ភ្នំពេញ៖ ភាពយន្តខ្នាតធំរបស់ផលិតកម្មចក្រវាឡពេជ្រភាពយន្តបានប្រកាសចាក់បញ្ចាំងជាផ្លូវការហើយកាលពីរាត្រីថ្ងៃទី០២ខែមករានេះក្រោយពីចំណាយការផលិតជាយូរ។ តារាសម្តែងសំខាន់កញ្ញា ញឹម ចាន់ថន បានលើកឡើងថាទម្រាំស្នាដៃនេះបញ្ចប់ការផលិតគឺតារាជាច្រើនត្រូវប្រឈមនឹងគ្រោះថ្នាក់នឹងឈុតឆាកមួយចំនួន។
ទាំងផលិតករ និងសិល្បករដែលបានចូលរួមផលិត និងសម្តែងភាពយន្តនេះបានបង្ហាញមោទនភាព ជាមួយនឹងក្តីរំពឹងខ្ពស់ថាភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលចាប់ផ្តើមចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តទំនើបទាំងអស់នៅកម្ពុជាចាប់ពីថ្ងៃទី០៣ខែមករានេះតទៅ។ រំពឹងខ្ពស់ក្រោយពីភាពយន្តនេះចូលរួមសម្តែងដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនបូករួមទាំងការសម្រិតសម្រាំងពិសេសសម្រាប់ទស្សនិកជន។
លោក ម៉េង ប៊ុនឡូជាអ្នកនិពន្ធ និងដឹកនាំភាពយន្តនេះបានបញ្ជាក់ថារឿង”ចិញ្ចៀន”បានផលិតអស់រយៈពេលជិត២ឆ្នាំទើបបញ្ចប់ជាស្ថាពរ។ លោកថាភាពយន្តនេះត្រូវបានយកចិត្តទុក្ខដាក់ខ្ពស់ទាំងរូបភាពសាច់រឿង បច្ចេកទេសសំឡេង និងការជ្រើសរើសតួសម្តែង។ លោកថារឿងនេះបានបង្ហាញទេសភាពធម្មជាតិព្រៃភ្នំស្រស់ត្រកាល និងតំបន់មួយចំនួនដែលពិបាកនឹងទៅដល់ និងត្រូវឆ្លងកាត់ឧបសគ្គជាច្រើន។
កញ្ញា ញឹម ចាន់ថន ដែលជាតួអង្គខ្មោចស្រីក្នុងភាពយន្តនេះបានបញ្ជាក់ថាតារាសម្តែងទាំងអស់ពិតជាមានការលំបាកច្រើនព្រោះតែភាគច្រើនមានឈុតឆាកនៅក្នុងព្រៃភ្នំ តំបន់ទឹកជ្រោះ។ នាងថាផលិតករ ក្រុមការងារ និងសិល្បករត្រូវចំណាយពេលជាច្រើនយប់ច្រើនថ្ងៃដើម្បីថតភាពយន្តនេះហើយក៏ប្រឈមនឹងគ្រោះថ្នាក់ជាច្រើនផងដែរ។
នាងថានៅតំបន់ភ្នំ ទឹកជ្រោះពិតជាលំបាកនឹងនាំយកឧបករណ៍ផលិតចូលទៅដល់ហើយសិល្បករត្រូវសម្រាន្តនៅផ្ទះអ្នកស្រុកតំបន់នោះ។ អ្វីដែលកាន់តែពិបាកគឺមានឈុតឆាកហោះដែលត្រូវពាក់ខ្សែរ៉ត ហើយក៏មានក្រុមការងារម្នាក់ដែលសម្តែងតួជំនួសនាងត្រូវបោកផ្ទប់ត្រូវក្បាលនឹងផ្ទាំងថ្មដែរ ។
នាងបញ្ជាក់ថាមានឧបសគ្គជាច្រើនដែលក្រុមការងារ និងសិល្បករប្រឹងប្រែងជម្នះព្រោះតែចង់បានទិដ្ឋភាពរូបភាព និងសាច់រឿងដែលល្អសម្រាប់ទស្សនិកជន ដូចនេះនឹងរំពឹងថាទស្សនិកជន នឹងពេញចិត្តនិងគាំទ្រចំពោះភាពយន្តមួយនេះដើម្បីជាកម្លាំងចិត្តសម្រាប់ផលិតករ សិល្បករបន្តផលិតភាពយន្តក្រោយទៀត។
គួរបញ្ជាក់ផងដែរថាភាពយន្តរឿង “ចិញ្ចៀន” ត្រូវបានចូលរួមសម្តែងដោយកញ្ញា ញឹម ចាន់ថន លោក ម៉េង ប៊ុនឡូ លោក នូ សុភេន កញ្ញា ដួង ម៉ានិច អ្នកនាង ទូច ស្រីលក្ខណ៍ លោក លឹម រដ្ឋា និងតារាសម្តែងជាច្រើនរូបទៀត៕ ដោយ វឌ្ឍនា