ភ្នំពេញ៖ ទីតាំងប្រើប្រាស់គ្រឿងញៀនដ៏ធំមួយនៅសង្កាត់ទឹកថ្លាត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះបង្ក្រាបក្នុងនោះឃាត់ខ្លួនមនុស្សប្រុសស្រីប្រើប្រាស់គ្រឿងញៀនបានចំនួន២៩នាក់ក្នុងនោះស្រី១នាក់យកទៅសាកសួរ ។
ក្នុងការចុះបង្ក្រាបទីតាំងខាងលើកាលពីវេលាម៉ោង១១ និង១០នាទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។
ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើដឹកនាំដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ និង លោកម៉ក់ ហុង អធិការខណ្ឌ សែនសុខដោយមានការសម្របសម្រួលពីលោក អ៊ុំ សុភក្រ្ក័ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
លោក សក់ ចន្ទ័កាញ្ញារិទ្ធ អភិបាលរងខណ្ឌបានអោយដឹងថា កន្លងមកអាជ្ញាធរខណ្ឌនិងសមត្ថកិច្ចខណ្ឌបានចុះធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញសម្បូរទៅដោយអ្នកប្រមូលផ្តុំប្រើប្រាស់ និងចែកចាយគ្រឿងញៀនជាយូរណាស់មកហើយ ដោយមានការបញ្ជាផ្ទាល់ពីលោក លី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានអោយលោកដឹកនាំកម្លាំងចុះបង្រ្កាបទើបឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន ២៩នាក់ក្នុងនោះមានស្រី១នាក់ ។
គួរបញ្ជាក់ថាទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំដែលតែងតែមកជួបជុំគ្នាដើម្បីជាជំរកសម្រាប់ប្រើប្រាស់គ្រឿងញៀនទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើកច្រើនសាយ៉ាងណាក៏ដោយក៏មិនចេះអស់ដែទើប
គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានបើកប្រតិបតិ្តការណ៍ចុះបង្រ្កាបហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ។
ក្នុងប្រតិបត្តិការណ៍ខាងលើនេះសមត្ថកិច្ចបានដកហូតសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ និងដកហូតទូហ្គេមទូហ្គេមបាញ់ត្រីចំនួន៣ផង ដាវសាំម៉ូរៃ ៤ដើម កាំបិតចំនួន២ និងថ្នាំញៀន១កញ្ចប់ រួមនិងម៉ូតូមួយចំនួនទៀត ។
បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមនឹងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនិតិវិធី ៕
...
ដោយ៖ តុង សីហា