ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅ ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ បានដឹកនាំក្រុម ជំនាញការចុះត្រួតពិនិត្យការដ្ឋានសាងសង់ទីលានបាល់ទាត់របស់សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ។
ទីតាំងទីលានបាល់ទាត់គឺស្ថិតនៅចំណុចខាងក្រោយបរិវេណវិទ្យាល័យខ្លាកូនថ្មី ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
នៅក្នុងឱកាសនាំមន្ត្រីជំនាញការចុះពិនិត្យទីលាន សាងសង់បាល់ទាត់ខាងលេីនេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានចាត់ចែងជួសជុលអាគារ ០១ខ្នង ០៥បន្ទប់ សម្រាប់ កីឡាករស្នាក់នៅ (ជួសជុលដំបូល លាបថ្នាំនិងក្រាលឥដ្ឋការ៉ូ)និងសិក្សាគម្រោងសាងសង់បន្ទប់ទឹកថ្មីសម្រាប់កីឡាករប្រើប្រាសផងដែរ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បញ្ជាក់ថា ការ សាងសង់ទីលានបាល់ទាត់នេះគឺជាគោល ការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតម្រូវឲ្យមានគ្រប់ទូទាំង២៥រាជធានី-ខេត្ត ដែលជាសាលាតម្រង់ទិសសម្រាប់កីឡាករបាល់ទាត់ U-១៥ និង U-១៧ ធ្វើការហ្វឹកហាត់ដើម្បីឈានទៅចូលរួមប្រកួតក្នុងកម្មវិធីស៊ីហ្គេម នាឆ្នាំ ២០២៣ ដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាស៊ីហ្គេមនាពេលខាងមុខនេះ។
សូមបញ្ជាក់ថា ការផ្តួចផ្តើមសាងសង់និងរៀបចំ បង្កើតឡើងដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕ ដោយ៖ស សម