ទេព បូព្រឹក្ស ប្តឹងទាមទារជំងឺចិត្ត១០ម៉ឺនដុល្លារនិងសន្យាមិនប៉ះលុយនោះសូម្បីបន្តិច

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង១រសៀល ថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថៃ្ងទី២៦ ខែធ្នូ ឆ្នាំ ២០១៨ តារាចម្រៀងស្រី ទេព បូព្រឹក្ស ដែល ទទួលរងការប្រមាថដោយត្រូវបុរសម្នាក់ ជះស្រាបៀរទៅលើរូបនាងខណៈរូបនាងកំពុងតែច្រៀងនៅលើវេទិកាមួយដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ កូរ៉េ នៅក្នុងភោជនីយដ្ឋានមួយកន្លែងបានសម្រេចដាក់ពាក្យបណ្តឹងដើម្បីទាមទាររកយុត្តិធម៌ ។

នៅក្នុងកិច្ចសម្ភាសន៍ ទេព បូព្រឹក្សបានប្រាប់ទៅកាន់អ្នកសារព័ត៌មានដោយមឺុងម៉ាត់ ថា នាងខ្ញុំបានប្តឹងទៅកាន់បុរសម្នាក់ដែលបានធ្វើទង្វើដ៏អាក្រក់មកកាន់រូបខ្ញុំកាលពីយប់ថ្ងៃកើតហេតុដោយទាមទារសំណង ជំងឺចិត្ត១០ម៉ឺនដុល្លារ ។

នាងបានបន្តទៀតថា ១០ម៉ឺនដុល្លារនេះគឺជាថ្លៃជំងឺចិត្តក៏ ប៉ុន្តែថវិកាដែល បានទាំងអស់នោះ នាងនឹងយកទៅបរិច្ចាគ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផារួមទាំងសមា គមសិល្បៈដែលមានសិល្បករសិល្បការិនីចាស់ៗដែល  ជួបវិបត្តិរួមទាំងមន្ទីរចាស់ជរាទាំងអស់ ដោយសន្យាថាមិនប៉ះលុយនោះសូម្បីបន្តិច ។

មិនត្រឹមតែប៉ុណ្ណោះតារាស្រីរងគ្រោះ រូបនេះ មិនបានប្រតិកម្មទៅលើការលើកឡើងរបស់លោក ថៃ នរៈសត្យា រដ្ឋលេខា ធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនោះទេ ខណៈដែលលោកលើកឡើងថា រឿងនេះ តូចទេ បើមានសុំទោសជាសាធារណៈបាន សុំទោសទៅ ព្រមទាំងអរគុណដោយ អារម្មណ៍រំភើបទៅកាន់ក្រសួងកិច្ចការនារី ដែលមិនឱបដៃឈរមើលទៅលើទង្វើ របស់ជនបង្កធ្វើទៅលើរូបនាងផងដែរ ។

សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលទាំងយប់ថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨ក្រោយពីតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់យក ស្រាបៀរជះនិងគប់ស្រាបៀរដាក់នាង ខណៈនាងកំពុងតែច្រៀងនៅលើឆាកតន្ត្រីក្នុងហាងផឹកស៊ីយីហោ “សមុទ្រ” ស្ថិតនៅ តាមបណ្តោយផ្លូវលេខ១១៨ក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ក្រោយកើត ហេតុការណ៍បានធ្វើឲ្យតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះទ្រហោយំ Live ពេញបណ្តាញសង្គមនោះ អ្នកស្រី ចន ច័ន្ទលក្ខិណា បានប្រកាសស្វែងរក យុត្តិធម៌ដល់តារាចម្រៀងរូបនេះ ។

បុរសដែលបានគប់ស្រាបៀរទៅកាន់ កញ្ញា ទេព បូព្រឹក្ស និងរងការរិះគន់ពេញ បណ្តាញសង្គមហ្វេសប៊ុកនៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែតាមការបញ្ជាក់របស់ក្រុមចម្រៀងរបស់នាងលើកឡើងថាគឺជាកូនប្រុសរបស់ម្ចាស់ហាង ហើយបានគេចខ្លួនបាត់ក្រោយកើត ហេតុ ។

អ្វីដែលកញ្ញាមិនអស់ចិត្តនោះ គឺកញ្ញា ចង់ឲ្យអ្នកប្រព្រឹត្តចេញមុខសុំទោសកញ្ញាជាសាធារណៈតែត្រូវបានម្ចាស់ហាងកាន់ជើងនិងឲ្យកូនគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលទៅហើយ ។

តារាចម្រៀង ទេព បូព្រឹក្ស លើកឡើង ថា ខាងម្ចាស់ហាងឲ្យកញ្ញាមកច្រៀងនៅម៉ោង១០យប់ហើយកញ្ញាបានមកដល់មុននៅម៉ោង៩និង៥០នាទី គឺបន្ទាប់ពីចេញពីច្រៀងការប្រគំតន្ត្រីមួយនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ដោយសុខចិត្តជិះម៉ូតូដើម្បីមកច្រៀងឲ្យក្នុងកម្មវិធីនេះទាន់ពេល តែកញ្ញាមិននឹកស្មានថាជួបរឿងបែបនេះទាល់តែសោះ ហើយកញ្ញាហួសចិត្តជាទីបំផុតជាមួយនិងម្ចាស់ហាងដែលមិនមានការទំនួល ខុសត្រូវផងដែរ ក្នុងនាមជាម្ចាស់ហាងនៅពេលដែលមានភ្ញៀវប្រព្រឹត្តនូវអំពើដ៏មិន គប្បីបែបនេះរួមទាំងចង់ទះកំផ្លៀងក្រុមរាំ។ នាងម្នាក់គ្រាដែលសមាជិកក្រុមរាំ នាងទាមទារឲ្យបុរសដែលបង្កមកសុំ ទោសនោះ ។

ក្រោយពីមានការភ្ញាក់ផ្អើលរួចមក ក៏ឃើញមានកម្លាំងសមត្ថកិច្ចបានចេញមកជួយធ្វើអន្តរាគមន៍ក្នុងករណីនេះ។ ចំពោះ បុគ្គលសង្ស័យយើងនិងរង់ចាំមើលថា តើសមត្ថកិច្ចនឹងមានវិធានការបែបណាដើម្បីស្វែងរកមុខជនសង្ស័យដែលហ៊ានប្រព្រឹត្តនូវអំពើប្រមាថលើស្ត្រីភេទទន់ខ្សោយ ដោយទង្វើស្មោកគ្រោកនិងអសលីធម៌ យកមកទទួលទោសតាមផ្លូវច្បាប់ ។

លោក នួន ចាន់ដេវិត (G-Devith) ដែលគេស្គាល់ថាជាតារាចម្រៀងនិងជាគូស្នេហ៍តារាចម្រៀងទេព បូព្រឹក្ស បានទៅ ដល់ទីតាំងកើតហេតុនិងបានប្តឹងសមត្ថកិច្ច ឲ្យវែកមុខស្វែងរកជនដៃដល់ជាជើងខ្លាំងដែលបានប្រព្រឹត្តអំពើហិង្សានិងប្រមាថ មើលងាយកញ្ញាទេព បូព្រឹក្សឲ្យមកទទួលខុសត្រូវមុខច្បាប់ក៏ដូចជាសុំទោសរាល់ អំពើដែលខ្លួនបានប្រព្រឹត្តលើកញ្ញាទេព បូព្រឹក្សផងដែរ ព្រោះតែនៅកន្លែងកើត ហេតុសមត្ថកិច្ចកំពុងតែហៅភាគីក្រុម គ្រួសាររបស់កញ្ញាទេព បូព្រឹក្ស និងភាគី ម្ចាស់ហាងឲ្យនិយាយដោះស្រាយ ។

ក្រោយកើតហេតុភ្លាមៗនោះដែរ អ្នក នាង ចន ច័ន្ទលក្ខិណា ប្រធានសមាគម សិល្បករខ្មែរបានប្រកាសទាំងយប់ថាអ្នកស្រីនឹងរៀបចំ ឲ្យមេធាវីទំនាក់ទំនងទៅជនបង្ករួមទាំងបក្ខពួក ចំពោះហិង្សាប្រមាថ មើលងាយទៅលើកញ្ញា ទេព បូព្រឹក្ស ។ អ្នកស្រីចាត់ទុកថាជារឿងដែលភ្ញាក់ផ្អើលមិនគួរនឹងកើតមាន ហើយនាងស្លុតចិត្តជាខ្លាំងក្រោយពីអ្នកសិល្បៈរងការប្រមាថ មាក់ងាយបែបនេះ។ លើសពីនេះក៏មាន សិល្បករជាច្រើនបានចេញមុខរិះគន់ ដោយសម្តីធ្ងន់ៗទៅកាន់បុរសជើងខ្លាំង ដែលបានប្រព្រឹត្តទង្វើមិនគប្បីមួយទៅកាន់សិល្បករហើយពួកគេស្នើឲ្យមានចំណាត់ការនិងការសុំទោសមួយជាសាធារណៈ ចំពោះតារាចម្រៀង ទេព បូព្រឹក្ស ។

គួររំលឹកដែរថា ការឡើងឆាកតន្ត្រីច្រៀងរាំរបស់តារាចម្រៀងទេព បូព្រឹក្ស នេះត្រូវបានរៀបចំដោយក្រុមហ៊ុនស្រាបៀរ Hite ដើម្បីធ្វើការផ្សព្វផ្សាយគុណភាពស្រាបៀរការចាប់រង្វាន់អតិថិជននៅក្នុងហាងចំថ្ងៃ បុណ្យគ្រិស្តម៉ាស។ ក្រោយកើតហេតុគេ ក៏បានឃើញបុរសម្នាក់ដែលជាតំណាង ហាងចេញមុខរិះគន់ការរៀបចំកម្មវិធីរបស់ស្រាបៀរនេះថាមិនមានភាពច្បាស់លាស់ រហូតធ្វើឲ្យភ្ញៀវអន់ចិត្តខ្លាំង ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print