សុគន្ធ ថេរ៉ាយុ តារាចម្រៀងតំណាងកម្ពុជាច្រៀងអបអរចូលឆ្នាំសាកលនៅ ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ ពិតជារំភើបរីករាយ និងមោទនភាព ដែលតារាចម្រៀងពីកម្ពុជា គឺលោក សុគន្ធ ថេរ៉ាយុ បានក្លាយជាតារាចម្រៀង ដែលត្រូវបានជ្រើសរើសតំណាងឲ្យសិល្បករនៅកម្ពុជាចេញទៅច្រៀងរាំបង្ហាញសមត្ថភាពលើឆាកតន្ត្រីអន្តរជាតិដ៏ធំសម្បើមមួយនៅទីក្រុងគ័ងស៊ីប្រទេសចិន ។

តារាចម្រៀងប្រចាំផលិតកម្ម ថោន លោក សុគន្ធ ថេរ៉ាយុ បានចេញដំណើរពីកម្ពុជាចាប់តាំងពីថ្ងៃទី២៦ខែធ្នូនេះមកម្ល៉េះ ប្រយោជន៍ចូលរួមព្រឹត្តិការណ៍សិល្បៈវប្បធម៌អន្តរជាតិដ៏ធំមួយ ដែលរៀបចំដោយទូរទស្សន៍ China Guangxi Television ។

ថ្លែងពីប្រទេសចិន តាមសារអេឡិចត្រូនិចតារាចម្រៀងរូបនេះបានបញ្ជាក់ថា លោកពិតជាសប្បាយរីករាយ ដែលទទួលបានឱកាសចេញទៅបង្ហាញសមត្ថភាពលើឆាកតន្ត្រីដ៏ធំ ជាមួយសិល្បករមកពីបណ្តាប្រទេសជាច្រើនពិសេសបណ្តាប្រទេសក្នុងតំបន់អាស៊ាន ។

លោកថាព្រឹត្តិការណ៍នេះគឺជាការបង្ហាញសិល្បៈវប្បធម៌របស់បណ្តាប្រទេសនានា ដើម្បីចូលរួមអបអរសាទរឱកាសចូលឆ្នាំសាកលខាងមុខនេះ ។

លោកថា កាលពីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទូរទស្សន៍ China Guangxi Television ធ្លាប់បានបញ្ចូលក្រុមការងារមកផ្តិតយករូបភាពទេសភាពតំបន់ទេសចរណ៍សំខាន់ៗនៅខេត្តបាត់ដំបង និងទិដ្ឋភាពនានានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយកទៅធ្វើការចាក់ផ្សាយ ដែលគ្រានោះលោកក៏ធ្លាប់បានបំពេញការងារមួយចំនួនពីក្រុមការងារខាងលើនេះផងដែរ ។

សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ សិល្បករពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក រួមទាំងម្ចាស់ផ្ទះបាន ហ្វឹកហាត់សមរួមគ្នាកាលពីរាត្រីថ្ងៃទី១៧ខែធ្នូនេះ ហើយសម្រាប់ការថតផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២៨ខែធ្នូនេះ ។

ក្នុងឱកាសនេះលោកបានត្រៀមរួចជាស្រេចទាំងបទចម្រៀងតំណាងជាតិ សម្លៀកបំពាក់ និងបទចម្រៀងច្រៀងរួមជាមួយសិល្បករបទេសផងដែរ ។ លោករំពឹងដែរថាព្រឹត្តិការណ៍នេះ នឹងចូលរួមចំណែកលើកមុខមាត់សិល្បករ និងជួយជំរុញផ្សព្វផ្សាយពីសិល្បៈវប្បធម៌កម្ពុជាទៅកាន់ពិភពលោកផងដែរ ។

លោកថាស្វាគមន៍សម្រាប់ការចូលរួមសហការជាថ្មី និងអរគុណសម្រាប់ការផ្តល់កិត្តិយសសម្រាប់រូបលោកពីសំណាក់អ្នកផលិតកម្មវិធី និងអរគុណសម្រាប់ការសម្របសម្រួលពីទូរទស្សន៍Nice Tv នៅកម្ពុជាផងដែរ ដែលបានជួយជ្រោមជ្រែង ។

តារាចម្រៀងរូបនេះនឹងធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៩ខែធ្នូនេះ ហើយលោកក៏នឹងចូលរួមកម្មវិធីប្រគំតន្ត្រីធំៗជាច្រើននៅកម្ពុជាក្នុងឱកាសចូលឆ្នាំសាកលនេះផងដែរ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print