ភ្នំពេញ ៖ នគរបាលបានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនសុខាមង្គលម្នាក់ បន្ទាប់ពីម្ចាស់ដើមបណ្តឹងជាប្រធានក្រុម ហ៊ុនដាក់ពាក្យប្តឹង ពីបទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ សរុបចំនួន២០,១៨០ដុល្លារ ។ ការឃាត់ខ្លួនបុគ្គ លិករូបនេះធ្វើឡើងនៅក្នុងក្រុមហ៊ុនដ្រាហ្គនស៊ីធី ផ្ទះសង់ថ្មី ផ្លូវលេខ១០១៩ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នគរបាលឲ្យដឹងថា យោងតាមភាគីបណ្តឹងឈ្មោះ ឡុង គឹមស្រ៊ី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ជាប្រធាន ក្រុមហ៊ុនដ្រាហ្គនស៊ីធី ស្នាក់ផ្ទះលេខ២៣៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ក្រោយការឃាត់ខ្លួននាំទៅសាកសួរ ជនសង្ស័យឈ្មោះ ខាត់ គន្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនសុខាមង្គល ស្នាក់នៅផ្ទះលេខ២៤០ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមម្ចាស់បណ្តឹងឲ្យដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៨ និង៣០ នាទី ជនសង្ស័យខាងលើបានដឹកយកបេតុងចាក់ឲ្យគេ ប៉ុន្តែមិនបានយកប្រាក់មកទូទាត់ឲ្យក្រុមហ៊ុនទេ ។ ម្ចាស់បណ្តឹងដែលជាប្រធានក្រុមហ៊ុនបានទូរសព្ទ័ហៅបុគ្គលិករូបនេះមក ដើម្បីទូទាត់សាច់ប្រាក់ដែលនៅសល់ និងឲ្យធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន ដោយសន្យាសងប្រាក់ជាដំណាក់កាល ។ ក្រោយមកទៀត មិនបានគោរពតាមកិច្ចសន្យាថែមទាំងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួន៣លើកឲ្យទៅប្រធានក្រុមហ៊ុន (ម្ចាស់បណ្តឹង) ចំនួន២០,១៨០ដុល្លារ ។ ក្នុងពាក្យបណ្តឹងបន្តថា លុះដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ប្រធានក្រុមហ៊ុន (ម្ចាស់បណ្តឹង) បានមកដាក់ពាក្យបណ្តឹងសុំប្តឹងបុគ្គលិករូបនេះ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរកយុត្តិធម៌តាមផ្លូវច្បាប់ ។
នគរបាលឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹង ផ្នែកជំនាញបានធ្វើការកោះហៅបុគ្គលិករូបនេះ ឲ្យចូលមកធ្វើការ ដោះស្រាយគ្នា (ភាគីទាំងពីរ) ។ នគរបាលថា ការដោះស្រាយគឺមិនត្រូវគ្នា អូសបន្លាយរហូតម៉ោង១៥ និង១០នាទីថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចក៏ឃាត់ខ្លួនបុគ្គលិកនេះតែម្តង ។
បច្ចុប្បន្ន បុគ្គលិករូបនេះកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្ត តាមនិតិវិធីច្បាប់បន្តទៀត ៕ តុងសីហា