ខេត្តមណ្ឌលគិរី ៖ របួសធ្ងន់ស្រាលចំនួន០៤នាក់ ខូចខាតរថយន្ត ០៣គ្រឿងព្រមទាំងផ្ទះ១ខ្នងបាក់រាបដល់ដីក្នុងករណីគ្រោះថ្នាក់ចរាចរណ៌នៅស្រុកកែវសីមា។
គេបានរាយការណ៍មកថា៖ មានរថយន្តចំនួន០២ គ្រឿង បានរងការខូចខាតយ៉ាងដំណំ មនុស្សចំនួន០៤នាក់រងរបួសធ្ងន់និងស្រាល ផ្ទះចំនួន ០១ខ្នងបានបាក់រាបដល់ដី នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើង នៅចំណុច km 136 ស្ថិតនៅភូមិឆ្នែងឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរីកាលពីវេលាម៉ោង ០៦ ថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០១៨។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មានរថយន្តចំនួន ០៥គ្រឿង បានធ្វើការតាមពីក្រោយ ឡានសាំយ៉ុងមួយគ្រឿងដែលមានផ្ទុកឈើប្រណិតក្នុងទិសដៅពីស្រុកកែវសីមា ឆ្ពោះទៅស្រុកស្នួលខេត្តក្រចេះ។ មកដល់ចំនុចកើតហេតុ រថយន្តពីរគ្រឿងបានប៉ះទង្គិចគ្នា បណ្ដាលឲ្យរថយន្តសាំយ៉ុងរងការក្រឡាប់ ជាច្រើនត្រលប់ ចូលទៅក្នុងផ្ទះមួយខ្នងរបស់បងប្អូនខ្មែរអ៊ីស្លាម បង្កឲ្យមនុស្សនៅក្នុងផ្ទះម្នាក់ រងរបួសធ្ងន់ ចំណែកមនុស្សនៅលើរថយន្តសាំយ៉ុង ចំនួន ៣នាក់ បានរងរបួសធ្ងន់ស្រាលកំពុងស្ថិតនៅក្នុងការជួយសង្គ្រោះ ដោយឡែក ម្ចាស់រថយន្តប្រភេទឆ្លាម ពុំស្គាល់អត្តសញ្ញាណ មិនបានស្ថិតនៅកន្លែងកើតហេតុនេះនោះទេ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានបញ្ជាក់ថា រថយន្តដែលរត់តាមពីក្រោយរថយន្តសាំយ៉ុង គឺជារថយន្តរបស់សមត្ថកិច្ចស្រុកកែវសីមា ចំណែករថយន្តសាំយ៉ុងដែលមានផ្ទុកឈើនោះ ត្រូវបានគេបង្ហើបថា មានម្ចាស់ឈ្មោះរដ្ឋ ជាតៃកុងឡាន និងជាកូនប្រុស របស់លោកមាស សុភាព មេបញ្ជាការវរៈការពារព្រំដែនលេខ២០៤ខេត្តក្រចេះ។
ក្រោយកើតហេតុ សមត្ថកិច្ចស្រុកកែវសីមា បានចុះដល់គោលដៅ និងបានបញ្ជូនជនរងគ្រោះទាំង៤នាក់ ទៅធ្វើការសង្គ្រោះ នៅមណ្ឌលសុខភាព ស្រុកកែវសីមា ហើយខ្លះទៀតត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯប្រទេសវៀតណាម៕