ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ ខណៈដែលចុះពីលើរថយន្ត១គ្រឿងហើយបានដើរចូលសណ្ឋាគារ ក៏ស្រាប់តែត្រូវជនសង្ស័យម្នាក់មកធ្វើសកម្មភាពឆក់យកកាបូបអស់លុយ៥.០០០ដុល្លារ និងទូរស័ព្ទ Iphone6មួយគ្រឿងទៀត រួចគេចខ្លួនដោយសុវត្ថិភាព ។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅទល់មុខនឹងសណ្ឋាគារ The Litz hotel & suites តាមបណ្តោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងហេតុបានឱ្យដឹងថា គេឃើញស្ត្រីជាជនជាតិចិន បានចុះពីលើរថយន្ត១គ្រឿងហើយដើរសំដៅមកចូលសណ្ឋាគារThe Litz hotel & suites នឹងមានស្ពាយកាបូបនៅជាប់និងខ្លួនផងដែល ។ ភ្លាមៗនោះ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមc125 ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកអែបក្បែរស្ត្រីរងគ្រោះខាងលើ ហើយក៏ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះបានសម្រេច ហើយក៏ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌ៧មករា ក៏ចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងធ្វើការសាកសួរស្ត្រីរងគ្រោះភ្លាមៗ ។ ទោះយ៉ាងណា ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាបូបដែលត្រូវចោរឆក់ទៅបាត់នោះមានលុយ៥.០០០ដុល្លារឯណោះ ហើយនិងទូរស័ព្ទ Iphone6មួយគ្រឿងទៀតដែលមានភ្ជាប់ប្រពន្ធ័GPS អាចដឹងថា ជនសង្ស័យគេចខ្លួនដល់កន្លែងណាបានដែល ។ បន្ទាប់មកសមត្ថកិច្ចក៏បានតាមស្រាវជ្រាវ តាមចាប់ជនសង្ស័យតាមប្រពន្ធ័GPSតែអស់ពេញ១យប់ហើយនៅតែមិនឃើញទេ ៕
ដោយ៖ ស រស្មី