ព្រឹកថ្ងៃចន្ទដេីម​សប្ដាហ៍​នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣កាត់តាមភ្នំពេញ និងខេត្តកណ្តាល(ផ្លូវជាតិ៤-ផ្លូវជាតិ១)

ចែករំលែក៖

ខេត្តកណ្តាល​ ៖​ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា និងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង៥២.៩៨៣គីឡូម៉ែត្រ(ជាង៥២គីឡូម៉ែត្រ)ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលត្រូវចំណាយថវិកាសាងសង់ប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញជាង ១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។ ទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន សម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ មានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។

ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ លើសពីនេះទៀតការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិនិងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍថែមទៀតផង។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៨:០០ព្រឹកពីកន្លែងបើកការដ្ឋាន តាមបណ្តោយផ្លូវជាតិលេខ២ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print