ទីបំផុត ព្រះកាយច័ន្ទ សម្រេចបំណងសម្តែងជាតួអ្នករបាំបុរាណក្នុងរឿង “ពិសស្នេហ៍”

ចែករំលែក៖

ភ្នំពេញ​៖ តារាសម្តែងស្រីលេចធ្លោរកញ្ញា ព្រះកាយច័ន្ទ ទទួលបានតំណែងជាតួងកស្រីក្នុងភាពយន្តភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥គឺរឿង “ពិសស្នេហ៍”។ តារាស្រីរូបនេះបញ្ជាក់ថា នាងបានចំណាយពេលហ្វឹកហាត់របាំបុរាណមិនតិចជាង១០ឆ្នាំទេ ហើយពេលនេះនាងបានសម្រេចបំណងយកទេពកោសល្យនេះមកបង្ហាញក្នុងភាពយន្តខាងលើ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីរឿងភាគថ្មី “ពិសស្នេហ៍” ដែលត្រូវបានធ្វើឡើងដោយស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ៥ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

កញ្ញា ព្រះកាយ ច័ន្ទ បានថ្លែងឲ្យដឹងថា រឿងភាគនេះ នាងនឹងដើរតួជានារីរបាំប្រចាំព្រះរាជវាំង ហើយលោក សូ ឆានីជាតួឯកប្រុស វិញសម្តែងជាតួអង្គមេទ័ព ការពារព្រះរាជា ។ នាងបញ្ជាក់ថារឿងនេះនាងត្រូវមេទ័ពដាក់បណ្តាសាខ្លាចខ្មោចយាមទ្រព្យសម្បត្តិរបស់ស្តេចមិនឲ្យសត្រូវឈ្លានពានទឹកដីរកឃើញកន្លែងលាក់ឡើយ។ រហូតដល់តួប្រុសចាប់ជាតិជាថ្មី ក៏ត្រូវតួរកឃើញតាមបន្លាច និង ធ្វើបាប ខណៈនាងស្រលាញ់តួប្រុសជាខ្លាំង។ រឿងនេះ នាងដឹងថាពិបាក ព្រោះនាងតម្រូវតុបតែងបុរាណ និង រាំរបាំជាច្រើនឈុត ប៉ុន្តែនាងនឹងធ្វើព្យាយាមសម្តែងឲ្យបានល្អ។ អ្វីដែលកាន់តែធ្វើឲ្យនាងសប្បាយចិត្តក្នុងការសម្តែងភាពយន្តនេះខ្លាំងនោះគឺការសម្តែងជាតួអង្គនារីរបាំបុរាណ ព្រោះរបាំបុរាណគឺជារបាំដែលនាងស្រលាញ់ និងធ្លាប់បានឆ្លងកាត់ការហាត់រៀននៅសាលាវិចិត្តសិល្បៈអស់រយៈពេល១០ឆ្នាំមកហើយ ហើយនាងជឿជាក់ថានឹងអាចសម្តែងបានល្អទៅតាមទម្រង់ពិសេសក្បាច់ ចង្វាក់រាំរបាំបុរាណនោះ។ តារាស្រីរូបនេះបញ្ជាក់ថានេះគឺជាលើកទីពីរហើយដែលនាងសម្តែងរួមជាមួយតួឯកប្រុស លោក សូ ឆានី ដែលកន្លងមកនាងធ្លាប់សម្តែងរួមជាមួយតារាប្រុសរូបនេះក្នុងរឿង”ទណ្ឌកម្មស្នេហ៍”។ នាងថាជាឱកាសថ្មីដែលនាងអាចសហការកាន់តែល្អ និងយល់អំពីការសម្តែងជាមួយគ្នាបានកាន់តែស៊ីសង្វាក់។

ចំណែកតួប្រុសលោក សូ ឆានី បានបញ្ជាក់ថា រឿងលោកពិតជាសប្បាយចិត្តដែលបានជួបគ្នាក្នុងរឿងបែបនេះជាមួយដៃគូរបស់លោក ខណៈរឿងនេះមានសាច់រឿងល្អខ្លាំងណាស់។ ព្រោះរឿងនេះលោកក៏ដើរជាមេទ័ពដែលលះបង់ខ្លួនដើម្បីទឹកដីមិនខ្លាចគ្រោះថ្នាក់ មានភាពប៉ិនប្រសព្វក្នុងការប្រើប្រាស់ដាវ និងជាស្វាមីរបស់កញ្ញា ព្រះកាយ ច័ន្ធ នៅក្នុងសម័យបុរាណ ដែលបានកាត់ក្បាលប្រពន្ធខ្លួន។ ក្នុងសម័យបុរាណលោកត្រូវស្លាប់ពេលប្រយុទ្ធជាមួយសត្រូវហើយក៏កើតមកជាអ្នកបុរាណវិទូក្នុងសម័យបច្ចុប្បន្ន ហើយតែងតែចេះយល់សុបិន្តឃើញឃ្លាំងផ្ទុកទ្រព្យសម្បត្តិ និង ព្រះកាយ ច័ន្ទ ក្នុងឈុតនារីរបាំ។

គួរបញ្ជាក់ដែរថា រឿង “ពិសស្នេហ៍” ក្រៅពីតួឯកទាំងពីររូបនោះហើយមាន តារាល្បីៗដូចជា កញ្ញា ទឹម រដ្ឋា, លោក សន ពិសិដ្ឋ, លោក ជា សំណាង, លោក ហេង ដារី, អ្នកនាង ញឹម ច័ន្ទថន, លោក បូរី ចិត្ត និង លោក ផេង សុខដែន រួមទាំងអ្នកសិល្បៈជាច្រើននាក់ផ្សេងផងដែរ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print