ភ្នំពេញ៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទដើរអនាថាតាមទីសាធារណៈ នឹងគ្មានលិខិតឆ្លងដែនជាប់និងខ្លួន កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីរាជធានីភ្នំពេញ បានឲ្យដឹងថាជនបរទេសដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះ ឈ្មោះWOIEHOB AHATOINN ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិរុស្សី ។
លោកនាយការិយាល័យបន្តថា ក្រោយឃាត់ខ្លួននិងការសាកសួររួច ដឹងថាជននេះចូលមក ប្រទេសកម្ពុជានៅឆ្នាំ២០១៧ តាមអន្តរជាតិបាវិត គោលបំណងទេសចរ។ បច្ចុប្បន្នស្នាក់នៅតាមវិហាឥស្លាម និងតាមទីសាធារណៈ គ្មានការងារធ្វើ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ ស តារា