ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រកាសកាលពីថ្ងៃពុធ នេះថាក្រសួងបានចាប់ដៃគូជាមួយអង្គ ការ Grow Asia ដែលអង្គការនេះជា ផ្នែកនៃវេទិកាសេដ្ឋកិច្ចពិភពលោកដើម្បីបង្កើនផលិតភាពនិងនិរន្ដរភាពក្នុងវិស័យកសិកម្មនៅកម្ពុជា ។
អង្គការ Grow Asia ដែលជាដៃគូមួយ របស់លេខាធិការដ្ឋានអាស៊ានផងដែរ ជាអង្គការដែលដើរតួជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធផ្សេងៗនៅក្នុងវិស័យកសិកម្មពីក្រុមកសិកររហូតដល់រដ្ឋាភិបាលនិង ក្រុមហ៊ុនអន្ដរជាតិអាចធ្វើការរួមគ្នា ដើម្បីអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាពបាន ។
លោក ទី សុគន្ធ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា “ឥឡូវនេះយើង កំពុងតែបង្កើតភាពជាដៃគូដែលគេហៅថាភាពជាដៃគូរវាងវិស័យសាធារណៈ ឯកជន នឹងអ្នកផលិត ។ ចង់ភ្ជាប់កសិករ ពីវាលស្រែទៅដល់ទីផ្សារ អ៊ីងចឹងធ្វើម៉េច ឱ្យគាត់ទទួលបាននូវតម្លៃសមស្របពី ផលិតផលដែលគាត់បានផលិត” ។
យោងតាមការប្រកាសរបស់សភា ពាណិជ្ជកម្មអន្ដរជាតិនៃកម្ពុជានៅក្នុង កម្មវិធីនេះអង្គការ Grow Asia នឹង បង្កើតលេខាធិការដ្ឋានអចិន្ដ្រៃយ៍មួយនៅក្នុងប្រទេសកម្ពុជាហើយនឹងរៀបចំវេទិកាថ្នាក់តំបន់មួយនៅក្នុងរាជធានីភ្នំពេញ នៅឆ្នាំក្រោយនេះ ។
សភាពាណិជ្ជកម្មអន្ដរជាតិនៃកម្ពុជាបាននិងកំពុងដើរតួនាទីសំខាន់មួយក្នុង ការភ្ជាប់ទំនាក់ទំនងរវាងវេទិកាសេដ្ឋកិច្ចពិភពលោកនិងអង្គការ Grow Asia ជា មួយនិងរដ្ឋាភិបាលនិងវិស័យឯកជននៅកម្ពុជាសំដៅលើកកម្ពស់បរិយាកាស អាជីវកម្មនៅកម្ពុជាដើម្បីជំរុញកំណើនការវិនិយោគផ្ទាល់ពីបរទេសនិងការធ្វើអាជីវកម្មប្រកបដោយនិរន្ដរភាព ។
អង្គការ Grow Asia បានបង្កើតភាព ជាដៃគូនៅក្នុងប្រទេសវៀតណាមឥណ្ឌូ នេស៊ីមីយ៉ាន់ម៉ានិងប្រទេសហ្វីលីពីនរួចមកហើយដែលអង្គការបាននិងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធក្នុងប្រទេសទាំងនោះដើម្បីដោះស្រាយបញ្ហាផលិតភាព របស់កសិករដាំដំណាំមួយចំនួន ។
នៅក្នុងបទបង្ហាញមួយដែលធ្វើឡើង ដោយអ្នកស្រី Jenny Costello នាយក ប្រចាំប្រទេសរបស់អង្គការ Grow Asia បានឱ្យដឹងថា ជាការចាប់ផ្ដើមអង្គការ GrowAsia នឹងត្រូវចំណាយពេលវេលា ដើម្បីកំណត់អត្ដសញ្ញាណភាគីពាក់ព័ន្ធ ក្នុងវិស័យកសិកម្មនៅកម្ពុជានិងកំណត់មុខសញ្ញានូវអ្វីដែលជាបញ្ហាសំខាន់ ដែលកំពុងប៉ះពាល់ដល់ផលិតភាពរបស់កសិករជាងគេ ។
អ្នកស្រីបានបន្ថែមទៀតថាដំណាំដែលអង្គការ Grow Asia នឹងផ្ដោតជាសំខាន់ នៅក្នុងប្រទេសកម្ពុជាគឺស្រូវអង្ករបន្លែ ម្ទេសដំឡូងមីពោតនិងកៅស៊ូ ។ នេះគ្រាន់ តែជាដំណាំចម្បងៗសម្រាប់ពេលបច្ចុប្បន្ននេះប៉ុណ្ណោះហើយនៅពេលអនាគតអង្គ ការ Grow Asia អាចនឹងចូលរួមលើក កម្ពស់វិស័យជលផលនិងចិញ្ចឹមសត្វ ដែលជាវិស័យឯកទេសបន្ថែមទៀតរបស់អង្គការផងដែរ ៕
ដោយ៖ សហការី