ភ្នំពេញ៖ បុរសអ្នកលក់ផ្កាម្នាក់បានប្រើអំពើហិង្សាក្នុងគ្រួសារ វាយប្រពន្ធ គំរាមដុតសម្លាប់ និងចាក់ប្រេងបាតម៉ូតូចូលក្នុងមាត់ និងលើខ្លួនប្រាណលើជនរងគ្រោះ បណ្តាលឲ្យសន្លប់ ត្រូវក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីទំនាស់ក្នុងរឿងលុយកាក់។ ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗដើម្បីចាត់ការតាមនីតិវិធីផងដែរ ។
អំពើហិង្សានេះបានកើតឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
របាយការណ៍របស់នគរបាលបានសរសេរថា ជនរងគ្រោះឈ្មោះ ថនបូលីន ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ផ្កា ស្នាក់នៅផ្ទះគ្មានលេខ ភូមិភូមិព្រែក ថ្មី១ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ រីឯជនសង្ស័យឈ្មោះកែវ ពន្លក ភេទប្រុស អាយុ 36ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ផ្កា ស្នាក់នៅផ្ទះកើតហេតុ ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានមកពីលក់ផ្កាវិញ ក៏ឈ្លោះគ្នាជាមួយ ជនរងគ្រោះ ពីរឿងលុយកាក់ ពេលនោះជនសង្ស័យបានវាយប្រព័ន្ធមួយដៃ ហើយជនរងគ្រោះក៏ទៅផ្ទះម្តាយបាត់ទៅ ។ បន្ទាប់មក ជនរងគ្រោះត្រឡប់មកវិញ ជនសង្ស័យ ខឹងក៏រករឿងវាយដំជនរងគ្រោះជាច្រើនដៃ និងបានយកសាំងមកចាក់ គំរាមដុត ជនរងគ្រោះថែមទៀត រួចជនសង្ស័យក៏ដើរចេញទៅខាងក្រៅបាត់ ។ បន្ទាប់មក ជនសង្ស័យក៏ត្រឡប់មកផ្ទះវិញ រករឿងប្រពន្ធទៀត និងវាយប្រពន្ធមួយដៃ រួចយកប្រេងបាតម៉ូតូ ទៅចាក់ចូលមាត់ជនរងគ្រោះ តែជនរងគ្រោះ បិទមាត់ជាប់ ពេលនោះជនសង្ស័យក៏យកប្រេងបាតនោះចាក់លើ ខ្លួនប្រាណជនរងគ្រោះធ្វើអោយជនរងគ្រោះវិលមុខសន្លប់បាត់ស្មារតី ត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ។
បន្ទាប់ពីមានការប្តឹងពីក្រុមគ្រួសារ ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕