជាអនុប្រធាននេះដដែល ។
មន្ត្រីបានរំលឹកថា៖ ការមិនចូលនិវត្តន៍ ក្នុងនាមជាមន្ត្រីរដ្ឋបាលមុខងារសាធារណៈ និងផ្ទុយពីលក្ខន្តិកៈ មន្ត្រីរាជការ មានន័យថា ៖ បុគ្គលរូបនេះ កំពុងតែ មិនបានគោរពនូវច្បាប់ការងារ ក៏ដូចជាមានចេតនាទុច្ចរិត មិនបានគោរពច្បាប់ ក្នុងប្រទេសនៃ ប្រទេសគ្រប់គ្រងដោយច្បាប់ ។
ក្នុងនោះអាចបង្កើតឲ្យមានបញ្ហាសតិអារម្មណ៍ដោយមន្ត្រីជាច្រើន ដែលពួក គាត់ យល់ឃើញថា អ្នកមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងអ្នកមានអតីតភាពការងារយូរឆ្នាំ រួមទាំងនិស្សិត បញ្ញវ័ន្តជាច្រើននាក់ទៀត ប្រកបដោយធនធានមនុស្ស នៅក្នុងអគ្គនាយកដ្ឋាន ពន្ធដារកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏ច្រើននាក់ ចុះហេតុអ្វី អគ្គនាយកដ្ឋានចាំបាច់ត្រូវការបុគ្គលម្នាក់នេះ ទាំង មិនសមស្របទៅនឹងលក្ខន្តិកៈ បុគ្គលិកមន្ត្រីរាជការ ដែលខ្លួនត្រូវចូលនិវត្តន៍តាំងពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ប៉ុន្តែមានឱកាស ក្រាញននៀល អង្គុយ កៅអីជាអនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំមកទល់បច្ចុប្បន្ន ជាមួយនឹងការរិះគន់ ករណីមិនពេញចិត្តពីបុគ្គលិក មន្ត្រីរាជការ ថ្នាក់ដឹកនាំមួយចំនួន ក្នុងនោះ លោកហេង ណារិទ្ធ ក៏បានបន្សល់ទុកនូវ ទង្វើមិនគប្បី សម្តីគ្មានដង កង្វះខាតផ្នែកសីលធម៌ ក្នុងនាមជាថ្នាក់ដឹកនាំទៅលើមន្ត្រីរបស់ខ្លួន និង ប្រកបដោយភាពរើសអើងក្រអឺតក្រទម ផ្ទុយពី អ្វីដែលលោកប្រតិភូ ទទួលបន្ទុកអគ្គនាយក អគ្គនាយកដ្ឋានកម្ពុជា ដឹកនាំ ប្រកបដោយស្មារតីទទួលខុសត្រូវ កំណែទម្រង់រដ្ឋបាល និងជំរុញឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ សហការ សាមគ្គីផ្ទៃក្នុង បំពេញតួនាទីភារកិច្ច តាមជំនាញរៀងៗខ្លួន ដើម្បីសក្តានុពលការងារ ប្រកបដោយគុណភាពជូនអង្គភាព ។
ដោយឡែក លោកហេង ណារិទ្ធ អនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ ដែលមិនព្រមចូលនិវត្តន៍នេះ ក៏ត្រូវបានគេលើកឡើងដោយ ចំអកផងដែរថា ចូលចិត្តធ្វើតាមទម្លាប់ ខ្វះជំនាញបច្ចេកទេស ប៉ុន្តែ មានបទពិសោធន៍ វប្បធម៌ដ៏អាក្រក់ គាបសង្កត់ក្រុមហ៊ុន ផ្ទុយពីគោលការណ៍របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ទាំងពុំដឹងខ្លួនឯងថា បាននិងកំពុង ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់លើ ក៏ដូចជាអង្គភាពទាំងមូល ។
ជាក់ស្តែងថ្មីៗនេះ លោក ហេង ណារិទ្ធ មិនត្រឹមតែ ត្រូវបាន គេទម្លាយជាមួយនឹងការផ្សព្វផ្សាយលើគេហទំព័រ កាសែត ក្នុងស្រុកដ៏ច្រើនលើសលប់ប៉ុណ្ណោះទេ ជុំវិញភាពមិនប្រក្រតីរបស់គាត់ ក្នុងនោះ សូម្បីតែ ប្រជាពលរដ្ឋ អាចជាម្ចាស់ក្រុមហ៊ុនមួយនៅកម្ពុជា សង្ស័យទប់កំហឹង នឹងការអាក់អន់ស្រពន់ចិត្តចំពោះបុគ្គលហេង ណារិទ្ធ គាប សង្កត់ក្នុងប្រយោជន៍ពុករលួយ បង្កផលលំបាកដល់ក្រុមហ៊ុនរបស់គាត់ ឬ ទ្រាំមិនបាននឹង វប្បធម៌ដ៏អាក្រក់នេះ ខ្លួនបាន បង្ខំចិត្តលាតត្រដាងជាសាធារណៈ លើអាខោន ហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះថា «ទ្រព្យ លាភសំណាង » រិះគន់ចំៗ ដោយមិនសំចៃមាត់ ទៅលើបុគ្គល លោកហេង ណារិទ្ធ អនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា កាលពីពេលថ្មីៗនេះយ៉ាងដូច្នេះថា «មន្ត្រីដែលស្រឡាញ់អំណាច មិនចេះ ធ្វើការ តែពូកែអែបអបម្នាក់នេះឈ្មោះ ហេង ណារិទ្ធ កាន់ការងារផ្នែកសវនកម្មពិសេស នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ (អាច និយាយបានថា ជាន់ផ្អៀង ជាមន្ត្រីជំនិតរបស់ ថ្នាក់លើ (អង្គភាព«នគរដ្រេហ្គន»សុំមិនបញ្ចេញឈ្មោះ)… មិនមាន មន្ត្រីណា ហ៊ានប៉ះនោះទេ» ។
ម្ចាស់អាខោន បន្តថា ដើម្បីតែផលប្រយោជន៍ និងការរកស៊ីរបស់កូនខ្លួន (ក្រុមហ៊ុន KNN ដែលធំជាងគេនៅស្រុកខ្មែរ) បានធ្វើការផ្អាកក្រុមហ៊ុនរបស់នាងខ្ញុំ ដែលធ្វើការរកស៊ីតូចតាច គ្រាន់ចិញ្ចឹមគ្រួសារ មានរបងជាប់គ្នានឹងកូនរបស់គាត់ ដែលមាន ក្បាលដីត្រឹម១០ម៉ែត្រ(ដីជួលគេ) ប៉ុណ្ណោះ អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ (១៦ វិច្ឆិកា ២០១៧) ។ បើគិតមកដល់ថ្ងៃនេះ ដោយគ្មានដំណោះស្រាយអ្វីទាំងអស់ បើទោះ ជាខាងក្រុមហ៊ុននាងខ្ញុំបានបញ្ចូលឯកសារ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន បានប្រកាស ប្រាក់ពន្ធរួចហើយ ឲ្យគាត់ពិនិត្យ និងធ្វើលិខិតតវ៉ាចំនួន៣លើកកន្លងមក និងបានព្យាយាមចូលខ្លួនទៅដោះស្រាយរហូត តែគ្មានការឆ្លើយតបអ្វីទាំងអស់មកខាងក្រុមហ៊ុនរបស់នាងខ្ញុំវិញទេ ។
ម្ចាស់អាខោន លើកឡើងថា ចម្លើយដែលនាងខ្ញុំបានទទួលពីលោកហេង ណារិទ្ធ គឺ ឲ្យខាងក្រុមហ៊ុនរបស់នាងខ្ញុំ ទៅរកលោកធំ មកអន្តរាគមន៍ ដើម្បី ឲ្យបើកដំណើរការក្រុមហ៊ុនវិញ… បើមិនអីចឹងទេ ឲ្យក្រុមហ៊ុននាងខ្ញុំ បង់ប្រាក់តាមអ្វីដែលគាត់បានទាមទារ ។ ក្រុមហ៊ុន នាងខ្ញុំមានប្រាក់ឯណាសម្រាប់បង់នូវ ចំនួន ដែលគាត់ប្រាប់បានទៅ (បើក្រុមហ៊ុននាងខ្ញុំបានប្រកាសរួចហើយ)ហ្នឹង ។
ម្ចាស់អាខោនខាងលើ បាននិយាយទាំងភាពឈឺចុកចាប់ថា លោកហេង ណារិទ្ធ ម្នាក់នេះ ក្នុងនាមជាមន្ត្រីរាជការ តែមិនគោរពច្បាប់ ប្រើសិទ្ធិអំណាចរបស់ខ្លួនធ្វើការផ្តេសផ្តាស់ ចង់បានតែផលប្រយោជន៍របស់ខ្លួន មិនគិតពីការ ខាតបង់ប្រាក់ពន្ធនាំចូលរបស់រដ្ឋទេ ការផ្អាកក្រុមហ៊ុនរបស់នាងខ្ញុំ នេះជាការខាតបង់របស់រដ្ឋដ៏ធំ អស់រយៈពេលជាង១ឆ្នាំ ។ ដូច្នេះ បើទុកឲ្យមន្ត្រីឈ្មោះ ហេង ណារិទ្ធ នេះ ឲ្យនៅធ្វើការតទៅទៀត អគ្គនាយកដ្ឋានពន្ធដារ កម្ពុជា នឹងមានការខាតបង់ ប្រាក់ចំណូលកាន់តែច្រើន បង្ក ឲ្យអ្នកវិនិយោគលែងគោរពច្បាប់(ប្រកាសត្រឹមត្រូវ បែរជាបិទ ក្រុមហ៊ុនមិនឲ្យនាំចូល) ។
អ្នកស្រីបន្តថា ការព្យាយាមរបស់នាងខ្ញុំ ដើម្បីរកដំណោះស្រាយអស់រយៈពេលជាង១ឆ្នាំមកហើយ ពេលនេះ នាងខ្ញុំសូមការអន្តរាគមន៍តាមបណ្តាញហ្វេសប៊ុកនេះ ម្តង ក្រែងបានដឹង និងឮដល់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ដើម្បីធ្វើការជួយដោះស្រាយ ឲ្យនាងខ្ញុំ បានដំណើរការក្រុមហ៊ុនមកវិញ ព្រោះនាងខ្ញុំស្វះស្វែងរកមន្ត្រី ដែលធ្វើការនៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយអន្តរាគមន៍ បានដំណើរការក្រុមហ៊ុននេះវិញ តែមន្ត្រីទាំងអស់ ដែលខ្ញុំទៅជួប សុទ្ធតែបានឆ្លើយដូចគ្នាថា មិនហ៊ានប៉ះលោក ហេង ណារិទ្ធ ទេ ខ្លាចអត់ការងារធ្វើ ឬត្រូវគេបញ្ឈរជើង អត់អីធ្វើ ហើយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏មិនងាយជួបស្រួលៗដែរ ។
ជាចុងក្រោយ នៅក្នុងអាខោន ឈ្មោះ ទ្រព្យលាភសំណាង បាន បញ្ជាក់ថា សូមបងប្អូនមិត្តទាំងអស់គ្នា មេត្តាជួយ Like Comment និង share ដើម្បីឲ្យរឿងនេះ បានដឹង ដល់សម្តេចតេជោហ៊ុន សែន និង ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានដឹងផង ដើម្បី រក យុត្តិធម៌ ឲ្យក្រុមហ៊ុនរបស់នាងខ្ញុំបានដំណើរការឡើងវិញ ជាមួយនឹងការសំពះដ៏ទទូច ។
ពាក់ព័ន្ធនឹងករណី លោក ហេង ណារិទ្ធ អនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំនៃអគ្គនាយកពន្ធដារកម្ពុជា អង្គភាព«នគរដ្រេហ្គន »មិនអាច ទាក់ទងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែលោក ហ៊ឹម ប៊ុនធឿន ប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុ និងបុគ្គលិក បាន ប្រាប់អង្គភាព«នគរដ្រេហ្គន» យ៉ាងដូច្នេះថា ចំពោះរឿងលោក ហេង ណារិទ្ធ នោះ ខ្ញុំពុំសូវដឹងដែរ ប៉ុន្តែឮថា គាត់មានឯកសារពីក្រសួង មុខងារ សាធារណៈ ដូច្នេះ លោកអាចសួរទៅគាត់ទៅ ប្រាកដជាបានដឹងរឿងនេះ ។
លោក ហ៊ឹម ប៊ុនធឿន បន្តថា ការងារនេះ មានតែខាងក្រសួង មុខងារសាធារណៈប៉ុណ្ណោះ អាចដឹង ហើយខ្លួនគាត់ក៏អាចដឹង បើសួរគាត់ ប្រាកដជាច្បាស់ ។ ដោយឡែក លោកគង់ វិបុល ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ក៏ដូចជា លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាព «នគរដ្រេហ្គន» មិនអាច ទំនាក់ទំនងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែមន្ត្រីជាច្រើននាក់នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ទាំងលោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក ពន្ធដារកម្ពុជា ទាំងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិតជាមិនគាំទ្រចំពោះទង្វើ និងការបំពេញការងារ របស់មន្ត្រីរបៀបដូចលោក ហេង ណារិទ្ធ នេះទេ ។
ប្រសិនបើគាត់អាចជ្រាបពីបញ្ហានេះ នឹងប្រឈម ចំពោះ ការ ស្តីបន្ទោស ពិន័យរដ្ឋបាល ដកតំណែង ពិសេស ក្នុងករណី លោកហេង ណារិទ្ធ ចូលនិវត្តន៍តាំងពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ហើយខ្លួនមិនបានបំពេញកាតព្វកិច្ចស្របច្បាប់ ចំណុចនេះ កាន់តែជា កំហុសឆ្គង ដែល ប្រឈមនឹងថ្នាក់លើ ដកតួនាទី ដើម្បី ឲ្យមានតម្លាភាព ក្នុងយន្តការកំណែទម្រង់រដ្ឋបាល បញ្ចៀសនូវបញ្ហាសតិអារម្មណ៍ដល់មន្ត្រីក្នុងក្រសួងទាំងមូល ក៏ដូចជាលុបបំបាត់នូវអរិភាព វប្បធម៌ដ៏អាក្រក់ ចំពោះមន្ត្រី ខិលខូច ។
ក្នុងនោះ លោកហេង ណារិទ្ធ អនុប្រធាននាយកដ្ឋាន អ្នកជាប់ពន្ធធំ ក៏រងនូវការរិះគន់ពីមន្ត្រី ពេញៗមាត់ថា ជាបុគ្គលកន្ទេលធំបន្លំដេក ឬជាមន្ត្រីគ្រាប់ល្ពៅ ដែលសម្តេចតេជោ ហ៊ុន សែន តែងលើកឡើង ស្ពប់ខ្ពើម និងមិនចូលចិត្តមន្ត្រីប្រភេទនេះ។
មន្ត្រីបានរំលឹកថា៖ ដើម្បីបានដឹងការពិតពីការដឹកនាំនៃបុគ្គល លោក ហេង ណារិទ្ធ ជាអនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ ក្រាញននៀលមិនចូលនិវត្តន៍ ភាពមិនប្រក្រតីក្នុងអង្គភាព ប្រាកដជាទទួលបានព័ត៍មានពិស្តារដ៏លម្អិត ពីមន្ត្រី៕ ដោយ៖ សុខ ខេមរា